និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បិទ​គេហទំព័រ​ជិត​៨០​ដែល​លួច​បើក​ល្បែង​ស៊ីសង​ខុសច្បាប់​តាម​អនឡាញ

និយ័តករទូរគមនាគមន៍កម្ពុជា។ (ហ៊ុន សិរីវឌ្ឍន៍)

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) សហការជាមួយសមត្ថកិច្ច បិទខ្ទប់គេហទំព័រចំនួន៧៩ ដោយសារលួចប្រតិបត្តិការផ្ដល់សេវាលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញនៅកម្ពុជា ដែលធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងសង្គម។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់​និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានឱ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា ស្ថាប័ន​នេះបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់វិធានការបិទខ្ទប់​គេហទំព័រចំនួន៧៩ បន្ទាប់​ពីរកឃើញថា គេហទំព័រទាំងនោះបានប្រតិបត្តិការនិងផ្ដល់សេវាលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ​ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមជាដើម ។

ទោះជាបែបនេះក្ដី និយ័តករទូរគមនាគមន៍កម្ពុជានឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរ​ពាក់ព័​ន្ធ និងកិច្ចសហប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រដែល​ផ្ដល់សេវាលេងល្បែងស៊ីសងតាមប្រព្រ័ន្ធអនឡាញខុសច្បាប់ ផ្ទុយនឹងសារាចរណែនាំរបស់រដ្ឋាភិបាល ចុះកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពនៅកម្ពុជា។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា​ លោក ថោង ចិន្ដា និងអ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ នៅរសៀលថ្ងៃអង្គារនេះ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍គាំទ្រចំណាត់ការរបស់​និយ័តករ​ទូរគមនាគមន៍កម្ពុជា និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបិទខ្ទប់គេហទំព័រចំនួន៧៩ ដោយសារលួចបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញនៅកម្ពុជា។

ករណីនេះ លោក​បង្ហាញក្ដីកង្វល់ថា បើសិនជាអាជ្ញាធរពាក់ព័ន្ធ និង​ ន.ទ.ក​ មិនពង្រឹងការអនុវត្តច្បាប់ និងធ្វើការស្រាវ​ជ្រាវរកគេហទំព័រឬ​ទីតាំងដែលលួចបើកល្បែងស៊ីសងខុសច្បាប់បន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា នោះបញ្ហាប្រឈម​នឹងកើតមានដូចជា អំពើចោរកម្ម និង​​អសន្តិសុខក្នុងសង្គមជាដើម ។

លោកមានប្រសាសន៍ថា៖ «ល្បែងអនឡាញនេះ គឺធ្វើឱ្យយើងខាតបង់ច្រើន ទាំងចំណូលពន្ធរដ្ឋ ហើយវាបង្កជាវិនាសកម្មផ្សេងៗ ដូចជាមានអំពើល្មើសកើតឡើង ដែលធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់របស់ប្រទេសកម្ពុជាដែរ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា បានបញ្ជាទៅសមត្ថកិច្ចឱ្យបង្ក្រាបល្បែងស៊ីសងនៅតាមបណ្ដាញអ៊ីនធឺណិតដែលគ្មានអាជ្ញាបណ្ណទាំងអស់ និងបានហាមឃាត់ការចេញអាជ្ញាបណ្ណបន្តដល់ក្រុមហ៊ុនល្បែងស៊ីសងតាមបណ្ដាញអនឡាញ។

លោក ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងសារាចរណែនាំថា ល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមកម្ពុជា។

ជាមួយគ្នានេះ និយ័តករទូរគមនាគមន៍កម្ពុជាអំពាវនាវទៅសាធារណជនឱ្យចូលរួមរាយការណ៍មកស្ថាប័នជាតិមួយនេះ តាមរយៈទូរសព្ទលេខ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬបណ្ដាញសង្គម Facebook «និយ័តករទូរ​គម​នាគមន៍កម្ពុជា Telecommunication Regulator of Cambodia» នូវរាល់គេហទំព័រណាមួយដែលលួចបើក​ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ហើយ ន.ទ.ក​ នឹង​រក្សាការសម្ងាត់ជូនសាធារណជននោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ