គ្រោះទឹកជំនន់​នៅ​កាណាដា​បាន​ឆក់​យក​ជីវិត​មនុស្សម្នាក់ ខណៈ​២នាក់​ផ្សេង​ទៀត​បាត់ខ្លួន

រូបភាពបង្ហាញពីទឹកជំនន់នៅទីក្រុង Vancouver ប្រទេសកាណាដា ផ្សព្វផ្សាយដោយសារព័ត៌មាន Reuters។ (Screenshot/ Reuters)

ទឹកជំនន់និងការរអិលបាក់ដី បានកាត់ផ្ដាច់ផ្លូវដែកទាំងអស់ក្នុងទីក្រុង Vancouver ប្រទេសកាណាដា និងបានឆក់យកជីវិតមនុស្សម្នាក់ ខណៈមនុស្ស២នាក់ផ្សេងទៀត​កំពុងបាត់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ករណីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២ថ្ងៃ នៅទូទាំងខេត្ត British Columbia បានបង្កឱ្យមានជាទឹកជំនន់ដ៏ធំ ដែលបានកាត់ផ្ដាច់ផ្លូវដែកនានា​ដំណើរការ​ដោយ Canadian Pacific Rail (CP.TO) និង Canadian National Railway (CNR.TO) ដែលជាក្រុមហ៊ុនផ្លូវដែកដ៏ធំបំផុត​ចំនួន២របស់ប្រទេសកាណាដា។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យកំពង់ផែមួយរូប លោក Matti Polychronis បានឱ្យដឹងថា៖ «រាល់សេវា​​កម្មផ្លូវដែកទាំងអស់ដែលចូលនិងចេញពីកំពង់ផែទីក្រុង Vancouver ត្រូវបានផ្អាក ដោយ​សារ​ទឹក​ជំនន់​ដែល​កើតឡើងនៅក្នុងតំបន់ British Columbia»។

ជាមួយគ្នានេះ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលការរអិលបាក់ដីបាននាំយករថយន្តចេញពីផ្លូវល្បឿនលឿនមួយនៅជិតតំបន់ Pemberton ដែលមានចម្ងាយប្រមាណជា១៦០​គីឡូម៉ែត្រ នៃទីក្រុង Vancouver។

ក្រុមមន្ត្រីនានាបានបន្ថែមថា ក្រុមការងារ​រុករកនិងជួយសង្គ្រោះ បច្ចុប្បន្នក៏កំពុងតែបន្តកិច្ចការងារដើម្បីស្វែងរកអ្នកបាត់ខ្លួនដែលនៅរស់រានមានជីវិតឬជនរងគ្រោះបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ករណីភ្លៀងធ្លាក់ខ្លាំងដែលបានកើតឡើងនៅក្នុងខេត្ត British Columbia ភាគខាងត្បូងនេះ ក៏បានបង្ខំឱ្យមានការជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព និងកាត់ផ្ដាច់ចរន្តអគ្គិសនីពលរដ្ឋនៅក្នុងតំបន់ជាង១៥ម៉ឺនគ្រួសារផងដែរ កាលពីថ្ងៃចន្ទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ