កម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង៥០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈអ្នកជំងឺ៥នាក់ទៀតបានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៥នាក់ ក្នុងនោះមាន៤នាក់មិនបានចាក់វ៉ាក់សាំង និងករណីឆ្លងថ្មីមានចំនួន៥២នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៤នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៥៥នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១៩ ៥៨៨នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៥ ៩៧៩នាក់ អ្នកស្លាប់កើនដល់ចំនួន២ ៨៧២នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ៧៣៩នាក់៕












