សម្ព័ន្ធអ្នកសារព័ត៌មាននិងសង្គមស៊ីវិល ស្នើតុលាការទម្លាក់បទចោទទាំងស្រុងលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី នៅសាលាឧទ្ធណ៍ នៅថ្ងៃទី២១ មិថុនា ២០១៩។ រូបភាព៖ ហួត វុទ្ធី

អ្នកជំនាញសារព័ត៌មាន និងមន្ត្រីសង្គមស៊ី​វិល បន្តអំពាវនាវទៅតុលាការទម្លាក់ចោលបទចោទទាំងស្រុងលើអតីត​​អ្នកយកព័ត៌មាន​វិទ្យុអាស៊ីសេរី​ ២រូប ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញឡើងវិញ និងអាច​បំ​ពេ​​​ញតួនាទីរបស់ខ្លួន​​ប្រកបដោយវិជ្ជាជីវៈ និងគ្មាន​ការយាយីដោយប្រព័ន្ធច្បាប់ និងការរឹតត្បិតពីអាជ្ញាធររដ្ឋ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូប លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួនចំនួន៤ឆ្នាំមក បើគិតត្រឹមថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមិនទាន់ទទួលបានយុត្តិធម៌​នៅឡើយ បើទោះជាបច្ចុប្បន្នពួកគេនៅក្រៅឃុំក៏ដោយ​។

នាយកប្រតិបត្តិសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ​(ខេមបូចា) លោក ណុប វី មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា អតីត​អ្នកយកព័ត៌មាន​វិទ្យុអាស៊ីសេរី ​លោក អ៊ួន ឈិន ​និងលោក ​យាង សុធារិន្ទ បានរងនូវការចាប់ខ្លួន​កាលពីថ្ងៃ១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ ក្រោម​ការចោទប្រកាន់​ពីបទ «ចារកម្ម ​និងផលិត​រូបភាព​អាសអាភាស» នៅមិនទាន់​បាន​ដោះស្រាយបញ្ចប់​នៅឡើយ បើទោះជាពេលនេះ ពួកគេត្រូវបានដោះលែងឱ្យ​នៅក្រៅឃុំក៏ដោយ​។

ករណីនេះ លោកបាន​អំពាវនាវទៅតុលាការពន្លឿននីតិវិធី និងទម្លាក់បទចោទលើពួកគាត់​ ដើម្បីឱ្យពួកគាត់មានសេរីភាពទៅប្រកបវិជ្ជាជីវៈឡើងវិញ ដោយគ្មានការយាយីពីប្រព័ន្ធច្បាប់ និងការរឹតត្បិតពីអាជ្ញាធរ។

លោក ណុប វី ថ្លែង​ថា៖ «បើយើងពិនិត្យមើលរយៈពេលពីដំណើរការនីតិវិធី រឿងក្ដីប្រឆាំងនឹងពួកគាត់ [អ៊ួន ឈិន និង យាង សុធារិន្ទ] គឺមានរយៈពេលយូរពេកហើយ។ យើងស្នើឱ្យតុលាការមានការពិនិត្យ ហើយបញ្ចប់នីតិវិធីកាន់តែលឿនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើម៉េចឱ្យពួកគាត់មានសេរីភាពពេញលេញឡើងវិញ ហើយអាចប្រកបមុខរបរកិច្ចការវិជ្ជាជីវៈសារព័ត៌មានដោយមិនមានការភ័យខ្លាច ហើយអាចប្រកបវិជ្ជាជីវៈដោយសេរីវិញដែរ»។

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ស្រដៀងគ្នានេះដែរ ប៉ុន្តែលោកថា បើតុលាការមិនទម្លាក់បទចោទលើ​លោក អ៊ួន ឈិន ​និងលោក ​យាង សុធារិន្ទ ហើយបន្តអូសបន្លាយនីតិវិធីរបស់ខ្លួន​ថែម​ទៀត នឹងធ្វើឱ្យពួកគេបាត់​បង់សេរីភាពមួយផ្នែក និងពិបាករកការងារធ្វើជាដើម ដោយសារពួកគេស្ថិតនៅក្រោម​ការត្រួតពិនិត្យរបស់តុលាការនៅឡើយ។

លោកមានប្រសាសន៍ថា៖ «ប៉ះពាល់ទី១ គឺការងាររបស់ពួកគាត់​ ដោយសារពួកគាត់ត្រូវមានលក្ខខណ្ឌតឹងរ៉ឹង ដែលគាត់មិនអាចធ្វើការងារពេញលេញបាន ដោយសារតែគាត់ជាប់បណ្ដឹង។ អ៊ីចឹង​កន្លែងការងារ គេពិបាក​នឹងទទួលយកពួកគាត់។ ហើយទី២ សេរីភាពក្នុងការដើរហើររបស់គាត់ ដោយសារតែមានលក្ខខណ្ឌមិនឱ្យធ្វើដំណើរទៅក្រៅប្រទេសជាដើម។ ហើយដូចលោក យាង សុធារិន្ទ គាត់មានសាច់ញាតិឬបងប្អូននៅក​ម្ពុជាក្រោម​ ដែលត្រូវទៅលេង តែគាត់អត់អាចធ្វើដំណើរទៅបាន ប៉ះពាល់សេរីភាពរបស់គាត់»។

លោក ​យាង សុធារិន្ទ មានប្រសាសន៍ដែរ​ថា សំណុំរឿងរបស់គាត់នៅក្នុងដៃតុលាការចំនួន​៤ឆ្នាំមកហើយ បើគិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោកស្នើទៅតុលាការទម្លាក់បទចោទលើពួកគាត់​ទាំងស្រុង ពីព្រោះពួកគាត់​មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។ លោកថា ប្រសិនបើតុលាការមិនយកសំណុំរឿងពួកគាត់មកពន្លឿនកាត់សេចក្ដីទេ នឹងធ្វើឱ្យគាត់បន្តព្រួយបារម្ភពីសុវត្ថិភាពដើរហើរ និងបារម្ភខ្លាចគេយករឿងពួកគាត់ជាចំណាប់ខ្មាំងផ្សេងៗផងដែរ ។

លោកមានប្រសាសន៍ថា៖ «អារម្មណ៍យើងរស់នៅមិនសុខស្រួលប៉ុន្មានទេ នៅពេលដែលរឿងរ៉ាវរបស់យើងស្ថិតនៅក្នុងកណ្ដាប់ដៃតុលាការ ហើយមិនទាន់មានការទម្លាក់បទចោទ ខ្លាចគេយកបញ្ហារបស់ពួកខ្ញុំយកជាចំណាប់ខ្មាំងអ្វីមួយទៅ។ ហើយថ្ងៃក្រោយ មានរឿងរ៉ាវអ្វីមួយ អាចអូសយើងចូល[ពន្ធនាគារ]វិញ។ ហើយខ្ញុំមិនទាន់និយាយដល់ពីការធ្វើដំណើរទៅក្រៅប្រទេស ដែលដកហូតលិខិតឆ្លងដែនពួកខ្ញុំ សូម្បីតែខ្ញុំទៅកម្ពុជាក្រោម ​សួរសុខទុក្ខឪពុកម្ដាយខ្ញុំ​នៅកម្ពុជាក្រោម ក៏អត់អាចទៅបានដែរ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានី​​ភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃចន្ទនេះ។

យ៉ាងណា លោក សំ ចំរើន ដែលជាមេធាវីការពារក្ដីឱ្យ​លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បញ្ជាក់ថា លោកនឹងដាក់ពាក្យស្នើសុំទៅសាលាដំបូង នាពេលឆាប់ៗខាងមុខនេះ ដើម្បីស្នើសុំឱ្យបិទបញ្ចប់ការស៊ើបសួរក្នុង​សំណុំរឿងកូនក្ដីរបស់លោក ដើម្បីជំរុញឱ្យតុលាការពន្លឿនកាត់សេចក្ដីឡើងវិញលើសំណុំរឿងនេះ និងឆាប់ឱ្យកូនក្ដីទទួលបានយុត្តិធម៌។

លោកមានប្រសាសន៍ថា៖ «ក្នុ​ងរយៈពេលមួយឆ្នាំ គឺច្បាប់តម្រូវឱ្យដាក់ពាក្យស្នើសុំឱ្យបិទការស៊ើបសួរបាន។ បើគេព្រមបិទឬមិនបិទ យើងនឹងពិនិត្យមើលបន្តទៀត ឬប្ដឹងទៅសភាស៊ើបសួរបន្តទៀតចំពោះរឿងហ្នឹង អាចធ្វើឱ្យមានការកាត់ក្ដីឡើងវិញលើសំណុំរឿងហ្នឹងក្នុងពេលឆាប់ៗ ហើយការកាត់ក្ដីឡើងវិញនេះ ដើម្បីរកយុត្តិធម៌ឱ្យកូនក្ដី»។

ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់​អង្គការ-សមាគមចំនួន៤៥ស្ថាប័ន កាលពីដើមខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងថា ពួកគេ​​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះការបន្ត​ធ្លាក់ចុះ​​នូវសេរីភាពសារព័ត៌មានសេរី និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ​នៅ​កម្ពុជា​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ សេចក្ដីថ្លែងការណ៍ដដែល​បានកត់សម្គាស់​ថា ក្នុង​ឆ្នាំ​២០២០​ មាន​អ្នកកាសែត​មិនតិចជាង៧២នាក់​​​ទេដែលត្រូវ​បានយាយី​តាមផ្លូវ​តុលាការ​ ដែល​ក្នុងនោះ​មាន៤២នាក់ត្រូវបាន​​នាំខ្លួន​សាកសួរ​ឬចាប់ដាក់ពន្ធ​នាគារ។

យោងតាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ឆ្នាំ២០២០​ ដែលវាយតម្លៃ​ពីការអនុវត្ត​ជាទូទៅ​នៃសេរីភាព​សារព័ត៌មាន​តាមបណ្ដាប្រទេស​និង​តំបន់​នានា​ជុំវិញ​សកលលោក​ បានចាត់​ចំណាត់ថ្នាក់​ប្រទេសកម្ពុជា​ថាមិនល្អ ​ដោយឈរ​នៅលេខ​រៀងទី១៤៤​ ក្នុងចំណោម​ប្រទេស១៨០។​ តួលេខ​នេះបានរុញ​ឱ្យកម្ពុជា​ធ្លាក់ចុះ​១២​​ចំណាត់ថ្នាក់​ បើប្រៀបធៀប​ទៅឆ្នាំ២០១៧​ ហើយ​ប្រទេសកម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជា“ប្រទេសមិនសេរី”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ