ក្រុម​អ្នក​អភិរក្ស​ចាត់​ទុក បឹងព្រែកល្ពៅ ផ្ដល់​សារៈសំខាន់​សម្រាប់​សត្វស្លាប​ទឹក​រស់នៅ​និង​ពងកូន

សត្វស្លាបដែលរស់នៅតំបន់ការពារធម្មជាតិ «បឹងព្រែកល្ពៅ» ស្ថិតនៅភូមិសាស្ត្រខេត្តតាកែវ។ (ហ្វេសប៊ុក៖ Ministry of Environment)

ក្រសួងបរិស្ថាន អង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT ដែលកំពុងធ្វើការរួមគ្នាក្នុងការការពារនិងអភិរក្សតំបន់ការពារទេសភាព «បឹងព្រែកល្ពៅ» ក្នុងខេត្តតាកែវ បានចាត់ទុកតំបន់ដីសើមមួយនេះថាពិតជាមានសារៈសំខាន់​ណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីពួកគេបានរកឃើញថា សំបុកសត្វស្លាបទឹកជាច្រើនប្រភេទនៅតំបន់ការពារទេសភាព «បឹងព្រែកល្ពៅ» មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២១នេះ។

ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី​១៤ ខែវិច្ឆិកា បានឱ្យដឹងថា ​ក្នុងឆ្នាំ២០២១នេះ ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការដៃគូ បានរកឃើញសំបុកសត្វស្លាបទឹកចំនួន៦ប្រភេទត្រូវបានកត់ត្រា ដែលក្នុងនោះរួមមាន សំបុកសត្វចង្កៀលខ្យង ចំនួន២ ៩៣១សម្បុក, ក្អែកទឹកតូច ចំនួន២៨៥សំបុក, សត្វខ្វែក ១៨០សំបុក, សត្វស្មោញ ៣២សំបុក, ក្រសារប្រផេះ ៣០សំបុក និង សាធ្នង់ ២២សំបុក។

តាមរយៈទំព័រហ្វេសប៊ុកដដែលគូសបញ្ជាក់ថា៖ «បើប្រៀបធៀបនឹងឆ្នាំ២០២០កន្លងមក ក្រុមអភិរក្សបានសង្កេតឃើញថា សំបុកសត្វទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបង្ហាញថា បឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន»។

ប្រភពដដែលបានស្រង់ប្រសាសន៍​នាយកកម្មវិធីប្រចាំនៅកម្ពុជា នៃ​អង្គការជីវិតសត្វស្លាបអន្តរជាតិ (​ BirdLife in Cambodia) លោក ប៊ូ វរសក្ស ដោយ​លើកឡើងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដីសើមដ៏សំខាន់ស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គនៃប្រទេសកម្ពុជា។ លោកថា តំបន់នេះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទ ក្នុងនោះមានសត្វស្លាប់កម្រនិងជិតផុតពូជ ដូចជា ចាបព្រៃវែង ត្រដក់ធំ និងក្រៀល ជាដើម។

លោកបន្តថា៖ «បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់អភិរក្សចាប់តាំងពីឆ្នាំ២០០៧មក យើងឃើញថា ចំនួនសត្វស្លាបទឹកមួយចំនួនមានការកើនឡើង ជាពិសេសចាប់ពីឆ្នាំ២០២០ សត្វស្លាបទឹកជាច្រើនប្រភេទ ដូច ចង្កៀលខ្យង ស្មោញ ជាដើម បានកាច់សំបុកពងកូននៅតំបន់នេះកាន់តែច្រើនឡើងៗ។ នេះជាសញ្ញាដ៏ល្អដែលកើតចេញពីកិច្ចសហការ ប្រឹងប្រែង គ្រប់គ្រង និងអភិរក្សតំបន់ដីសើមនេះ ដែលដឹកនាំដោយក្រសួងបរិស្ថាន»។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ លោក នេត្រ ភក្រ្តា បានអំពាវនាវប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធចូលរួមក្នុងការអភិរក្សតំបន់បឹងព្រែកល្ពៅ​ឱ្យបានគង់វង្ស និងចាត់វិធានការច្បាប់នានាប្រឆាំងនឹងអ្នកដែលទន្ទ្រានកាន់កាប់ដីអភិរក្សខុសច្បាប់ ដើម្បីរក្សាបាននូវទីជម្រក ក៏ដូចជាកន្លែងរកចំណីនិងប្រភពទឹកសម្រាប់សត្វរស់នៅ ជាពិសេសប្រភេទសត្វស្លាបកម្រៗ។

លោកថ្លែងថា៖ «​កំណើនឡើងនូវប្រភេទសត្វស្លាបទឹកទាំងនេះ គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមអភិរក្ស ដែលបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើងនៅក្នុងការងារការពារនិងអភិរក្សជីវចម្រុះនិងធនធានធម្មជាតិ និងប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស»។

លោកបានបន្តថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសិក្សារៀបចំកំណត់តំបន់ និងបោះបង្គោលព្រំតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ក្នុងនោះក៏មាន​តំបន់ការពារព្រែកល្ពៅផងដែរ។

​​ក្រសួងបរិស្ថានបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ​ គឺជាតំបន់ដីសើមដ៏ធំមួយ​ស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងឆ្នាំ២០១៦​ មានផ្ទៃដីទំហំ៨ ៣០៥ហិកតា​ ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ។​

តំបន់ដីសើមនេះមានសារៈសំខាន់ក្នុងការទ្រទ្រង់ ផ្គត់ផ្គង់ និងជាទីជម្រករបស់សត្វស្លាប រុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃផ្សេងៗ ដែលក្នុងនោះមានសត្វនិងរុក្ខជាតិមួយចំនួនមិនទាន់បានកត់ត្រាលម្អិតនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ