តុលាការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅឃុំ​របស់​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​១៤រូប

ស្ត្រីជា​ភរិយា​និង​សាច់ញាតិ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ឃុំ តវ៉ា​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​ស្វាមី​ឬសាច់ញាតិ​របស់​ពួក​គេ នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ចៅក្រមតុលាការក្រុងភ្នំពេញ នៅព្រឹកមិញនេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនអតីតគណបក្សប្រឆាំងចំនួន១៤រូប ដោយលើកហេតុផលថា រក្សាជនជាប់ចោទនៅក្នុងឃុំដើម្បីងាយស្រួលក្នុងការចូលរួមអង្គសវនាការ។

មេធាវីការពារក្ដីឱ្យជនជាប់ចោទទាំង១៤នាក់ លោកមេធាវី សំ សុគង់ បានដាក់សំណើទៅកាន់តុលាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីសុំឱ្យប្រធានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ដោះលែងកូនក្ដីរបស់ខ្លួនឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោមហេតុផលសុខភាព។ ប៉ុន្តែប្រធានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅថ្ងៃនេះ បានបដិសេធ ដោយលើកហេតុផលថា រក្សាទុកជនជាប់ចោទក្នុងការឃុំខ្លួន ដើម្បីងាយស្រួលដល់ការជំនុំជម្រះក្ដី។

លោកមេធាវី សំ សុគង់ បានប្រាប់ វីអូឌី ថាលោកមានការខកចិត្តចំពោះការបដិសេធនេះ។

សូមបញ្ជាក់ថា សកម្មជនអតីតគណបក្សប្រឆាំងទាំង១៤នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា» បទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

សកម្មជនអតីតគណបក្សប្រឆាំងទាំង១៤នាក់នេះ រួមមាន លោក កាក់ កម្ភារ, លោក កែវ ថៃ, ថៃ គន្ធា, លោក ជុំ ចាន់, លោក ញែម វាន, លោក ស៊ុន ធន, យឹម ភាណា, លោក សុខ ចាន់ថា, លោក ពៀត ម៉ាប់, លោក យឹម សារ៉េត, ឃុត ច្រឹប, លោក ងិន ឃាង, លោក ហេង ចាន់សុធី និងលោក ឡុង ផារី។

ពួកគេត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារវិញ ក្រោយពីស្ដាប់ការប្រកាសរបស់ប្រធានចៅក្រមជំនុំជម្រះនៅព្រឹកមិញនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ