ក្រសួង​សម្រេច​ឱ្យ​សារមន្ទីរ ​រោង​ភាព​យន្ត​និង​រោង​សម្ដែង​សិល្បៈ​បើក​ដំណើរ​ការ​ឡើង​វិញ

សកម្មភាពភ្ញៀវទិញសំបុត្រចូលទស្សនាភាពយន្តនៅរោងកុនមួយក្នុងក្រុងភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ (ហង់ សុខហុង)

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចឱ្យសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈចាប់បើកដំណើរការទទួលភ្ញៀវចូលទស្សនាឡើងវិញចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ប៉ុន្តែត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ​របស់ក្រសួងវប្បធម៌ និងក្រសួងសុខាភិបាលផងដែរ។

សេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីម្សិលមិញ ដែលបានជូនទៅកាន់​ប្រធានមន្ទីរវប្បធម៌ ម្ចាស់រោងសម្ដែងសិល្បៈ ម្ចាស់រោងភាពយន្តតាមបណ្ដារាជធានី-ខេត្ត និងសាធារណជនអំពីការចាប់បើកដំណើរការឡើងវិញនូវកន្លែងទាំងនេះ។

យ៉ាងណា ក្រសួងបញ្ជាក់ថា ការបើកដំណើរការឡើងវិញនេះ ត្រូវគោរពតាមនូវវិធានការគោលការណ៍ស្ដង់ការប្រតិបត្តិ(SOP)ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការក្រសួងសុខាភិបាលផ្សេងៗទៀត។

ប្រភពដដែលបានលើកឡើងថា«ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សម្រេចឱ្យបើកដំណើរការឡើវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ នៅតាមបណ្ដាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តឱ្យបានម៉តចត់បំផុតនូវវិធានការគោលការណ៍ស្ដង់ដាប្រតិបត្តិ (SOP)»។

គួរបញ្ជាក់ថា​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចឱ្យសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈទូទាំងប្រទេស ផ្អាកដំណើរការចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ក្រោមហេតុផលដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ