លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងជំងឺកូវីដ-១៩ ខណៈរដូវត្រជាត់បានចូលមកដល់។
ក្នុងសារសំឡេងពិសេសជាង១០នាទី ដែលផ្សាយលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព និងជាពិសេស ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដោយការពារកុំឱ្យឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ នៅក្នុងរដូវរងារនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បើទោះបីជាការឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា មានការថមថយ ប៉ុន្តែជំងឺមួយនេះ មិនទាន់បានបញ្ចប់នៅឡើយសម្រាប់កម្ពុជា។ លោកថា តាមបទពិសោធន៍ពីប្រទេសមួយចំនួន នៅពេលដែលរដូវត្រជាត់បានចាប់ផ្តើមនោះ គឺជំងឺឆ្លងផ្សេងៗតែងតែកើតមានដែរ។
លោកបន្ថែមថា៖ «ឥលូវទោះជំងឺកូវីដ-១៩បានធូរស្រាលនៅក្នុងប្រទេសរបស់យើង ប៉ុន្តែមិនទាន់បានបញ្ចប់នៅឡើយទេ។ អីចឹងខ្ញុំសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើការការពារនៅក្នុងពេលដែលមានកើតឡើងនេះ។ ជាពិសេស ខ្ញុំសូមអំពាវនាវឱ្យយកចិត្តទុកដាក់ជាពិសេសចំពោះមនុស្សចាស់នៅតាមក្រុមគ្រួសារនីមួយៗ ដោយធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានភាពកក់ក្តៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រាប់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ចំពោះមនុស្សចាស់ជរាដែលពុំមានទីពឹងផងដែរតាមរយៈការផ្តល់សម្ភារៈប្រើប្រាស់ផ្សេងៗជាដើម៕









