HRW អំពាវនាវ​ឱ្យ​កម្ពុជា​ដោះលែង​អ្នកទោស​នយោបាយ​បន្ថែម​ទៀត​មុន​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប

សាច់ញាតិ អ្នកគាំទ្រ អ្នកសារព័ត៌មាន និងសង្គមស៊ីវិលផ្សេងៗទៀត ឈររង់ចាំនៅពីមុខពន្ធនាគារព្រៃស ក្នុងថ្ងៃដែលលោក រ៉ុង ឈុន ត្រូវដោះលែងពីពន្ធនាគារ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ​និងមនសិការចំនួន៦០នាក់​ទៀត នៅមុន​ពេលដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅចុងខែវិច្ឆិកានេះ ហើយ​ថាការដោះលែងអ្នកទោសកន្លងមកគ្រាន់តែជាការចាប់ផ្ដើមមួយប៉ុណ្ណោះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បាន​កត់សម្គាល់ថា ការដោះលែងសកម្មជនសង្គម បរិស្ថាន និងអ្នកនយោបាយអតីតបក្សប្រឆាំង ចំនួន២៦នាក់ ចាប់ពីថ្ងៃទី​៥ ដល់​ថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ​ គ្រាន់តែជាការចាប់ផ្ដើមមួយប៉ុណ្ណោះ ហើយ​ក៏​មិនបានទម្លាក់ចោលការចោទ​ប្រកាន់ទាំងស្រុងនោះទេ។ ករណីនេះ អង្គការនេះ​យល់ថា នឹងធ្វើឱ្យពួកគេប្រឈមនឹងការចាប់ខ្លួនជាថ្មីនៅថ្ងៃអនាគត។

នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក លោក Brad Adams បានថ្លែងថា៖ «ការដោះលែងអ្នកទោសនយោបាយនិងសកម្មជនសង្គមចំនួន២៦នាក់កន្លងមក គឺជាដំណឹងល្អមួយ។ ក៏ប៉ុន្តែ វាមិនអាចបញ្ឈប់ឱ្យរដ្ឋាភិបាលចាប់ខ្លួនពួកគេត្រលប់មកវិញ​នៅពេលណាមួយក៏បាននោះទេ»

លោក Brad Adam បន្តថា៖ «រដ្ឋាភិបាលសហគមន៍អឺរ៉ុបដែលនឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅក្នុងទីក្រុងភ្នំពេញ នៅចុងខែវិច្ឆិកានេះ គួរតែដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោល​ការចោទប្រកាន់ដោយឥតលក្ខខណ្ឌចំពោះពួកគេ និងដោះលែងដោយឥតលក្ខខណ្ឌចំពោះអ្នកទោសនយោបាយទាំងអស់ដែលនៅសេសសល់»

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាល​សហភាពអឺរ៉ុបដាក់សម្ពាធ​លើរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងសកម្មជននយោបាយនិងសង្គមទាំងអស់ ខណៈដែល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅចុងខែវិច្ឆិកានេះ។

លោក Brad Adam បន្តថា៖ «ការដោះលែងអ្នកទោសកម្ពុជាកន្លងមក គឺជាការបង្ហាញថា រដ្ឋាភិបាលកម្ពុជាព្រួយបារម្ភពីសម្ពាធអន្តរជាតិ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ»

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ការដោះលែងសកម្មជននយោបាយ សង្គម និងបរិស្ថានកន្លងមក​នេះ មិនមែន​រឿង​ទទួល​សម្ពាធ ឬមិនសម្ពាធណាមួយនោះទេ។ លោកថា វាជាដំណើរការនីតិវិធីរបស់តុលាការ​ ដែលអនុវត្តជាទូទៅ មិន​មែន​តែ​សកម្មជន​នោះ​ទេ។

លោកថា៖ «តុលាការ​​មិន​បាន​ផ្ដោត​លើសកម្មជន ឬមិនសកម្មជននោះទេ ហើយមែនទែនសកម្មជនទាំងអស់ហ្នឹងមិនមែនដោះលែងទេ បាន​ន័យ​ថា បានប្រព្រឹត្តបទល្មើសហើយត្រូវបានផ្តន្ទាទោស គ្រាន់តែថា ការអនុវត្តទោសមានការអនុគ្រោះ ដោយផ្អែកលើគោលការណ៍ណែនាំរបស់ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញក្នុងពេលយុទ្ធនាការក្នុងការពន្លឿនការដោះស្រាយសំណុំរឿង ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ និងកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ហើយគោលការណ៍ហ្នឹង គឺក្រសួងលើកទឹកចិត្តឲ្យបន្តទៅទៀត ទោះបីជាយុទ្ធនាការនឹងចប់ក៏ដោយ ក្នុងគោលដៅដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារពន្លឿននីតិវិធីសំណុំរឿងនៅតុលាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ដោយផ្អែកលើគោលការណ៍ច្បាប់ និងនីតិវិធីច្បាប់ទាំងស្រុងដែលមានជាធរមាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ