សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​មិន​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ​កម្ពុជា

វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅភាគឦសានប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ជាគម្រោង «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

សង្គមស៊ីវិលចំនួន១០ សាទរចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា​ដែលអះអាងថា «មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ» ដើម្បីជាចំណែកដោះស្រាយកាត់បន្ថយផលប៉ះពាល់​ជាអវិជ្ជមាន ​​និង​រក្សា​បាននូវ​និរន្តរភាពប្រព័ន្ធអេកូឡូស៊ីនៅ​ទន្លេមេគង្គ ព្រមទាំង​ជាការ​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

តាមរយៈសេចក្ដីថ្លែងការណ៍រួមជាភាសាអង់គ្លេសកម្រាស់ជិត២ទំព័រ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ អង្គការ Oxfam នៅកម្ពុជា, វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGOF), សមាគមអភិរក្ស​វប្បធម៌ និងបរិស្ថាន (CEPA) និងអង្គការចំនួន៧ផ្សេងទៀត បានបង្ហាញពីការសាទរ​ចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលពេលនេះ។

សេចក្ដីថ្លែងការណ៍មានន័យជាភាសាខ្មែរថា៖ «ការអះអាងជាថ្មីរបស់រដ្ឋាភិបាលចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនសាងសង់ទំនប់ណាមួយនៅលើដងទន្លេមេគង្គ គឺជាសញ្ញាល្អ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយនូវការព្រួយបារម្ភលើភាពអវិជ្ជមាននានាដែលកំពុងកើនឡើងចំពោះទន្លេមេគង្គ និងនិរន្តរភាពប្រព័ន្ធអេកូឡូស៊ីរបស់វានាពេលបច្ចុប្បន្ន»។

តែយ៉ាងណា សង្គមស៊ីវិលទាំងនោះបាន​លើកឡើងនូវក្ដីបារម្ភ​​ពាក់ព័ន្ធការសាងសង់ទំនប់វារីអគ្គិសនីនៅ​តាម​ដង​ទន្លេមេគង្គថា ដោយយោ​ងតាមការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ​២០១៧ បានបង្ហាញថា ប្រសិនបើទំនប់វារីអគ្គិសនីទាំងអស់នៅលើខ្សែមេ និងដៃទន្លេនៅ​ឯអាងទន្លេមេគង្គក្រោម កើតឡើង​តាម​គម្រោងនៅឆ្នាំ​២០៤០ នោះនឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សេដ្ឋកិច្ច និងសន្តិសុខស្បៀងក្នុងតំបន់។

សេចក្ដីថ្លែងការណ៍បន្តថា ផែនការសាង​សង់​ទំនប់​វារីអគ្គិសនី​​ទាំងនោះ​នឹងកាត់បន្ថយ​បរិមាណដីល្បាប់ដែល​ហូរទៅដល់ដីសណ្ដទន្លេមេគង្គយ៉ាងខ្លាំង ពោលគឺរហូតដល់ ៩៧% ដោយសារ​ដីប្រភេទនេះ​​ជាដីល្បាប់ជួយដល់សកម្មភាពកសិកម្ម។

លើសពីនេះ ពួកគេថា ប្រសិនបើការ​សាង​សង់កើតឡើង នឹងធ្វើឱ្យអាងស្តុកត្រីធ្លាក់ចុះរហូតដល់ ៨០% ដោយ​សារតែប្រភេទត្រីចម្រុះនឹងមិនអាចហែលទៅតំបន់ទំនាបទន្លេមេគង្គ ជាពិសេសមិនអាចហែលទៅតំបន់បឹងទន្លេសាបដើម្បីរកចំណី បង្កកំណើត (បង្កាត់ពូជ) ហើយនឹងមិនអាចរស់បាននៅក្នុងអាងស្តុកទឹកវារីអគ្គិសនីបានឡើយ។

បើតាមសង្គមស៊ីវិលទាំង១០ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបែបនេះពិតជាឆ្លើយតបទៅនឹងការប្រែប្រួលដែលមិនធ្លាប់កើតមានពីមុនមកនៃទន្លេមេគង្គនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

អ្នកសម្របសម្រួលគម្រោងអភិបាលកិច្ចទឹក វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGOF លោក ម៉ក់ ប៊ុនធឿន មានប្រសាសន៍ថា ការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ ធ្វើឱ្យមានផលប៉ះពាល់ច្រើនលើធនធានរបស់ទន្លេ និងលំហូរទឹក។

លោកបន្តថា៖ «អ្វីដែលយើងស្នើសុំឱ្យរដ្ឋាភិបាលពិនិត្យបន្ថែមទៀត គឺចង់ឃើញការប្រែក្លាយការប្តេជ្ញាចិត្តនោះ ឱ្យទៅជាកម្មវិធីគោលនយោ​បាយ​ ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយនោះ»។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ កាលពីថ្ងៃទី១០ ខែ​វិច្ឆិកា ២០២១ កន្លងទៅ បានថ្លែងក្នុង​កិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្ដាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស​ ថាកម្ពុជាប្ដេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការមិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ និងកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹម​ពាក់​កណ្ដាល​​ឆ្នាំ​២០៣០ជាដើម។

លោកថ្លែង​ថា៖ «ក្នុ្ងងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈ (១) បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង៤០០មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពលរបស់យើង។ (២) មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី។ (៣) មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។ (៤) កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្ដាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០»។

បើតាមក្រសួងបរិស្ថាន កម្ពុជាបានដាក់ជូននូវរបាយការណ៍ Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ៤២% ត្រឹមឆ្នាំ​២០៣០។ បន្ថែមពីនេះ កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍតាមបែបបរិយាប័ន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ