អតីតគណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ការអំពាវនាវនេះបានធ្វើឡើងនៅចំខួប៤ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមរយៈសេចក្ដីថ្លែងការណ៍មួយដែល វីអូឌី ទទួលបាននៅថ្ងៃនេះ អតីតគណបក្សសង្គ្រោះជាតិបានលើកឡើងថា រយៈពេល៤ឆ្នាំក្រោយការរំលាយគណបក្សសង្គ្រោះជាតិមក រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់អំណាចដោយគ្មានត្រាប្រណី ធ្វើទុក្ខបុកម្នេញ បិទសិទ្ធិសេរីភាព រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបង្ក្រាបកាន់តែខ្លាំងលើព្រះសង្ឃ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន អ្នកសារព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិលនានា ព្រមទាំងបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ជាពិសេសធ្វើឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ចំនួន២០ភាគរយ ជាដើម។
ប្រភពដដែលបន្តថា៖ «ការបំផ្លាញឆន្ទៈប្រជាពលរដ្ឋខ្មែរ និងការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជារយៈពេល៤ឆ្នាំមកនេះ ពុំបានផ្ដល់ផលចំណេញអ្វីដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរនោះទេ។ ផ្ទុយទៅវិញ ប្រទេសកម្ពុជា និងរដ្ឋាភិបាល បានប្រឈមនឹងការដាក់គំនាបនិងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ពិសេសពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជំរុញឱ្យរដ្ឋាភិបាលងាកមកស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ»។
យ៉ាងណាក៏ដោយចុះ សេចក្ដីថ្លែងការណ៍នេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ តាមរយៈការផ្ដល់សេរីភាពពេញលេញ និងទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ដោយឥតលក្ខខណ្ឌ, ផ្ដល់នីតិសម្បទាគណបក្សសង្គ្រោះជាតិឡើងវិញ, ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងរៀបចំការបោះឆ្នោតដោយទូលំទូលាយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងដោយមានការចូលរួមពីអតីតគណបក្សសង្គ្រោះជាតិផងដែរ។
នៅមិនទាន់មានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលជុំវិញសេចក្ដីថ្លែងការណ៍នេះនៅឡើយទេ។
គួរជម្រាបជូនថា សហភាពអឺរ៉ុបបានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០ភាគរយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខណៈសហរដ្ឋអាមេរិកកំពុងពិចារណាក្នុងការបន្តឬមិនបន្តការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជាវិញនៅឡើយទេ ខណៈដែលរដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ស្ដីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ឬ H.R 4686» បន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មក៕












