ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដើម្បីជួយ ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុងចំនួន៣ និងដើម្បីបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឱ្យដឹងថា ក្រោមគម្រោងវិនិយោគដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុងកំពត ខេត្តកំពត និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និង សំណល់រឹងបានល្អប្រសើរ។ វានឹងជួយទីក្រុងទាំងនេះកាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។
បើតាមប្រភពដដែលបានបញ្ជាក់បន្ថែមថា នៅក្រុងបាវិត និង ប៉ោយប៉ែត គម្រោងនេះនឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និង ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និង កន្លែងចាក់សំរាម។ រីឯនៅក្រុងកំពត ខេត្តកំពតវិញ គម្រោងនេះនឹងពង្រីកបណ្តាញលូទឹកស្អុយ និង គាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការផ្តល់សេវាកម្មគ្រប់គ្រាន់។
អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB លោកស្រី Wei Kim Swain បានមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនកំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ [secondary cities] ប៉ុន្តែ លទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឱ្យជីវភាពរស់នៅកាន់តែពិបាក និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង»។
លោកស្រីបន្ថែមថា៖ «គម្រោងនេះនឹងជួយរាជរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និង ផលប៉ះ ពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។ វាក៏នឹងជួយអាជ្ញាធរក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ»។
ADB បានលើកឡើងថា ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងនៅកម្ពុជាបានកើនឡើងដល់ ៦ លាននាក់ក្នុងឆ្នាំ ២០១៩ ពី ២,៦ លាននាក់ក្នុងឆ្នាំ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាលក្រុងក្នុងការផ្តល់សេវាកម្ម។ នៅឆ្នាំ២០១៩ ប្រមាណ ៤៧% នៃប្រជាពលរដ្ឋរស់នៅតាមទីក្រុងនៅប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់ទឹកស្អាតតាមលំនៅដ្ឋាន។ ទឹកលូ ដែលមិនបានសម្អាត ជាទូទៅ ត្រូវបង្ហូរទៅក្នុងទីចំហ តាមរយៈលូរួម និងលូទឹកបង្កប់តាមផ្លូវ ឬដោយប្រយោលតាមប្រឡាយចំហ។ សេវាកម្មសម្អាតសំណល់រឹងក៏នៅមានកម្រិត។ មួយភាគធំនៃសំណល់រឹងត្រូវបានទុកចោល ចាក់ចូលក្នុងប្រឡាយចំហ ទីវាល ឬ ដុតចោល។
បើតាមសេចក្តីប្រកាសរបស់ ADB គម្រោងថ្មីរបស់ ADB នេះ នឹងត្រូវបានគាំទ្រដោយជំនួយបច្ចេកទេសចំនួន ២ លានដុល្លារបន្ថែម ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction)។ ជំនួយបច្ចេកទេសនេះនឹងផ្តោតលើការអភិវឌ្ឍ ទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវផែនការប្រើប្រាស់ដី ក៏ដូចជា សមត្ថភាពស្ថាប័ន និង អភិបាលកិច្ច។
ធនាគារអភិវឌ្ឍន៍អាស៊ី បានប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕