យោងតាមការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា អាជ្ញាធរយោធារបស់មីយ៉ាន់ម៉ាកំពុងតែបន្ថែមបទចោទថ្មីមួយចំនួនទៀតលើមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី។
គិតរហូតមកដល់ពេលបច្ចុប្បន្ន ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ រងបទចោទប្រកាន់ចំនួន១១ ដែលក្នុងនោះរួមមាន បទចោទទទួលសំណូក បទចោទរំលោភការសម្ងាត់រដ្ឋ និងបទចោទធ្ងន់ធ្ងរមួយចំនួនទៀត ខណៈដែលបទចោទទាំងអស់នេះត្រូវបានច្រានចោលដោយមេធាវីរបស់លោកស្រី។
ការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែល បានបន្ថែមថា លោកស្រី អ៊ុងសាន ស៊ូជី ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១៦នាក់ដែលត្រូវបានចោទក្នុងបទមួយចំនួនពាក់ព័ន្ធនឹងការគំរាមកំហែងដល់មន្ត្រីបោះឆ្នោតក្នុងតំបន់។
ទាក់ទិននឹងករណីនេះ យោធាមីយ៉ាន់ម៉ាបានលើកឡើងថា ខ្លួនបានសម្រចចោទបទទាំងនេះ ដោយសារតែជ័យជម្នះកាលពីពេលកន្លងទៅរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី គឺផ្អែកលើការបោះឆ្នោតដែលបានរៀបចំទុក។
ទោះជាយ៉ាងណា គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី បានច្រានចោលបទចោទទាំងនេះ និងថ្លែងថា ជ័យជម្នះដែលខ្លួនទទួលបាននៅពេលនោះ គឺដោយយុត្តិធម៌ និងត្រឹមត្រូវ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្ដើមយកអំណាចមកគ្រប់គ្រង កាលពីថ្ងៃទី១ ខែកុម្ភៈ និងបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស៕