រដ្ឋមន្ត្រីការបរទេសកម្ពុជា-ជប៉ុន បានលើកឡើងថា អាស៊ានមានតួនាទីសំខាន់ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ឱ្យស្វែងរកវិធីសាស្ត្រដោះស្រាយវិបត្តិដោយសន្តិវិធី ខណៈអ្នកវិភាគយល់ថា បញ្ហាវាស្ថិតនៅលើមីយ៉ាន់ម៉ាខ្លួនឯង។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា-ជប៉ុននេះ បានធ្វើឡើងនៅក្នុងជំនួបតាមខ្សែទូរស័ព្ទ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ម្សិលមិញនេះ។
យោងតាមលទ្ធផលនៃកិច្ចពិភាក្សាតាមខ្សែទូរស័ព្ទ រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសជប៉ុន ដែលទើបតែងតាំងថ្មី លោក HAYASHI Yoshimasa ដែលប្រកាសដោយក្រសួងការបរទេសកម្ពុជា កាលពីម្សិលមិញ បានឱ្យដឹងថា ភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងច្រើន អំពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា អាស៊ានមានតួនាទីសំខាន់ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ឱ្យស្វែងរកវិធីសាស្ត្រដោះស្រាយវិបត្តិដោយសន្តិវិធី ហើយថា កិច្ចព្រមព្រៀង ៥ចំណុច របស់អាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ គួរតែត្រូវបានអនុវត្តឱ្យបានពេញលេញ ដោយគ្មានការពន្យារពេលយូរតទៅទៀតឡើយ។
ការលើកឡើងនេះ គឺស្របពេលដែលកម្ពុជានឹងត្រូវធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ។
ប៉ុន្តែអ្នកវិភាគនយោបាយ លោកបណ្ឌិត គិន ភា យល់ថា បញ្ហាមីយ៉ាន់ម៉ានេះ វាមិនងាយស្រួលនោះទេ ត្បិតវាត្រូវចំណុះលើឆន្ទៈនយោបាយរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាផ្ទាល់។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ យល់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាអាចចែករំលែកបទពិសោធន៍ដល់ប្រទេសមីយ៉ាន់ម៉ាបាន ប៉ុន្តែវាចំណុះនៅលើប្រទេសមីយ៉ាន់ម៉ាខ្លួនឯងប៉ុណ្ណោះ ថាតើត្រូវទទួលយកសេណារីយោមួយណា ដើម្បីធ្វើការដោះស្រាយបញ្ហារបស់ខ្លួន។
លោកមានប្រសាសន៍ថា៖ «អ្វីដែលកម្ពុជាអាចធ្វើ ទី១.គឺជំរុញតួនាទីរបស់អាស៊ាន មានន័យថា សេចក្តីសម្រេចចិត្តជាឯកច្ឆន្ទ៥ចំណុច របស់អាស៊ានហ្នឹង គឺត្រូវតែជំរុញឱ្យមីយ៉ាន់ម៉ា គាត់ទទួលយក ទី២.គឺការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងភាគីពាក់ព័ន្ធជាមួយមីយ៉ាន់ម៉ាហ្នឹង ទាំងការទូតផ្លូវការ និងក្រៅផ្លូវការ ធ្វើម៉េចដើម្បីឱ្យគាត់ទទួលយកនូវសេណារីយោណាមួយ ដែលអាចទទួលយកបានទាំងអស់គ្នា ទាំងអ្នកពាក់ព័ន្ធ»។
ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ដ៏ខ្លីខាងមុខនេះ កម្ពុជានឹងត្រូវតាំងបេសកជនពិសេសមួយរូបរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ។
ប៉ុន្តែលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ តើឥស្សរជនរូបណា នឹងត្រូវតែងតាំងជាបេសកជនពិសេស សម្រាប់ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះនៅឡើយទេ។
យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា កម្ពុជានឹងមិនកោះអញ្ជើញអ្នកនយោបាយពីប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះឡើយ ខណៈប្រទេសព្រុយណេដែលជាប្រធានអាស៊ានឆ្នាំ២០២១នេះ មិនបានអញ្ជើញមេដឹកនាំយោធាភូមាមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅថ្មីៗនេះឡើយ។
ក្រៅពីបញ្ហាមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសជប៉ុនដែលទើបតែងតាំងថ្មីលោក HAYASHI Yoshimasa ក៏បានសន្យាផ្តល់ការគាំទ្របន្ថែមទៀតដល់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សាសន្តិភាពអន្តរជាតិ តាមរយៈកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា និងបានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងក្នុងការដឹកនាំដំណើរការអាស៊ាននៅឆ្នាំ២០២២ផងដែរ៕









