អត្ថបទ​ទស្សនៈ៖ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​ឯករាជ្យភាព​របស់​កម្ពុជា

ទង់ជាតិកម្ពុជាដោតនៅពីលើអគារស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង។ (ហ្វេសប៊ុក៖ Ambassade Royale du Cambodge en France)

កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថាជា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» បានបញ្ចប់ជម្លោះប្រកបដោយសោកនាដកម្ម និងការបង្ហូរឈាមដែលបណ្ដាលមកពី «សង្គ្រាមខ្ចីដៃ» ឬ «សង្រ្គាមអាយ៉ង» (proxy war) នៅក្នុងប្រវត្តិសាស្ត្រជម្លោះនយោបាយកម្ពុជា។ កិច្ចព្រមព្រៀងនេះបានរួមចំណែកកសាងសន្តិភាពឡើងវិញនៅកម្ពុជា តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងធានាជាលក្ខណៈអន្តរជាតិ ចំពោះការបង្ការទប់ស្កាត់កុំឱ្យមានការរំលោភសិទ្ធិមនុស្ស និងការរំលោភលើអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពនិងភាពមិនរំលោភបាននៃដែនដី អព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជា។

អ្នកជំនាញមួយចំនួនផ្នែកសន្តិសុខនៅអាស៊ី បានលើកឡើងថា ជារឿយៗ សង្គ្រាមដែលកើតឡើងនៅអាស៊ី ជាសង្គ្រាមបណ្ដាលមកពីជម្លោះទឹកដី។ បន្ថែមពីលើនេះទៅទៀត ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ក៏ជាផលបច្ច័យនាំមកនូវសង្គ្រាមខ្ចីដៃ ឬសង្គ្រាមអាយ៉ង (proxy war) ដែលបានដុតបំផ្លាញ​កម្ពុជាឱ្យឆេះសន្ធោសន្ធៅ ដោយសារតែបានក្លាយជាកូនអុកនិងជាជនរងគ្រោះនៃភូមិសាស្ត្រនយោបាយ (geopolitical victim) ក្នុងសម័យសង្គ្រាមត្រជាក់។​

អរគុណដល់ការផុតរលត់ទៅនៃសង្គ្រាមត្រជាក់ មហាអំណាចនិងភាគីជម្លោះខ្មែរក្នុងស្រុកបានស្រុះស្រួលគ្នានាំមកនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបានពន្លត់ភ្លើងសង្គ្រាមខ្ចីដៃឬអាយ៉ង (proxy war) នៅកម្ពុជាដែលមានរយៈពេលជាងមួយទសវត្សរ៍។ ជាការពិត កិច្ចព្រមព្រៀងនេះបានបើកផ្លូវឱ្យកម្ពុជាអាចផ្សះផ្សាជាតិ រក្សាឯកភាពជាតិ ស្ដារឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ខ្លួនឡើងវិញ ដែលបង្កលក្ខខណ្ឌ​អំណោយផលដល់សន្តិភាព សន្តិសុខ និងស្ថិរភាពទាំងនៅក្នុងប្រទេសនិងតំបន់ផងដែរ។

គេពិបាកបដិសេធចំពោះការលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាអាវក្រោះសម្រាប់ការពារ​អធិបតេយ្យភាព ឯករាជ្យភាព បូរណភាពនិងភាពមិនរំលោភបាននៃដែនដី អព្យាក្រឹតភាពនិងឯកភាពជាតិរបស់កម្ពុជា នៅក្នុងនយោបាយតំបន់និងអន្តរជាតិ ដែលមានចរិតជាការប្រកួតប្រជែងអំណាចនិងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាវ។

ជាការពិត កិច្ចព្រមព្រៀងនេះបានចងកាតព្វកិច្ចជាអន្តរជាតិ​ដែលប្រទេសហត្ថលេខីឯទៀតឱ្យទទួលស្គាល់និងធានាអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជាផងដែរ ដូចមានចែងក្នុងមាត្រា២ នៃកិច្ចព្រមព្រៀងនេះ ដែល​បានចែងថា «ទទួលស្គាល់និងគោរពអធិបតេយ្យភាព ឯករាជ្យ បូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជា»

បន្ថែមពីលើនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏បានភ្ជាប់កាតព្វកិច្ចរបស់ប្រទេសហត្ថលេខីទាំងអស់ដូចមានចែងក្នុងមាត្រា៥ នៃកិច្ចព្រមព្រៀង​ ឱ្យដោះស្រាយការរំលោភឬការគំរាមកំហែង​អធិបតេយ្យភាព ឯករាជ្យ បូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជា និងការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅកម្ពុជា ដោយសន្តិវិធីតាមរយៈយន្តការអង្គការសហប្រជាជាតិ។

ស្ថិតនៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាវរវាងចិននិងសហរដ្ឋអាមេរិកក្នុងដំណាក់កាលសង្គ្រាមត្រជាក់ថ្មី ដែលអាចអូសទាញប្រទេសតូចៗឱ្យចូលក្នុងប្លុករៀងៗខ្លួនដូចអតីតកាលនោះ។ ប្រវត្តិសាស្ត្រនៃសោកនាដកម្មដោយសារការធ្លាក់ខ្លួនជាជនរងគ្រោះភូមិសាស្ត្រនយោបាយ អាច​ជាន់​ដាន​ចាស់។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានលើកឡើងថា អាស៊ានកំពុងប្រឈមនឹងការត្រូវជ្រើសរើសរវាងចិននិងអាមេរិក។ ចំណុចនេះជាសញ្ញានៃសង្គ្រាមត្រជាក់ថ្មី ដែលប្រទេសតូចដូចកម្ពុជាត្រូវគេមើលឃើញថាផ្អៀងទៅរកចិន ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នបំផុតនៃការបើកបរនាវានយោបាយការបរទេសរបស់ខ្លួនប្រកបដោយភាពវៃឆ្លាតក្នុងន័យសេដ្ឋកិច្ចការទូត ដើម្បីគេចផុតពីអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយមហាអំណាច។

ក្នុងន័យនេះ ឯករាជ្យភាព វាខុសពីភាពឯកោនៅក្នុងនយោបាយការបរទេសរបស់កម្ពុជា។ ជាការពិត ការមានទំនាក់ទំនងល្អជាមួយចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងក្របខណ្ឌសេដ្ឋកិច្ចទ្វេភាគីនិងពហុភាគី ស្ថិតក្នុងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា ជាគោលនយោបាយឆ្លាតវៃ។ ប៉ុន្តែការព្រួយបារម្ភរបស់មហាអំណាចសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនលើលទ្ធភាពនៃការកសាងនិងដាក់មូលដ្ឋានយោធាចិននៅកម្ពុជា ហាក់អាចជាគ្រោះដល់សន្តិសុខជាតិ ​អធិបតេយ្យភាព​​ និងឯករាជ្យភាពរបស់កម្ពុជា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ១៩៩៣ និងធានាដោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។

ហេតុនេះ កម្ពុជាត្រូវបន្តប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលជាសន្ធិសញ្ញា​អន្តរជាតិដើម្បីចងនិងទាមទារឱ្យភាគីហត្ថលេខីទាំងអស់ ដែលក្នុងនោះ ប្រទេសហត្ថលេខីខ្លះ​ជាគូប្រជែងនៃសង្គ្រាមត្រជាក់ថ្មី​ និង​ជម្លោះភូមិសាស្ត្រនយោបាយ​​នាពេលបច្ចុប្បន្ន ឱ្យធានានិងគោរពអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពនិងភាពមិនរំលោភបាននៃដែនដី អព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជា ដូចមានចែងនៅ​ក្នុង​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​៕

​រៀបរៀងដោយ៖ ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
សូមបញ្ជាក់ថា រាល់ខ្លឹមសារអត្ថបទទាំងស្រុងមិនឆ្លុះបញ្ចាំងពីគោលជំហរឬទស្សនៈរបស់ វីអូឌី នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ