កម្ពុជា​ចំណាយ​ថវិកា​ប្រមាណ​២៣០០​លាន​ដុល្លារ​លើ​ការ​ដោះស្រាយ​វិបត្តិ​កូវីដ-១៩

បុរសពីរនាក់ជញ្ជូនពូកសម្រាប់ប្រាស់ក្នុងការព្យាបាលអ្នកឆ្លងកូវីដ-១៩ ស្ថិតនៅអគារវិមានពិភពថ្មីសែនសុន និងអគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលរាជធានីភ្នំពេញ)

ប្រមុខរដ្ឋាភិបាលឱ្យដឹងថា កម្ពុជាបានចំណាយ​ថវិកា​អស់​ប្រមាណ២ ៣០០លាន​ដុល្លារ​អាមេរិក សម្រាប់​​ដោះ​ស្រាយ​​បញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលចំនួននេះស្មើ​នឹងតម្លៃសាង​សង់​ស្ពាន​រហូតដល់២០ស្ពាន។

នៅក្នុងពិធីសម្ពោធស្ពាន​ឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងការ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ​៧១C នៅថ្ងៃ​អង្គារ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា កន្លង​មក រដ្ឋាភិ​បាល បាន​ដាក់ផែនការ​ឱ្យ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ សន្សំ​សាច់ប្រាក់ ដើម្បី​បម្រុង​​ទុក​​សម្រាប់​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់នានា ដែលការសន្សំ​នោះ​​​មាន​ទឹក​ប្រាក់​ប្រមាណជាង៤ ០០០លាន​ដុល្លារអាមេរិក។

តែយ៉ាងណា លោកថា ដោយសារមានវិបត្តិកូវីដ-១៩ បាន​ធ្វើ​ឱ្យ​កម្ពុជាត្រូវ​ដកថវិកាមួយចំនួន​ធំ​ សម្រាប់​ការ​ចំណាយនិងដោះស្រាយបញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ។

​​លោក​បាន​​ថ្លែងថា៖ «ខ្ញុំមានការសោកស្ដាយនៅត្រង់ថា អាកូវីដ-១៩ វាបានស៊ីស្ពានរបស់ខ្ញុំអស់ប្រហែលជា២០ស្ពាន គិត​តម្លៃខ្ពស់​ផង […] គោលដៅរបស់ខ្ញុំ ហោចណាស់​ប្រើ ២ភាគ៣ ដើម្បីសម្រុកលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា​ការ​សាងស​ង់​ស្ពាន​ជាដើម […] ប៉ុន្តែមិននឹកស្មានថា អាកូវីដ-១៩ វាទទួលទានអស់២ ៣០០លានដុល្លារ ដើម្បី​ដោះស្រា​យបញ្ហាកូវីដ អ៊ីចឹងធ្វើឱ្យ​យើងត្រូវបន្តស្នើសុំមិត្តចិនជួយបន្តទៀត»

គួរបញ្ជាក់ថា កម្ពុជាបានប្រកាស​​រកឃើញករណីវិជ្ជមាន​កូវីដ-១៩ ជាលើកដំបូង ទៅ​លើ​បុរស​ជន​ជាតិ​ចិន​ម្នាក់ដែល​​ស្នាក់​នៅ​ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយ​ជំងឺផ្លូវដង្ហើមមួយនេះបាន​ឆ្លង​រាល​​ដាល​​ចូលដល់ស​ហគមន៍​ជាបន្ត​បន្ទាប់​រហូត​មក​ដល់​ប​ច្ចុប្បន្ននេះ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៩ ៩៤៣​នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៦ ៣២០នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៩០៩នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៧៨៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ