អ្នកស្រី​ សាត ផា អះអាង​ថា បាន​រង​ការ​ធ្វើ​ទារុណកម្ម​ពី​មន្ត្រី​ដោយ​បង្ខំ​ឱ្យ​ស្រាត​ខោអាវ តែ​មន្ត្រី​ពន្ធនាគារ​បដិសេធ

អ្នកស្រី សាត ផា ត្រូវក្រុមកងសន្តិសុខខណ្ឌ លើកសែងអូសចេញពីកន្លែងតវ៉ានៅមុខស្ថានទូតចិន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (ម៉ិច ដារ៉ា)

អ្នកស្រី សាត ផា ទាមទារ​ឱ្យមានការ​ផ្តល់​យុត្តិធម៌ ដោយ​អះអាង​ថា នៅ​ពេល​ចាប់​និង​ឃុំ​ខ្លួន អ្នក​ស្រី​រង​ការធ្វើ​ទារុណកម្ម និង​ប្រមាថ​មើលងាយ​ដោយ​បង្ខំ​ឱ្យ​ស្រាត​ខោអាវ និង​អង្គុយ​លត់ជង្គង់​ ទាំង​ជើង​របស់​អ្នកស្រីមាន​របួស​រងការ​ឈឺ​ចាប់។

អ្នកស្រី សាត ផា ជា​សកម្មជន​តែង​តែ​ចូល​រួម​តវ៉ា​ផ្សេងៗ​ ហើយទើប​ត្រូវ​បាន​ដោះលែង​ កាល​ពីថ្ងៃទី​២៨​ ខែតុលា។ អ្នកស្រី​អះអាង​ថា រូបគាត់​ត្រូវបាន​បង្ខំ​ឱ្យ​ស្រាតខោអាវ​អស់​ពី​ខ្លួន និង​ឱ្យ​អង្គុយ​លត់​ជង្គង់​២​ដង កាល​ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្នុង​នោះ​លើកទី១ នៅ​សាលាដំបូងរាជធានី​ភ្នំពេញ និង​លើកទី​២ នៅ​ពន្ធនាគារ​ព្រៃស។

ស្ត្រី​ជា​សកម្មជន​រូបនេះ​ អះអាង​ថា នេះជា​ការ​ប្រមាថ​មើលងាយ​ធ្វើឱ្យគាត់​ឈឺចាប់​ក្នុង​ជីវិត​មិនអាច​បំភ្លេច​បាន។

អ្នកស្រី សាត ផា និយាយថា៖ «ខ្ញុំស្រែក​យំ ឈឺ​ចាប់​មែន​ទែន ដោយ​សារ​ម៉ែឪ ខ្ញុំ​ស្លៀក​ពាក់​ខោអាវ តាំង​ពី​តូច​មក មិន​ដែល​ឱ្យខ្ញុំស្រាត​លត់​ជង្គង់​អយុត្តិធម៌​ចឹង​ទេ»។

អ្នកនាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា មាន​ប្រសាសន៍​ថា គោលការណ៍ពន្ធនាគារ​មិន​អនុវត្តន៍​ដោយ​ឱ្យមានការ​ស្រាត​ខោអាវ ឬ​បៀតបៀន​អ្វី​នោះ​ទេ គឺ​មាន​តែការ​ឱ្យអ្នក​ដែល​ត្រូវ​ជាប់ឃុំ​នោះ​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ដោយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ខាង​ពន្ធនាគារ​ក៏ចង់​ស្រាវជ្រាវ​ស្វែងរក​ការពិត​លើ​ករណី​នេះ​ដែរ។

លោកថ្លែង​ថា៖ «ខ្ញុំត្រូវ​ការ​ស្រាវជ្រាវ​រឿងនេះ​ឱ្យច្បាស់​សិន ហើយ​បើ​ថា គាត់​មាន​ក្តីកង្វល់​មានការ​រំលោភបំពាន មានការ​ធ្វើអំពើ​បន្ទាបបន្ថោក អាណឹង​គាត់​អាច​ដាក់​ពាក្យ​ប្តឹង ដើម្បីឱ្យក្រសួង​បញ្ជា​ទៅ​អគ្គនាយកដ្ឋាន​ធ្វើការ​ពិនិត្យ​រឿង​ណឹង។ តាម​ធម្មតា​យើង​អត់​ដែល​ធ្វើ​ចឹងដាក់​អ្នកណា​ទេ អត់​មាន​គោលការណ៍​ឱ្យមនុស្ស​ស្រាត​នៅ​ចំពោះ​មុខ​គ្នា​ចឹង​ទេ»។​

លោក នុត សវនា បញ្ជាក់​ទៀត​ថា បើសិន​ជា​ក្រោយ​ពេល​ដែល​មាន​ការ​ស្រាវជ្រាវ​ហើយ​ រកឃើញ​ថា អ្នកស្រី សាត ផា ប្រឌិត​រឿង​នេះ​ឡើង​នោះ គឺ​អ្នក​ស្រី​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​

លោកបាន​គូស​បញ្ជាក់​ថា៖ «បើថា អត់​ទេ គាត់​ក៏​ទទួល​ខុសត្រូវ​ដែរ គាត់​អ្នក​ប្រឌិត​រឿង​នេះ​ឡើង។​ ជួនកាល​យើង​ឃើញ​ជាក់ស្តែង​ហើយ សកម្មជន​យើង​គាត់​ពូកែណាស់​រឿង​ថ្លាថ្លែង ឱ្យ​គេអាណិតណឹង ចឹង​ខ្ញុំ​មិន​ជឿ គាត់​១០០​ភាគ​រយ​ទេ»

ជាការ​បញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ អ្នកស្រី សាត ផា បញ្ជាក់​ថា អ្នកស្រី​ហ៊ាន​ទទួល​ខុសត្រូវ​នូវ​អ្វីដែល​គាត់​អះអាង​ហើយ​ថា គាត់​នឹង​ទៅ​ប្រាប់​ទីតាំង និង​ឈ្មោះ​អ្នក​ពាក់ព័ន្ធ​ដែល​បាន​បំពាន​លើរូប​គាត់។

អ្នកស្រី​និយាយ​ថា៖ «ខ្ញុំហ៊ាន​ប្រឈម​ខ្ញុំអត់​ខ្លាច​ទេ ខ្ញុំទៅ​ចង្អុល​កន្លែង​គេស្រាត​ខោអាវ​ ខ្ញុំ​អាចទៅ​ចង្អុល​កន្លែង​បន្ទប់​ទឹក​ទៀត អគារ​គេឱ្យ​ខ្ញុំទៅ​ដេក​ណឹង ខ្ញុំចាំ​ទៀត ខ្ញុំ​អត់​ភ្លេច​ទេ»។​

អ្នកស្រី​បញ្ជាក់​ថា ពេល​នៅ​តុលាការ មន្ត្រី​នគរបាល​ជា​ស្ត្រី​២​នាក់ អាយុ​ជាង​២០​ឆ្នាំ បង្ខំ​ឱ្យ​គាត់ស្រាត​ខោអាវ និង​លត់ជង្គង់ ហើយ​នៅពេល​ដល់​មណ្ឌល​អប់រំ​កែប្រែ​ម១​ មន្ត្រី​ពន្ធនាគារ​ជាស្ត្រីម្នាក់ឈ្មោះ កា ក៏​បាន​ឱ្យ​អ្នក​ជាប់​ឃុំ ៣នាក់ បង្ខំ​ស្រាត​សម្លៀក​បំពាក់​របស់​គាត់​ទៀត​។​​

អ្នកស្រី​ សាត ផា បញ្ជាក់ថា ពេល​ដែល​គាត់​ជា​ជំងឺ​ជើង រូបគាត់​និង​បន្តដាក់​ពាក្យ​ប្តឹង​ករណី​នេះទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ ដើម្បី​រកយុត្តិធម៌​សម្រាប់​ខ្លួន​ឯង និង​ដើម្បី​បង្ការ​កុំឱ្យមាន​អំពើ​បែបនេះ​កើតឡើង​លើ​អ្នក​ផ្សេង​ទៀត។

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា លើកឡើង​ថា បើសិន​ជា​មាន​ករណី​កើត​ឡើង​បែបនេះ​មែន​នោះ គឺជាការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ លោក​ជំរុញ​ឱ្យមន្ត្រី​ពាក់ព័ន្ធ​យក​ចិត្ត​ទុកដាក់​ស៊ើបអង្កេត​លើ​ករណី​នេះ។​

លោកបាន​ថ្លែង​ថា៖ «បើមិនមាន​ការ​បើក​គណៈកម្មការ​ស្រាវជ្រាវ​ក្នុង​រឿងហ្នឹង​ទេ យើង​ព្រួយបារម្ភ​ថា រឿង​របៀប​នេះនឹង​កើត​មាន​ឡើង​បន្ត​ទៀត ហើយ​នឹង​មាន​ជនរងគ្រោះ​ផ្សេងៗ​ទៀត ដូច​អ្នក​ស្រី សាត ផា ចឹង​ដែរ។ ចឹង​គម្បី​មាន​វិធានការ​ឱ្យបាន​ច្បាស់លាស់»។​

អ្នកស្រី សាត ផា វ័យ៤៩ឆ្នាំ ធ្លាប់​ចេញ​មុខ​តវ៉ា​រឿង​ដី​ធ្លីជុំវិញ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ចូលរួម​ក្នុង​សកម្មភាព​តវ៉ា​ផ្សេងៗ​ដែល​អ្នកស្រី អះអាងថា ដើម្បី​ទាមទារ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​អនុវត្តច្បាប់​ឱ្យបាន​ត្រឹមត្រូវ។​ អ្នកស្រី​ត្រូវបាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០​ ខណៈអ្នកស្រី​ចូលរួម​តវ៉ា​ជាមួយ​ក្រុមស្ត្រី​ផ្សេង​ទៀត នៅ​មុខស្ថាន​ទូតចិន​ប្រចាំ​នៅ​កម្ពុជា​ ហើយ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់ ពី​បទ ញុះញង់​បង្ក​ឱ្យ​មានភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម ហើយ​ត្រូវបាន​ដោះលែង​ឱ្យនៅក្រៅឃុំ​វិញ​នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៕

អត្ថបទដោយ៖ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ