អាជ្ញាធរប្រាប់ពលរដ្ឋនៅតាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ប្រុង​ប្រយ័ត្ន ខណៈ​ទឹក​ស្ទឹង​ហក់​ឡើង​ខ្ពស់​ជាថ្មី

ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ)

រដ្ឋបាលខណ្ឌដង្កោ អំពាវនាវដល់​ពលរដ្ឋដែលរស់នៅ​តាមសណ្តស្ទឹងព្រែកត្នោត ​ត្រៀម​សម្ភារៈ និងបង្ការខ្លួន ខណៈស្ថានភាពកម្តស់​ទឹក​ស្ទឹងបាន​ហក់​ឡើង​​ខ្ព​ស់​ជាថ្មីទៀត ​ដល់​កម្រិត​ត្រូវប្រុង​ប្រយ័ត្ន។

យោងតាមសេចក្តីជូនដំណឹងរបស់​រដ្ឋបាលខណ្ឌដង្កោ ចុះថ្ងៃទី១៨ ខែវិច្ឆិកានេះ បាន​​បញ្ជាក់​ថា បច្ចុប្បន្ន ​ស្ថានភាពទឹកស្ទឹងព្រែកត្នោត​បានហក់ឡើង​ជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែក​ខាង​លើ​ ធ្វើឱ្យទឹកស្ទឹងក្នុងភូមិសាស្ត្រខណ្ឌដង្កោ​មានកម្ពស់​ដល់កម្រិតប្រកាសអាសន្ន។

ដើម្បីជៀសវាង​នូវហានិភ័យ​ដែលបង្ក​ឱ្យខូច​ខាតទ្រព្យ​សម្បត្តិ​ និងអាយុជីវិត អាជ្ញាធរខណ្ឌ​ដង្កោ បានអំពាវនាវដល់​ប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹង ត្រៀម​សម្ភារៈ និងបន្ត​តាម​ដាន​ស្ថាន​ភាពទឹកជាប្រចាំ​ ជៀសវាង​ការ​បាត់​បង់សម្ភារៈ និងអាយុជីវិត។

បើតាមរដ្ឋបាលខណ្ឌ សង្កាត់ដែលពលរដ្ឋ​រស់នៅ និងត្រូវបង្កើនការប្រុងប្រយ័ត្ន​នោះ រួមមាន សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់​ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់​សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ ក៏​បានចុះត្រួតពិនិត្យ និងវាយតម្លៃដោយផ្ទាល់​នូវស្ថានភាព​ហក់​ឡើង​នៃស្ទឹងព្រែកត្នោតសារជាថ្មី ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេល​ប៉ុន្មានថ្ងៃកន្លងមកនេះ។ នេះ​បើតាម​ទំព័រ​ហ្វេស​​ប៊ុ​ក​របស់ក្រសួងធនធានទឹក និងឧតុនិយម។

ស្របពេលគ្នានេះដែរ លោក លឹម គាន​ហោ បាន​​​បញ្ជា​ដល់អាជ្ញាធរពាក់ព័ន្ធ​ ត្រួតពិនិត្យ និង​តាមដាន​ជាប្រចាំនៅគ្រប់គោលដៅ ព្រមទាំងប្រើគ្រឿងចក្រ​ដឹកជញ្ជូនដីទៅចាក់​បំពេញ​បន្ថែម នៅចំណុចដែលមានហានិភ័យ ដើម្បីពង្រឹងកម្ពស់ទំនប់​បន្ថែម។

កាលពីអំឡុងចុងខែតុលា ឆ្នាំ២០២១នេះ ទឹកស្ទឹងព្រែកត្នោត​បាន​ហក់ឡើងខ្ពស់ហួស​កម្រិត​ប្រកាស​​អាសន្ន ដែលបានបណ្តាល​ឱ្យ​ផ្ទះប្រជាពលរដ្ឋជាង ៣០០គ្រួសារ​ នៅ​តាម​សណ្ត​ស្ទឹង​ក្នុង​​ផ្នែក​ខ្លះ​នៃ​ខណ្ឌដង្កោ រាជធានីភ្នំពេញ និង​ផ្នែកខ្លះនៃខេត្តកណ្តាល រង​នូវ​ផលប៉ះពាល់ និងលិចលង់។​​ នេះបើតាមរបាយការណ៍របស់​គណៈកម្មាធិការជាតិគ្រោះមហន្តរាយ។

​​ពាក់ព័ន្ធនឹងករណីនេះដែរ គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន បាន​ចេញ​សេចក្ដីថ្លែងការណ៍មួយ ​ចុះ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១​ ដោយទាមទារ​ឱ្យរដ្ឋាភិបាលបង្ហាញវិធានការ​ជាក់​លាក់ក្នុងការ​រំដោះទឹក​​ជំ​នន់​​ពី​​ស្ទឹងព្រែក​ត្នោត ដើម្បីទប់​ស្កាត់កុំឱ្យបញ្ហានេះ បង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងផ្នែកខ្លះនៅខេត្តកណ្ដាលជាថ្មីទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ