តាលីបង់​ធ្វើ​ព្យុហយាត្រា​យោធា​នៅ​ទីក្រុង​កាប៊ុល​ដើម្បី​បង្ហាញ​ពី​សាច់ដុំ​របស់​ខ្លួន

ក្រុមមន្ត្រីតាលីបង់ចូលរួមក្នុងពិធីប្រកាសឡើងកាន់តំណែងមន្ត្រីជាន់ខ្ពស់នៃខេត្ត Maidan Wardak ប្រទេសអាហ្វហ្គានីស្ថាន។ (ធ្វីតទ័រ៖ Ministry of Interior Affairs- Afghanistan)

កងកម្លាំងតាលីបង់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើព្យុហយាត្រាយោធាមួយ​នៅក្នុងទីក្រុង​កាប៊ុល ដោយ​ប្រើប្រាស់រថពាសដែកផលិតនិងបន្សល់ទុកដោយអាមេរិក រួមនឹងឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ដើម្បីបង្ហាញពីការផ្លាស់ប្ដូររបស់ពួកគេពីកងកម្លាំងបះបោរទៅជាកងទ័ពផ្លូវការ​មួយ​របស់​ប្រទេស។

តាលីបង់ គឺជាក្រុមសកម្មប្រយុទ្ធបះបោរ​អស់រយៈពេលប្រមាណជា២ទសវត្សរ៍មកហើយ។ បច្ចុប្បន្ន ពួកគេបាននិងកំពុងចាប់ផ្ដើមប្រើប្រាស់អាវុធនិងបរិក្ខារយោធាដ៏ច្រើនសន្ធឹកសន្ធាប់បន្សល់​ទុកពីអតីតរដ្ឋាភិបាលគាំទ្រដោយលោកខាងលិច កាលពីពេលកន្លងទៅ ដែល​បានដួលរលំនៅក្នុងខែសីហា ដើម្បីពង្រឹងកងកម្លាំងរបស់ពួកគេឱ្យកាន់តែខ្លាំងបន្ថែមទៀត។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន លោក Enayatullah Khwarazmi ដែលបានលើកឡើងថា ការធ្វើព្យុហយាត្រាយោធានេះ ក៏ជាការផ្សារភ្ជាប់ជាមួយនឹងការបញ្ចប់ថ្នាក់ហ្វឹកហ្វឺនរបស់ទាហានថ្មីចំនួន២៥០នាក់ផងដែរ។

ព្យុហយាត្រាយោធានេះ ​ត្រូវបានគេមើល​ឃើញថា​ មានការប្រើប្រាស់រថពាសដែកប្រភេទ M117 រាប់សិបគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបើកនៅលើដងផ្លូវសំខាន់មួយក្នុងរដ្ឋធានីកាប៊ុល អមដោយឧទ្ធម្ភាគចក្រ Mi-17 របស់រុស្ស៊ីហោះពីលើ ខណៈដែលទាហានជាច្រើននាក់ត្រូវបានបំពាក់ជាមួយនឹងកាំភ្លើង M4 ផលិតដោយសហរដ្ឋអាមេរិក។

សព្វាវុធនិងបរិក្ខារយោធាភាគច្រើនដែលកងកម្លាំងតាលីបង់កំពុងប្រើប្រាស់នាពេលនេះ គឺជាជំនួយដែលផ្គត់ផ្គង់ដោយអាមេរិកកាលពីពេលកន្លងទៅដល់រដ្ឋាភិបាល​ក្រុងកាប៊ុល ក្នុងគោលបំណងដើម្បីសាងសង់កងកម្លាំងជាតិអាហ្វហ្គានីស្ថានមួយប្រយុទ្ធនឹងពួកតាលីបង់។

ទោះជាយ៉ាងណា កងកម្លាំងមួយនេះបានរលាយបាត់បង់ទៅវិញ បន្ទាប់ពីការភៀសខ្លួនចេញពីទីក្រុងកាប៊ុលរបស់អតីតប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក Ashraf Ghani ដែលបានបន្សល់ទុកនូវបរិក្ខារយោធាជាច្រើនសម្រាប់ពួកតាលីបង់ប្រើប្រាស់នាពេលបច្ចុប្បន្ន។

យោងតាមរបាយការណ៍មួយចេញកាលពីចុងឆ្នាំមុន ដោយក្រុមត្រួតពិនិត្យពិសេសសម្រាប់ការស្ថាបនាប្រទេសអាហ្វហ្គានីស្ថានឡើងវិញ ឬហៅកាត់ថា SIGAR បានឱ្យដឹងថា សហរដ្ឋអាមេរិកបានជួយគាំទ្រល់វិស័យយោធារបស់អតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន សរុបជាទឹកប្រាក់ជាង២៨ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៧ ដែលក្នុងនោះមានដូចជា ការផ្ដល់អាវុធ បរិក្ខារយោធា គ្រាប់កាំភ្លើង យន្តហោះយោធា និងប្រព័ន្ធឃ្លាំមើល ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ