សាច់ញាតិ​ក្មេងស្រី​ដែល​ត្រូវ​បាន​គេ​រំលោភ​សម្លាប់ ទទូច​ឱ្យ​សមត្ថកិច្ច​ចាប់​ឃាតករ​មក​ផ្ដន្ទាទោស

កងរាជអាវុធហត្ថ និងមន្ត្រីសមត្ថកិច្ចមូលដ្ឋាន សម្រួលចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅមុខសាលាស្រុកចំការលើ ខេត្តកំពង់ចាម ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អធិការដ្ឋាននគរបាលស្រុកចំការលើ ខេត្តកំពង់ចាម)

ក្រុមគ្រួសារក្មេងស្រីដែលត្រូវបានគេរំលោភសម្លាប់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ទទូចឱ្យ​សមត្ថកិច្ចស្វែងរក​​ឃាត​ករ​យកមកផ្ដន្ទាទោស ​ធ្វើយ៉ាងណាកុំឱ្យករណីនេះកើតឡើងទៅលើក្មេងស្រីដទៃទៀត។

ការស្នើនេះ​ធ្វើឡើង​​ក្រោយមានព័ត៌មានផ្សព្វផ្សាយពីមន្ត្រីមូលដ្ឋាន និងអ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ថា ក្មេងស្រីវ័យ១៦ឆ្នាំ ជាសិស្សថ្នាក់ទី​១២ នៃវិទ្យាល័យ​មួយ​នៅ​​ស្រុកចំការ​លើ ខេត្តកំពង់ចាម ត្រូវបានជនល្មើសមួយ​ក្រុម​រំលោភ​សម្លាប់ ក្រោយចេញពី​សាលារៀនត្រលប់​ទៅ​ផ្ទះវិញ។

ម្តាយមីងរបស់ក្មេងស្រីរងគ្រោះ អ្នកស្រី រ៉ាន់ វាសនា បាន​ឱ្យ​ដឹង​​នៅថ្ងៃទី​២២ ខែវិច្ឆិកា​នេះថា ​អ្នកស្រី​​ចង់​ឱ្យសមត្ថកិច្ចស្វែង​រក​​​ឃាតករ​​មក​ផ្ដទ្ទាទោស​​តាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនក្មួយរបស់គាត់​។​

អ្នកស្រីនិយាយ​ថា៖ «ចង់ឱ្យចាប់ឱ្យបាន [ដើម្បី] យកមកផ្ដន្ទាទោស! ហើយ [ចង់ឱ្យសមត្ថកិច្ចជួយ] ធ្វើម៉េចកុំ​ឱ្យ​ថ្ងៃក្រោយ​មានរឿងអ៊ីចឹងទៀត​ចំពោះក្មេង​ស្រីដទៃ។ ក្រុមគ្រួសារខ្ញុំគេថា បើចាប់ជនល្មើស​បាន គាត់ចង់សុំមើលមុខជនល្មើស​បន្តិច»។

សមាជិកក្រុមប្រឹក្សាឃុំចំការអណ្ដូង ស្រុកចំការលើ លោក អ៊ិត និត្យ លើកឡើងថា នៅកន្លែងកើតហេតុ នាថ្ងៃទី២០ ខែវិច្ឆិកា វេលាម៉ោង៥រសៀល គេឃើញមាន​សាកសព​នារី​ម្នាក់ និងម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងម៉ូតូ១គ្រឿងទៀត​ដែលទំនងជារបស់ជនសង្ស័យ ទើបជាហេតុឱ្យអាជ្ញាធរអាច​កំណត់​មុខសញ្ញាជនសង្ស័យបានម្នាក់។

លោកបន្តថា៖ «ធ្លាប់តែឃើញ [ករណីរំលោភសម្លាប់នៅ] ខេត្តនានា ដល់ពេលឃុំខ្ញុំ ករណីទី១ហើយ។ អារម្មណ៍របស់ខ្ញុំគឺអាណិតក្មេងស្រីដែលគាត់ជាក្មេងកំព្រា មានតែម្ដាយ ហើយម្ដាយទៅថៃទៀត រស់នៅជាមួយយាយ។ គាត់ទៅរៀននៅវិទ្យាល័យសម្ដេចហ៊ុនសែនថ្នល់បែក រវាងពីភូមិលេខ២ មកដល់ភូមិ១១ មានចំនួន៤ទៅ៥គីឡូម៉ែត្រ វាស្ងាត់ហើយ តាមផ្លូវកៅស៊ូទៀត អត់មានផ្ទះពលរដ្ឋទេ ដាច់ស្រយាល»។

ចំណែកមេភូមិ១១ ឃុំចំការអណ្ដូង លោក ឃឹម នាត មាន​ប្រសាសន៍ថា​៖​ «ខ្ញុំមើលទៅប្រជាពលរដ្ឋ ក៏ដូចជាក្មេងស្រីក្នុងភូមិ ពេលមានបញ្ហានេះកើតឡើង ធ្វើឱ្យក្មេងដែលទៅរៀននៅសាលាមានការតក់ស្លុតភ័យខ្លាចណាស់ដែរ»។

បើតាមលោក ឃឹម នាត មន្ត្រីជំនាញដាក់ការសង្ស័យថា ជនប្រព្រឹត្តិប្រហែលមានសមាជិក៥នាក់។ យ៉ាងណា លោកថា ករណីនេះ មន្ត្រីពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេតដើម្បីចាប់ជនល្មើស ខណៈមកទល់​ល្ងាច​ថ្ងៃចន្ទនេះ សមត្ថកិច្ចផ្ដល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋានថា ចាប់បានជនសង្ស័យម្នាក់អាយុជាង​១០​ឆ្នាំ។

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំការអណ្ដូង លោក ញ៉ែម អុល មានប្រសាសន៍​យ៉ាងខ្លីថា សមត្ថកិច្ចចាប់ជនសង្ស័យបានម្នាក់ហើយនៅថ្ងៃចន្ទនេះ។  ​

លោកបញ្ជាក់ថា៖ «ចាប់ជនសង្ស័យបានម្នាក់ ទើបឃាត់ខ្លួនថ្ងៃមិញហ្នឹង។ យើងកំពុងធ្វើការបន្ត»។

អាជីវករលក់ភេសជ្ជៈនៅរាជធានីភ្នំពេញ អ្នកស្រី ទូច ចាន់ណា ​ដែលបានឃើញព័ត៌មាននេះលើបណ្ដាញសង្គមហ្វេសប៊ុក និយាយថា ករណីនេះគឺជា​រឿងឃោរឃៅ និងទាមទារឱ្យសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរ៉ឹងលើជនល្មើស។

អ្នកស្រីបន្តថា៖ «ករណីរំលោភសម្លាប់ហ្នឹង វាកើតឡើងដោយសារការមើលរឿងច្រើន [វីដេអូអាសអាភាស] ត្រាប់តាមច្រើនពេក ទូរសព្ទបញ្ចេញឱ្យឃើញច្រើនពេក បានទៅជាមិនថាក្មេង មិនថាចាស់ ភាគច្រើនចេញមកពីរឿងហ្នឹងទាំងអស់»។

​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ លោក ​អំ សំអាត មានប្រសាសន៍ថា ជាធម្មតា បើសិនជាបទល្មើសនៃការរំលោភសេពសន្ថវៈ មិនថារំលោភសម្លាប់ ឬរំលោភមិនសម្លាប់ឡើយ បើកើតឡើងច្រើនករណី នោះបទល្មើសឧក្រិដ្ឋក៏កើតច្រើនដែរ។

លោកថា ករណីនេះ សមត្ថកិច្ចគប្បីស៊ើបអង្កេតរកជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន។

លោក ​អំ សំអាត បន្ត​ថា៖ «ក្រមព្រហ្មទណ្ឌគេមានចែងហើយ ​យើងអត់មានទោសប្រហារជីវិត ប៉ុន្តែមានទោស [ជាប់ពន្ធនាគារ] អស់មួយជីវិត។ គាត់អាចជាប់ទោសអស់មួយជីវិត បើសិនជាចូលលក្ខខណ្ឌដែលសាហាវឃោរឃៅ ដែលត្រូវកាត់ទោសអស់មួយជីវិត។ អ៊ីចឹងយើងត្រូវអនុវត្តឱ្យបានតឹងរ៉ឹង។ ទី២ គឺចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង បានន័យថា ការស៊ើបអង្កេត ការស្រាវជ្រាវ ត្រូវតែស្វែងរកជនដែលបង្ក ដោយយកទៅអនុវត្តតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង»។

លោកក៏បានជំរុញដល់​​រដ្ឋាភិបាល​គួរតែពិនិត្យទៅលើដើមចមដែលធ្វើឱ្យមានករណីរំលោភសេពសន្ថវៈកើតឡើង​ច្រើន ហើយ​​ស្ថាប័ន​ពាក់ព័ន្ធត្រូវមានយន្តការមួយចំនួន ដើម្បី​ទប់ស្កាត់កុំឱ្យបទល្មើសទាំងនោះកើតបន្តទៀត។

បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះ ក្នុងមួយ​ឆ្នាំៗ អង្គការលីកាដូទទួលបានការពឹងពាក់ពីជនរងគ្រោះ មិនតិចជាង២០០​ករណី​ទេ​ ពាក់ព័ន្ធការរំលោភសេពសន្ថវៈលើស្រ្តី និងកុមារ នៅ១៤ខេត្ត​-រាជធានី ដែលមានមន្ត្រីអង្គ​ការនេះធ្វើការ។ ប៉ុន្តែលោកថា នៅទូទាំងប្រទេសអាចមានច្រើនករណីទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ