សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​សញ្ជាតិ​កាណាដា​ម្នាក់​និង​គ្រឿងញៀន​ជាង​១៦៧​គីឡូក្រាម

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

សមត្ថកិច្ចចាប់ខ្លួនបុរស​សញ្ជាតិកាណាដាម្នាក់ ជាមួយវត្ថុតាងគ្រឿងញៀនជាង១៦៧គីឡូក្រាម ព្រមទាំងបានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជននៅតាមគោលដៅមួយចំនួន ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

ទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហោះនៅថ្ងៃនេះ ប៉ុន្តែក្រោយមកលុបចេញវិញ បានសរសេរថា​ ជនសង្ស័យមានសញ្ជាតិកាណាដារូបនោះមានឈ្មោះ ហ្វូ យុង ឈិន (FU YONG QING) ភេទប្រុស អាយុ៥២ឆ្នាំ។

ប្រភពដដែលបន្តថា ប្រតិបត្តិការនេះធ្វើឡើងរួមគ្នារវាងសមត្ថកិច្ចជំនាញ​ ជាមួយមន្ត្រីតុលាការរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធផ្សេងទៀត ដោយបានចុះស្រាវជ្រាវនិងឈានទៅបង្ក្រាបឧក្រិដ្ឋជនដែលរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ៣គោលដៅផ្សេងៗគ្នា។

ចំណុចគោលដៅដែលសមត្ថកិច្ចចុះបង្រ្កាបទាំងនោះ រួមមាន ទីមួយនៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ទី២ ចំណុចបន្ទប់លេខ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី៣ នៅបន្ទប់​ខុនដូ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង។

មន្ទីរប្រឆាំងគ្រឿងញៀនដដែលបន្តថា ជាលទ្ធផល សមត្ថកិច្ច​បានចាប់ខ្លួនបុរសជនជាតិកាណាដា និងចាប់យកវត្ថុតាងគ្រឿងញៀន៧ប្រភេទផ្សេងៗគ្នាសរុបរួម១៦៧គីឡូក្រាម រួមមាន អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ផ្កាឈូក ៨៥ ៩២២គ្រាប់ ស្មើទម្ងន់ ២៨ ៣៥៤,៥៤ក្រាម, អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ប្រផេះ ១៥៤ ៤៧៤គ្រាប់ ស្មើទម្ងន់ ៦០ ២៤៤,៩៩ក្រាម និង អ៊ិចស្តាស៊ីម្សៅ (MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ៥០ ០០២,៧២ក្រាម ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

ចំណែកឯជនសង្ស័យនិងវត្ថុតាងទាំងនោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី។

ការបង្ក្រាបបទល្មើសគ្រឿងញៀនលក្ខណៈទ្រង់ទ្រាយធំនេះបានកើតឡើងម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែតុលា។ ពេលនោះ សមត្ថកិច្ច​ស្រុកស្រែ​អំបិល​ ខេត្តកោះកុង បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង​២០០​គីឡូក្រាម និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​៦ នាក់ ​ក្នុងនោះជនជាតិ​ថៃពីរនាក់ជាមេខ្លោង ​ខណៈមនុស្ស៤នាក់ទៀតជាជនជាតិខ្មែរ​ រស់នៅខេត្តតាកែវពីរនាក់ ស្វាយរៀងម្នាក់ និងខេត្តព្រៃវែងម្នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ