មន្រ្តីជាន់ខ្ពស់អតីតគណបក្សប្រឆាំងនៅកម្ពុជា ជំរុញទៅរដ្ឋាភិបាល និងតុលាការ គួរហ៊ានបើកផ្លូវសម្រាប់ពួកគេ បានវិលចូលប្រទេសវិញ ប្រសិនបើពិតជាចង់ឱ្យអ្នកនយោបាយដែលមានឈ្មោះនៅក្នុងដីកាទាំងអស់ ហើយកំពុងរស់នៅដោយនិរទេសខ្លួន បានចូលរួមស្តាប់ និងតតាំងនៅក្នុងតុលាការ នាពេលខាងមុខនេះ។
នៅក្នុងដីកាបញ្ជូនរឿងរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្គាប់ឱ្យ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជននយោបាយក្នុងអតីតគណបក្សនេះចំនួន ៤១នាក់ផ្សេងទៀត ត្រូវចូលរួមសវនាការ ដែលគ្រោងដំណើរការក្តី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ពួកគេ ត្រូវរងការចោទប្រកាន់ក្នុងសំណុំរឿង «ក្បត់ជាតិ និងរួមគំនិតក្បត់ជាតិ» សម្រាប់ព្រឹត្តិការ «មាតុភូមិនិវត្ត ថ្ងៃ៩វិច្ឆិកា» របស់លោក សម រង្ស៊ី។
អតីតតំណាងរាស្រ្តមណ្ឌលសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ មានប្រសាសន៍នៅថ្ងៃព្រហស្បត្តិ៍នេះថា ចំពោះអ្នកនយោបាយនៅក្រៅប្រទេសទាំងអស់ ស្ម័គ្រចិត្តចូលខ្លួនទៅតាមដីកាកោះ ប៉ុន្តែសំខាន់ត្រង់ថាតើរដ្ឋាភិបាល ហ៊ានបើកផ្លូវឱ្យពួកគេចូលខ្លួន ដើម្បីបំពេញកាតព្វកិច្ច នៅចំពោះមុខតុលាការដែរទេ?
លោកបន្តថា៖ «ពួកយើងនឹងទៅទាំងអស់គ្នាឱ្យតែកោះអញ្ជើញហើយ ត្រូវតែបើកផ្លូវឱ្យពួកយើងទៅ ឱ្យពួកយើងជិះយន្តហោះបាន ចូលទៅតាមថៃទៅតាមអីហ្នឹង យើងនឹងទៅទាំងអស់គ្នា ដើម្បីចូលទៅតតាំងនៅក្នុងតុលាការ»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ព្យាយាមធ្វើមាតុភូមិនិវត្ត ដោយមិនជោគជ័យ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ នៅក្នុងព្រឹត្តិការណ៍នេះ លោក សម រង្ស៊ី បានព្រមានចាប់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងកាំភ្លើង ទៅរកលោកនាយករដ្ឋមន្រ្តី។
ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញបានបិទផ្លូវគ្រប់ច្រក ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ក្រោយពីមានការប្រកាសនោះ។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល បានពង្រាយកម្លាំង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងនៅព្រលានយន្តហោះផង។
តែយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងនៅថ្ងៃនេះថា រដ្ឋាភិបាលមិនដែលបានបិទផ្លូវក្រុមប្រឆាំង ក្នុងការវិលត្រឡប់មកកម្ពុជាវិញទេ។ លោកបន្ថែមថា កម្ពុជាស្វាគមន៍ជានិច្ច សម្រាប់អ្នកដែលមានដីកាត្រូវចាប់ខ្លួន។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ការជ្រើសរើសយកវិធីជម្រះក្តី នៅថ្ងៃទី៩ ខែធ្នូនេះ អាចមានសេនារីយោ២សំខាន់ ដែលនឹងជួយឱ្យវិបត្តិនយោបាយ មានការប្រែប្រួល ក្នុងនោះមាន ក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាន ចង់មិនចង់ រដ្ឋាភិបាលអាចនឹងសម្អាតខ្លួន ឱ្យល្អពីការរិះគន់រឿងចាប់ក្រុមប្រឆាំង និងអាចជាយុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាច ដើម្បីឆ្លើយតបទៅនិងវិធានការថ្មីៗ របស់សហរដ្ឋអាមេរិកក៏ថាបាន។
តែយ៉ាងណា សម្រាប់អ្នកជំនាញផ្នែកការស្រាវជ្រាវរូបនេះ នៅតែចាត់ទុកថា ការផ្លាស់ប្តូរជំហរ ចុងក្រោយរបស់រដ្ឋាភិបាល ដោះលែងទណ្ឌិតជាសកម្មជននយោបាយ និងបរិស្ថានថ្មីៗនេះ ជាដំណោះស្រាយមួយដ៏ល្អ។
លោកបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំរំពឹងថា បើនិយាយអំពីរឿងវិជ្ជមាន ចំពោះការលើកលែងអ្នកជាប់ចោទមួយចំនួន អ្នកដែលនៅក្នុងស្រុកនេះណា អាហ្នឹងខ្ញុំគិតថាវាជាវិជ្ជមាន បើទោះបីថាទិដ្ឋភាពហ្នឹង វាមានលាយឡំគ្នារវាងច្បាប់ និងនយោបាយតាំងពីដើមមក អាហ្នឹងយើងមិនចាំបាច់វែកញែកទេ។ វាច្បាស់ជានៅព្រឹលៗនៅត្រង់ហ្នឹងណា។ ប៉ុន្តែប្រសិនបើមានការលើកលែង និងការអត់ឪនឱ្យគ្នាទៅវិញទៅមកខ្លះ ក៏វាមានការចាប់ផ្តើមមួយដែរសម្រាប់នយោបាយនៅក្នុងស្រុកយើង »។
ស្របពេលមានប្រតិកម្ម ពីអតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់រដ្ឋាភិបាល បានសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ដោយលើកឡើងថា នៅកម្ពុជា គ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានតែអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តល្មើសច្បាប់។ បើតាម លោក ម៉ែន សុថាវរិន្រ្ទ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ គិតមកដល់បច្ចុប្បន្ន អតីតក្រុមប្រឹក្សាឃុំសង្កាត់ និងសកម្មជននយោបាយរបស់បក្សប្រឆាំងចំនួន ៦០នាក់ទៀត កំពុងស្ថិតនៅក្នុងការឃុំខ្លួននៅពន្ធនាគារនៅឡើយ៕









