អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា លើកឡើងថា គ្រួសារងាយរងគ្រោះជាច្រើនដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងគ្រោះទឹកជំនន់ បានកាត់បន្ថយរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់ ខណៈគ្រួសារខ្លះលក់ទ្រព្យសម្បត្តិនិងខ្ចីបំណុលគេកាន់តែច្រើន ដើម្បីយកមកដោះស្រាយជីវភាព។
អង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុក អំពី របាយការណ៍ថ្មីរបស់ខ្លួន ដោយសរសេរដូច្នេះថា៖ «របាយការណ៍ថ្មីៗនេះបង្ហាញថា គ្រួសារងាយរងគ្រោះជាច្រើនដែលទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងគ្រោះទឹកជំនន់ បានកាត់បន្ថយរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់ ខ្លះលក់ទ្រព្យសម្បត្តិសកម្ម និងខ្ចីបំណុលគេ ដើម្បីយកមកដោះស្រាយតម្រូវការមូលដ្ឋានរបស់ពួកគាត់»។
ការលើកឡើងនេះ ក្រោយពេល UN ប្រចាំកម្ពុជា រួមទាំងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា និងអនុរដ្ឋទូតអាល្លឺម៉ង់ កាលពីចុងសប្ដាហ៍មុន បានធ្វើទស្សនកិច្ចរួមគ្នានៅខេត្តកំពង់ធំ ដើម្បីជួបជាមួយគ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងគ្រោះទឹកជំនន់។ ការចុះជួបនោះ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះ និងប្រសិទ្ធភាពនៃជំនួយជាសាច់ប្រាក់ដែលបានផ្ដល់ដល់ពួកគាត់ក្នុងពេលវេលាដ៏លំបាកមួយនេះ។
តាមរយៈដំណើរនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានគាំទ្រដល់កម្មវិធីស្បៀងអាហារពិភពលោក ក្នុងការផ្ដល់ជំនួយសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះប្រមាណ៤០ ០០០គ្រួសារ ដើម្បីអាចដោះស្រាយជីវភាព ព្រមទាំងចិញ្ចឹមថែរក្សាសមាជិកគ្រួសាររបស់ពួកគាត់។
កសិករមួយរូបនៅខេត្តសៀមរាប អ្នកស្រី ប៊ុន កិមឡា ប្រាប់ថា តាំងពីមានវិបត្តិកូវីដ-១៩មក គាត់ជំពាក់បំណុលគេច្រើនជាងមុន ពោលគឺទាំងមីក្រូហិរញ្ញវត្ថុ និងជំពាក់អ្នកភូមិដែលរស់នៅជិតគ្នា ដែលករណីនេះបានបង្ខំឱ្យគ្រួសារគាត់សម្រេចចិត្តចាយវាយលើម្ហូបអាហារតិចជាងមុន។
អ្នកស្រីថា៖ «មុនពេលមានកូវីដ-១៩ ក្នុងមួយថ្ងៃ យើងធ្លាប់ចំណាយអស់១៥ ០០០រៀលសម្រាប់ម្ហូបមួយថ្ងៃ។ ឥលូវសព្វថ្ងៃ សង្ខេប ចាយលើម្ហូបតែ៥ ០០០រៀលទេ រកក្ដាម រកខ្យងហូបខ្លួនឯងផង។ [តាំងពី] ចាយត្បិតត្បៀតជាងមុនមក ពេលខ្លះមិនមានកម្លាំងធ្វើការ ខ្សោយ ខ្វះវីតាមីន ដេកអត់លក់ ភ័យឡើងស្រកគីឡូហើយ ខ្លាចគេទារលុយជំពាក់ អត់លុយឱ្យគេ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី នៅថ្ងៃចន្ទនេះ សុំមិនបកស្រាយ ដោយថា លោកមិនទាន់បានឃើញរបាយការណ៍របស់ UN នៅឡើយ។
យ៉ាងណា លោកថ្លែងថា រយៈពេលជិត២ឆ្នាំមកនេះ រដ្ឋាភិបាលមានកម្មវិធីច្រើនណាស់ សម្រាប់ជួយជនក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ-១៩ ក្នុងន័យជួយសម្រួលជីវភាពពួកគាត់រៀងរាល់ខែ។
លោកថា រដ្ឋាភិបាលបានផ្ទេរសាច់ប្រាក់ដល់ជនក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ ដែលមានបណ្ណសមធម៌ក្រីក្រ។
លោក តូច ចាន់នី មានប្រសាសន៍ថា៖ «កម្មវិធីនៅតែបន្តដដែល មិនទាន់ចប់ទេ នេះជាការជួយរបស់រដ្ឋាភិបាល គឺយើងជួយអ៊ីចឹង! ហើយមកដល់ម៉ោងនេះ ប្រជាពលរដ្ឋដែលទទួលផលពីកម្មវិធីនេះមានប្រហែល៣លាននាក់ ឬ៧០ម៉ឺនគ្រួសារ [ថវិកាចាយលើជនក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩]។ រដ្ឋាភិបាលយើងចំណាយលុយប្រហែលជាអស់ជិត៥០០លានដុលា្លរអាមេរិកហើយ ក្នុងមួយខែប្រហែលអស់៣០លានដុល្លារ។ បើគិតមែនទែនទៅ កម្មវិធីនេះល្អមែនទែន ហើយដែលប្រទេសមួយចំនួនគាត់អត់បានធ្វើទេ មានតែប្រទេសកម្ពុជាទេ អាចធ្វើកម្មវិធីហ្នឹងបាន»។
នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា អ្វីដែល UN លើកឡើងនេះជាទិដ្ឋភាពជាក់ស្ដែងដែលកើតឡើងលើពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅកម្ពុជា ខណៈពួកគាត់មិនអាចរកចំណូលបានក្នុងអំឡុងកូវីដ-១៩ និងគ្រោះទឹកជំនន់នោះ។
យ៉ាងណា លោកថា ជាដំណោះស្រាយ ដើម្បីឱ្យជីវភាពពលរដ្ឋមានលំនឹងនោះ ទាល់តែពួកគាត់មានមុខរបរ ហើយរដ្ឋាភិបាលគួរបង្កើតជំនាញវិជ្ជាជីវៈ មុខរបរ និងពិនិត្យលើការផ្ដល់សម្បទានដីសង្គមកិច្ចសម្រាប់បង្កបង្កើនផលដល់ពលរដ្ឋ ដើម្បីឱ្យពួកគាត់ទទួលបានចំណូលរយៈពេលវែង បើពុំនោះទេ ពួកគាត់អាចនឹងធ្វើចំណាកស្រុក ឬងាយរងគ្រោះបន្ថែមទៀត។
លោក អំ សំអាត គូសបញ្ជាក់ថា៖ «ទោះបីជារដ្ឋាភិបាលបានជួយលើផ្នែកខ្លះសម្រាប់គាំទ្រគាត់ប្រចាំខែ ក៏ប្រាក់ប្រចាំខែហ្នឹងវាអត់គ្រប់គ្រាន់សម្រាប់ពួកគាត់ទេ ព្រោះគាត់ជំពាក់បំណុលគេពីមុនមកហើយ។ ហើយឥលូវហ្នឹងគាត់លក់ទ្រព្យសម្បត្តិ ឬក៏ខ្ចីលុយគេបន្ថែមទៀត អ៊ីចឹងអាបញ្ហាជីវភាពនិងបំណុលរបស់គាត់ហ្នឹងកាន់តែកើនឡើង»។
លោកបន្ថែមថា បើរដ្ឋាភិបាលមិនមានយន្តការបង្កើតការងារ បណ្ដុះបណ្ដាលពលរដ្ឋក្រីក្រនិងងាយរងគ្រោះទាំងនោះទេ នោះជំនួយខ្លះៗដែលរដ្ឋឧបត្ថម្ភនឹងមិនអាចទប់ទល់នឹងតម្រូវការជីវភាពពលរដ្ឋបានឡើយ ហើយពលរដ្ឋដែលពុំមានចំណេះដឹង នៅតែជួបការលំបាកនិងជំពាក់បំណុលគេកាន់តែច្រើន។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ UN ប្រចាំកម្ពុជា បានចេញឯកសារព័ត៌មានទី១៥ ស្ដីអំពី «វិសមភាព សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩»។ UN ថាការរាតត្បាតជាសកលកំពុងលាតត្រដាងឱ្យឃើញពីវិសមភាព ឬភាពមិនស្មើគ្នានៅកម្ពុជា ដូចជា វិសមភាពប្រាក់ចំណូល សុខភាព និងការអប់រំ ជាដើម។
UN បន្តថា ប្រជាពលរដ្ឋមានចំណូលទាបជាច្រើនគ្រួសារកំពុងជាប់បំណុល ហើយបំណុលទាំងនោះត្រូវបានប្រើប្រាស់ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ច សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារទាំងនោះ៕