កម្ពុជា បន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង ៤០នាក់ បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈអ្នកជំងឺ ៤នាក់ទៀត បានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន ៤នាក់ ដែលអ្នកស្លាប់ទាំងនោះសុទ្ធតែមិនបានចាក់វ៉ាក់សាំង និងករណីឆ្លងថ្មីមានចំនួន ៤៥នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ៥នាក់។
សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន ៥នាក់។ បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩ ៧៨៦នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ១១៦ ១៧០នាក់ និងអ្នកស្លាប់កើនដល់ចំនួន ២ ៨៩១នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ១៩ ៧៦៤នាក់៕









