អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​កំពុង​រក​អត្ត​សញ្ញាណ​ជន​ខិល​ខូច​ដែល​ទន្ទ្រាន​ដី​ព្រៃ​តំបន់​ការពារ​ជាង​៣០០​ហិកតា

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យប្អូនៗយុវជនមួយចំនួនចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងអនុវត្តគម្រោង «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នៅសាលប្រជុំសាលាខេត្ត (អគារ ខ) នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ Page)

អភិបាលខេត្តកំពង់ស្ពឺអះអាងថា អាជ្ញាធរកំពុងរកអត្តសញ្ញាណជនល្មើសដែលទន្ទ្រាន​យកដី​ព្រៃ​​ចំនួន ៣១០ហិកតា យកធ្វើកម្មសិទ្ធិ ស្ថិតនៅ​ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ក្រោយ​អាជ្ញាធរបានដកហូតដីនោះយក​មករក្សាទុកជាសម្បត្តិរដ្ឋវិញ។

កាលពី​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសព័ត៌មាន​មួយ ដោយ​លើកឡើង​ថា ដីព្រៃភ្នំឱរ៉ាល់​ចំនួន ៣១០ហិកតា ស្ថិតនៅត្រង់ចំណុចត្រពាំងប្រមឹកភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ត្រូវបាន​អាជ្ញាធរដកហូតមកទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីជនខិលខូចលួចកាប់ទន្ទ្រាន។ ក្រៅពីដកហូតនោះ អាជ្ញាធរខេត្ត ក៏បានទុករយៈពេល៣០ថ្ងៃ ដើម្បីឱ្យអ្នកពាក់ព័ន្ធនៅទីតាំងដីដែលត្រូវដកហូតនោះ អាចទៅតវ៉ា និង​​វែកញែករកខុសត្រូវផងដែរ។

អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង មានប្រសាសន៍បន្ថែមនៅថ្ងៃទី១៨ ខែវិច្ឆិកា​នេះថា អាជ្ញាធរមិនបានដឹងថា ជនខិលខូចដែលកាប់ទន្ទ្រានដីព្រៃជាង ៣០០ហិកតា​នោះ ធ្វើសកម្មភាពតាំងពីពេលណានោះឡើយ ដោយ​ថា បច្ចុប្បន្នអាជ្ញាធរកំពុងស្រាវជ្រាវ​រកជនដែលនៅពីក្រោយ​នៃការបំផុស​ឱ្យពលរដ្ឋទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​ភ្នំ​ឱរ៉ាល់ ដើម្បីមកដោះស្រាយនៅចំពោះមុខផ្លូវច្បាប់។

លោកថា៖ «ចង់និយាយថា គ្រប់បទល្មើសទាំងអស់ភាគច្រើន​ពួកគេជាជនទុច្ចរិក។ អ៊ីចឹង​គេមិនងាយ​បង្ហាញអត្តសញ្ញាណ​ឱ្យ​យើងដឹង​ទេ ​តែ​យើង​ក៏មិនព្រម​ប្រលែងដែរ។ ​យើងនៅតាមដាន ​ព្រោះអាជ្ញាយុកាលនៃបណ្ដឹងមានរយៈពេល​ ១៥ឆ្នាំ។ អ៊ីចឹងយើងអាចស្រាវជ្រាវ​១០ទៅ១៥ ឆ្នាំអ៊ីចឹងទៅ ព្រោះវាជាចេះតែពូនចេះតែលាក់អ៊ីចឹង»។

មន្រ្តីពង្រឹងសិទ្ធិអំណាច​​សហគមន៍ នៃ​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា អាជ្ញាធរខេត្តកំពង់ស្ពឺ បានដកហូតដីព្រៃដែលកាប់ទន្ទ្រានបានច្រើន  ប៉ុន្តែចំពោះជនដែលបានកាប់រុករាន និងទន្ទ្រានដីព្រៃទាំងនោះវិញ​ អាជ្ញាធរមិនទាន់ចាប់ខ្លួនបានម្នាក់មកផ្ដន្ទាទោសនៅឡើយ។  

លើសពីនេះ លោកថា អាជ្ញាធរហាក់មិនបានបង្ហាញពាក់ព័ន្ធនឹងដីដែលដកហូតបាននោះ យកទៅធ្វើអ្វី ឬក៏ប្រគល់​ទៅឱ្យបុគ្គលណាម្នាក់ជាសាធារណៈនៅឡើយ ដោយលោកសង្កេតឃើញថា ដីដែលដកហូតនៅតាមទីកន្លែងមួយចំនួន​ នាពេលកន្លងមក ត្រូវបានពុះជាដីឡូតិ៍លក់បន្តផងដែរ។

លោកថា«យើងគិតថា ធ្វើឱ្យតែល្អមើល ពីព្រោះច្បាប់ចែងហើយ មិនមែនកាប់អស់ព្រៃឈើបានចេញដីកាដកហូត​​តាមពិតអស់៣០០ ហិកតា ហើយបែរជា​ចេញដីកាដកហូតតាមពិត​មន្ត្រីជំនាញនគរបាលយុត្តិធម៌ និងចៅហ្វាយស្រុក​ ចៅហ្វាយខេត្ត និងមេឃុំអីហ្នឹងជាអ្នកត្រូវទៅបង្រ្កាប​ ហើយនាំជនល្មើស ដែលកាប់រានដីព្រៃឈើហ្នឹង ​មកផ្ដន្ទាទោស​នៅតុលាការមិនមែនឱ្យកាប់រានរហូតដល់ ៣០០​ហិកតា បានទើបចេញដីកា​ដកហូត​ថែមទាំងឱ្យអ្នកទាំងអស់នោះ មកតវ៉ាក្នុងរយៈពេលប៉ុន្មាន។ អ៊ីចឹងវាផ្ទុយនឹងច្បាប់ទាំងស្រុង​ វាជាគំរូអាក្រក់បើនិយាយទៅ»។

បើតាមរដ្ឋបាលខេត្ត​កំពង់ស្ពឺ ឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២១ មកដល់បច្ចុប្បន្ន អាជ្ញាធរបាន​ដកហូត​ដីព្រៃជាង ២០០ហិកតា នៅតំបន់ឱរ៉ាល់ ដោយមិនរួមបញ្ចូលទាំងការដកហូតលើកនេះផង ដែលដីព្រៃទាំងនោះត្រូវបានជនខិលខូច​ចូលកាប់ទន្ទ្រានកាន់កាប់ដោយខុសច្បាប់៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ