ក្រសួងមហាផ្ទៃ​បដិសេធ​ការ​សុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូងជាតិ

លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ក្រសួងមហាផ្ទៃ បានសម្រេចបដិសេធការសុំចុះបញ្ជីរបស់​គណបក្សបេះដូងជាតិ ដោយថា គណបក្សនេះ​មាន​ចេតនាទុច្ចរិតក្នុងការបន្លំស្នាមមេដៃនិងអត្តសញ្ញាណបុគ្គល ដើម្បីបង្កើន​បរិមាណចំនួនសមាជិក។

យោងតាមលិខិតរបស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើជូន​លោក សៀម ភ្លុក តំណាង​ស្ថាបនិកគណបក្ស​បេះដូងជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាន​លើកឡើង​ថា ការសម្រេចបដិសេធការស្នើសុំចុះបញ្ជីគណបក្ស​បេះដូងជាតិនេះ ដោយសារ​តែការផ្ដិត​ស្នាម​មេដៃ​របស់​សមាជិកគណបក្ស​ដើម្បីគាំទ្រ​ក្នុងការសុំចុះបញ្ជី មានចេតនាទុច្ចរិត ដោយ​មានការ​ផ្ដិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និង​ការផ្ដិតធ្វើឱ្យ​ខូច​គុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិក។

លិខិតក្រសួងបន្តថា ប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស​នេះក៏មានខ្លឹមសារផ្ទុយ​នឹងបទ​ប្ប​ញ្ញត្តិនៃច្បាប់​ស្ដីពីគណបក្ស​នយោបាយ​ផងដែរ។

កាលពីថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃក៏បាន​ប្រកាសប្ដឹងស្ថាបនិក​គណបក្សបេះដូង​ជាតិ​​ទៅ​តុលាការ ដោ​​យ​សម្អាងថាបានរក​ឃើញស្ថាបនិកគណបក្ស​នេះក្លែ​​ងបន្លំ​ស្នាមមេ​ដៃ​​ដើម្បីបង្កើន​សមាជិក ក្នុង​ការ​បំពេញ​បែបបទ​សុំចុះបញ្ជី​គណប​ក្សនយោបាយ។ នេះបើតាម​លិខិត​មួយ​ច្បាប់ដែ​ល​​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ចុះថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០២១។

បើតាមលិខិតនោះ ស្នាមមេដៃជាង៤ ០០០​ (៤ ៧៨១ស្នាមមេដៃ) របស់គណបក្សបេះដូងជាតិ ដែល​បាន​ផ្ញើម​កក្រសួង ដើម្បីសុំចុះបញ្ជីគណបក្សនយោបាយនោះ ក្រសួង​​បានរកឃើញ​ថា មេដៃ​របស់បុគ្គល​២០នាក់ខុស​ស្នាម​មេដៃក្នុងអត្តសញ្ញាណបណ្ណ, ​​ស្នាម​មេដៃបុគ្គលិក២០​​នាក់​ទៀត ផ្តិតលើឈ្មោះបុគ្គល​​៥៤​នាក់, ស្នាម​មេដៃ​បុគ្គល​៧៤នាក់មានភាពមិនប្រក្រតីឬ​​ក្លែងស្នាម​​មេដៃ, ស្នាមមេដៃបុគ្គល២៨៧នាក់ខូចគុណភាព មិ​នអាចធ្វើកោសលវិច័យ​បាន និងស្នាម​មេដៃ​​មាន​​ភាពមិនប្រក្រតី​ធ្ងន់​ធ្ងរ​របស់បុគ្គលចំនួន៥នាក់​ផ្ដិតលើឈ្មោះបុគ្គ​ល​ចំនួន២១នាក់។

តែយ៉ាងណា ស្ថាបនិកគណបក្សបេះដូងជាតិ និងជាអតីតមន្ត្រីបក្សប្រឆាំង លោក សៀម ភ្លុក មានប្រសាសន៍កាលពី​ថ្ងៃសុក្រ​សប្ដាហ៍មុន​​​ថា លោកមា​ន​ការភ្ញាក់ផ្អើល​ជុំវិញការចោទប្រ​កាន់របស់​ក្រសួងមហាផ្ទៃនេះ។ ប៉ុន្តែលោកថា​ នឹង​ត្រៀមខ្លួន​គ្រប់​ពេលដើម្បីបំភ្លឺបញ្ហានេះតាមផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ