ន័រវេស​ជំរុញ​ឱ្យ​ប្រទេស​នានា​ចូលរួម​ផ្ដល់​មូលនិធិ ដើម្បី​ជួយ​ដល់​ប្រជាជន​អាហ្វហ្គានីស្ថាន

រថយន្តផ្ទុកទឹកស្អាតដែលផ្ដល់សម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថាននៅខេត្តមួយភាគខាងជើងអាហ្វហ្គានីស្ថាន។ (ធ្វីតទ័រ៖ UNICEF Afghanistan)

ប្រទេសន័រវេស នៅថ្ងៃអង្គារម្សិលមិញ បានជំរុញដល់ប្រទេសទាំងឡាយឱ្យចូលរួម​ចំណែក​ក្នុងមូល​និធិ​អង្គការសហប្រជាជាតិ តាមរយៈការផ្ដល់ជាសាច់ប្រាក់ដោយផ្ទាល់ដល់ជនជាតិ​អាហ្វហ្គានីស្ថាន​ ដើម្បីឱ្យពួកគេអាចបន្តរស់រានមានជីវិតបាន។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ ដែលបានប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ខណៈដែលសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន​ធ្លាក់ចុះ អង្គការសហប្រជាជាតិ កាលពីខែតុលាកន្លងទៅ បាន​បង្កើត​ជាមូល​និធិ​មួយ​ ដើម្បីផ្ដល់ជំនួយដោយផ្ទាល់សម្រាប់គ្រួសារក្នុងតំបន់ដែលរង​ផល​ប៉ះពាល់ដោយសារ​តែ​ការផ្ដាច់ជំនួយរបស់ប្រទេសមួយចំនួន បន្ទាប់ពីពួកតាលីបង់ឡើងកាន់អំណាចក្នុងខែសីហា។

ទាក់ទិននឹងករណីនេះ ប្រទេសន័រវេសបានសន្យាផ្ដល់ទឹកប្រាក់ចំនួន២០០លានក្រោនន័រវេស (NOK) ឬស្មើនឹងប្រមាណ២៣​លានដុល្លារ ដល់មូលនិធិដែលគ្រប់គ្រងដោយកម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UNDP)។

រដ្ឋមន្ត្រីការបរទេសន័រវេស អ្នកស្រី Anniken Huitfeldt បានថ្លែងនៅក្នុងបទសម្ភាសន៍​មួយមុន​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (United Nations Security Council) ដែលនឹងធ្វើឡើងនៅថ្ងៃពុធនេះថា៖ «យើងសូមលើកទឹកចិត្តដល់ប្រទេសដទៃផ្សេងទៀតឱ្យធ្វើសកម្មភាពដូចគ្នានេះ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ និងគ្រោះទុរភិក្សដែលអាចកើតមានឡើង»។

អ្នកស្រីបន្តថា ប្រទេសន័រវេស ក៏កំពុងតែរៀបចំបញ្ជូនសាច់ប្រាក់ ដើម្បីជួយដល់អង្គការស្ត្រីនានានៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ ខណៈដែលជំនួយមនុស្សធម៌របស់ប្រទេសន័រវេសដល់ប្រទេសនេះ នឹងមានចំនួនសរុប៣២៥លានក្រោនន័រវេសនៅឆ្នាំនេះ។

រដ្ឋមន្ត្រីការបរទេសដដែលបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ការពិភាក្សានៅក្នុងក្រុមប្រឹក្សាសន្តិសុខនឹងរួមចំណែកក្នុងការផ្ដល់ការយកចិត្តទុកដាក់មួយចំនួនចំពោះស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីកៀរគរមូលនិធិបន្ថែមទៀតសម្រាប់ប្រទេសនេះ»។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថានបានធ្លាក់ចូលទៅក្នុងវិបត្តិកាលពីខែសីហាកន្លងទៅ បន្ទាប់ពីពួកតាលីបង់បានដណ្តើមអំណាចយកមកគ្រប់គ្រង។

គិតចាប់តាំងពីឡើងកាន់អំណាចនេះ ក្រុមតាលីបង់ក៏បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈ​រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានអំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិនានាឱ្យចាប់ផ្ដើមជំនួយឡើងវិញដល់ប្រទេសនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ