អ្នកឃ្លាំមើល​ទទូច​ទៅ​អាជ្ញាធរ​ឱ្យ​ស្រាវជ្រាវ​រក​ជន​ដែល​លាក់​ទុក​អាវុធ​ដោយ​ខុសច្បាប់​មក​ដាក់​ទោស

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រទះឃើញអាវុធលាក់ទុកមួយចំនួន នៅចំណុចអូរព្រំដែន ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អ្នកឃ្លាំមើលបញ្ហាសង្គម ទទូចទៅអាជ្ញាធរធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកប្រភពនិងជន​ដែល​លាក់ទុកអាវុធមកដាក់ទោសតាមច្បាប់ ដោយ​ថា ការ​លាក់​អាវុធ​ដោយ​មិន​ដឹងមូលហេតុពិតបែបនេះអាច​បង្កអសន្តិសុខដល់សង្គមជាតិ។

ការស្នើនេះធ្វើឡើងបន្ទាប់ពីមេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៩ សហការជាមួយកម្លាំងខេមរភូមិន្ទ ចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីខែតុលា ឆ្នាំ២០២១ បានប្រទះឃើញអាវុធជាង៥០​ដើម ព្រមទាំងបង់និងគ្រាប់រាប់រយគ្រាប់ផ្សេងទៀត នៅចំណុចអូរព្រំដែនភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ ដោយឡែក លើកទីពីរ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១​ សមត្ថកិច្ចរកឃើញអាវុធ​ចំនួន៣៣​ដើម និងបង់គ្រាប់៤០បង់ ក្នុងចម្ការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង ជំរុញឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដោយថា ការរកឃើញ​អាវុ​ធ​លាក់​ទុក​បែប​នេះអាចបង្កអសន្តិសុខ​ដល់​​ប្រទេសកម្ពុជា បើ​សិនអាជ្ញាធរមិនអាចគ្រប់គ្រងបាននោះ។ លើសពីនេះ លោកថា ​អាវុធដែលរកឃើញនាពេលថ្មីៗ មិនមែនជាអាវុធបន្សល់ទុកក្នុងសង្គ្រាមឡើយ ប៉ុន្តែវាជាអាវុធដែលគេលាក់ទុកដោយមិនដឹងយកទៅក្រៅ​ប្រទេស ឬ​នៅក្នុងគោលដៅអ្វីផ្សេងឱ្យប្រាកដនៅឡើយ។

លោកថា​៖ «អាជ្ញាធរគួរតែធ្វើការស៊ើបអង្កេតនិងកំណត់​ឱ្យបានច្បាស់លាស់ អ្នកណាជាអ្នកយកមកលាក់ ហើយក្នុងគោលបំណងអ្វី អាហ្នឹងជារឿងមួយសំខាន់ណាស់។ យើងត្រូវតែចាត់វិធានការ​​តាមផ្លូវច្បាប់​ កុំឱ្យមានករណីហ្នឹង​កើតឡើងទៀត។ ​បើមិនអ៊ីចឹងទេ នឹងធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងមានការព្រួយបារម្ភចំពោះសន្តិសុខដែរ ព្រោះ​អាវុធហ្នឹង វានៅពាសវាលពាសកាលទាំងដែលស្ថិតនៅក្រោម​ការគ្រប់គ្រងរបស់រដ្ឋហ្នឹង​។ ចំពោះអាវុធហ្នឹង ប្រជាពលរដ្ឋធម្មតាមិនហ៊ានលក់និងលាក់ទុកច្រើនអ៊ីចឹងទេ អាចមានមន្ត្រីខិល​ខូច​លាក់ទុក»​។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការរកឃើញអាវុធលាក់ទុកជាបន្តបន្ទាប់នេះ អាចធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភនិងភ័យខ្លាច។ ករណីនេះ លោកស្នើទៅសមត្ថកិច្ចពាក់ព័ន្ធស្វែងរកប្រភពនិងជនដែលបានយកអាវុធមកដាក់ទោសទណ្ឌ ខណៈការ​រកឃើញអាវុធ​នេះមិនមែនជាលើកទី១ឡើយ។ 

លោក ស៊ឹង សែនករុណា បន្តថា ប្រសិនបើសមត្ថកិច្ចមិនអាចចាប់ខ្លួននិងស្វែងរកប្រភពដើមបាននោះ ករណីនេះអាចធ្វើឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យមិនខាន។

លោកថា៖ «បញ្ហាកើតមានឡើងនូវអាវុធដែលលាក់ទុក​បែបហ្នឹង ហើយមិនដឹង​​ថាតើជនណាជាអ្នក​ប្រព្រឹត្តអំពើទាំងអស់ហ្នឹង! ពីព្រោះអាវុធ​​បែបហ្នឹង បើស្ថិតនៅក្នុងដៃជនទុច្ចរិត​ វាអាចបង្កភាពភ័យខ្លាចនិងអសន្តិសុខសង្គមដល់ប្រជាពលរដ្ឋ​។ អ៊ីចឹងគួរតែមានការស្រាវជ្រាវឱ្យបានច្បាស់លាស់ ព្រោះការផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយមានការបង្ហាញឱ្យច្បាស់លាស់ដែរ បើសិនមានការរកឃើញជនទាំងអស់ហ្នឹងពិតជាបានប្រព្រឹត្តបទល្មើសមែនអត់ដែរ។ យើងព្រួយបារម្ភ​ខ្លាចអ្នកហ្នឹងមិនបានប្រព្រឹត្តអ៊ីចឹងទៅ វាទៅជាទៅទទួលទោស»។

ពាក់ព័ន្ធរឿងនេះ អគ្គនាយក​អង្គភាពស៊ីម៉ាក់ លោក ហេង រតនា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថាការលួចលាក់កប់ទុកអាវុធស្វ័យប្រវត្តិជាច្រើនដើម ដោយសមត្ថកិច្ចខេត្តបាត់ដំបងរកឃើញចំនួន២លើកនាពេលថ្មីៗនេះ អាចយកទៅបម្រើគោលដៅខុសច្បាប់ ឬ​អាចជាការជួញដូរអាវុធ ឬបង្កសកម្មភាពប្រដាប់អាវុធផេ្សងៗទៀត។ ករណីនេះ លោកថាអាច​ជា​មហិច្ឆតាបង្កអសន្តិ​សុខ​សង្គម។

លោក ហេង រតនា បន្ត​សរសេរលើហ្វេសប៊ុកថា៖ «ថ្មីៗនេះ [នៅខេត្តបាត់ដំបងមានចំនួន២ករណី] សមត្ថកិច្ចបានរកឃើញការលួចលាក់កប់ទុកអាវុធស្វ័យប្រវត្តិទាំងនេះ សម្រាប់បម្រើគោលដៅខុសច្បាប់ [អាចជាការជួញដូរអាវុធ ឬបង្កសកម្មភាពប្រដាប់អាវុធផេ្សងៗ] និងអាចជាមហិច្ឆតាបង្កអសន្តិសុខសង្គម។ សូមអរគុណសន្តិភាព និងរួមគ្នាថែរក្សាសន្តិភាពដែលរកមកវិញបានដោយលំបាកបំផុតនេះ»។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក អ៊ុន សុវណ្ណ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា បច្ចុប្បន្ន សមត្ថកិច្ច​កំពុងស៊ើប​អង្កេតនិង​ស្រាវជ្រាវ ដើម្បីស្វែងរកប្រភពពាក់ព័ន្ធនឹងការលាក់ទុកអាវុធនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃនេះ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយលម្អិតចំពោះរឿងនេះឡើយ។

លោកថា៖ «យើងមិនទាន់បានព័ត៌មានអីទេ យើងកំពុងស៊ើបអង្កេតស្រាវជ្រាវ​មើល។ អ៊ីចឹងអត់ហ៊ានអះអាងទៅខាងណាទេ​។ ចាំមើលខ្ញុំប្រមូលមើលសិនណា៎! ទុកពេលឱ្យពូប្រមូលឯកសារសិន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ