ប្រធាន​អង្គការ​មួយ​លើក​ទឹកចិត្ត​ឱ្យ​លោក ម៉ៅ ធនិន បកស្រាយ​ពី​ប្រភព​ទ្រព្យសម្បត្តិ

លោក​ ម៉ៅ​ ធនិន​ ​អភិបាល​ខេត្ត​កំពត​ ចុះជួបសម្របសម្រួល​ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ក្នុង​វេទិកា​សាលា​ខេត្ត​កំពត​ និង​ទទួល​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដើម្បី​លើក​យក​មកដោះ​ស្រាយ​ពេល​ក្រោយ ថ្ងៃទី​២៥​ ខែ​តុលា​ ឆ្នាំ​២០២១​​​។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ជាគំរូល្អសម្រាប់មន្ត្រីផ្សេងៗទៀត បើសិនជាលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមលាតត្រដាងពីប្រភពទ្រព្យសម្បត្តិប្រាប់ទៅសាធារណជនមួយចំនួន​ដែលមានការសង្ស័យជាប់ពាក់ព័ន្ធអំពើពុករលួយនោះ។​

រូបភាពនិងវីដេអូភូមិគ្រឹះរបស់លោក ម៉ៅ ធនិន ដែលសាងសង់ឡើងដោយឈើប្រណិត ត្រូវបាន​ចែក​ចាយ​នៅលើ​បណ្ដាញ​សង្គ​មជាបន្តបន្ទាប់។ មតិខ្លះបានលើកឡើងថា ទ្រព្យសម្បត្តិដែលមានច្រើននេះមិនសមាមាត្រទៅនឹងប្រាក់ខែមន្ត្រីរាជការ។

គណនីហ្វេស​ប៊ុក​​ឈ្មោះ Chham Channy ជាអ្នកប្រើប្រាស់បណ្ដាញ​សង្គម​​ហ្វេសប៊ុកម្នាក់ក្នុង​ចំណោមអ្នកលេងហ្វេសប៊ុកផ្សេងទៀត លើកឡើងពីចម្ងល់នៃប្រភពទ្រព្យសម្បត្តិរបស់លោក ម៉ៅ ធនិន ដោយមានភ្ជាប់ជាមួយរូបភូមិគ្រឹះ រូបលោក ម៉ៅ ធនិន និងសំណួរ។​

គណនី​ Chham Channy បញ្ចេញមតិក្នុង​រូបភាពនិងវីដេអូនោះថា​៖ «ឥលូវអ៊ុំសួរឯង តើឯងដឹងទេថាអ៊ុំបានលុយពីណាមកសង់ផ្ទះលើដី៧ហិកតា?​»​

ម្ចាស់គណនីដែលប្រើ​ប្រាស់​យូធូប ឈ្មោះ DaDa បាន​បញ្ចេញមតិថា៖ «អ្នកធ្វើការរាជការ តើប្រាក់ប៉ុន្មានបានធ្វើភូមិគ្រឹះរាប់លានអ៊ីចឹង»។

ម្ចាស់គណនីដែលប្រើ​ប្រាស់​យូធូប ឈ្មោះ BOB បាន​ចោទជាសំណួរដែរថា​៖ «ប្រាក់ខែប៉ុន្មាន? ឋានៈត្រឹមអភិបាលខេត្ត! សូមបងប្អូនពិចារណា»។​

លោក ម៉ៅ ធនិន ជាអតីតអភិបាលខេត្តពោធិ៍សាត់ ហើយទើបផ្លាស់ប្ដូរឱ្យទៅគ្រប់គ្រងខេត្តកំពត។ លោកត្រូវបានពលរដ្ឋស្គាល់តាមរយៈការ​​សម្របសម្រួលរបស់​លោក ក្នុងការ​​ដោះស្រាយវិវាទ​ក្រៅប្រ​ព័ន្ធ​តុលាការ ហើយថ​ត​ផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក។​

​លោក ប៉ិច ពិសី មានប្រសាសន៍ថា ជាគោលការណ៍ច្បាប់ មិនបានតម្រូវឱ្យអភិបាលខេត្តបកស្រាយ​ទ្រព្យសម្បត្តិរបស់ខ្លួនប្រាប់ទៅសាធារណជននោះទេ។ ប៉ុន្តែលោកថា បើសិនជាលោក ម៉ៅ ធនិន ស្ម័គ្រចិត្ត​បកស្រាយដោយខ្លួនឯងនោះ គឺជារឿងល្អ ដែលអាចលុបបំបាត់មន្ទិលសង្ស័យរបស់​សាធារណជន​មួយចំនួន​បាន​។​

លោក ប៉ិច ពិសី ថ្លែងថា៖ «បើសិនជាគាត់ [លោក ម៉ៅ ធនិន] ស្ម័គ្រចិត្តបកស្រាយឬពន្យល់ អាហ្នឹងគឺជាគំរូមួយ! បើសិនមន្រ្តីណាចង់បង្ហាញតម្លាភាពរឿងហ្នឹង វាជាគំរូល្អមួយ យើងលើកទឹកចិត្ត»។

លោក ប៉ិច ពិសី បញ្ជាក់ផងដែរថា ករណីគ្រាន់តែឃើញមន្ត្រីមានទ្រព្យសម្បត្តិច្រើន មិនអាចសន្មតថាមន្ត្រីនោះពាក់ព័ន្ធអំពើពុករលួយបានទេ លើកលែងតែមានភស្តុតាងមកបញ្ជាក់បន្ថែម។​

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វីអូឌី បាន​ព្យាយាម​សុំ​ការអត្ថាធិប្បាយ​ពីលោក ម៉ៅ ធនិន ដើម្បីសុំឱ្យមានការបកស្រាយលើករណីនេះ។ ដំបូងឡើយ ទូរសព្ទភ្ជាប់ការសន្ទនាបានធម្មតា ដល់ពេលដែលចោទសួររឿងប្រភពទ្រព្យសម្បត្តិ​របស់​លោក​ ទូរសព្ទក៏ដាច់ ហើយហៅចូលជាច្រើនដងទៀត តែមិនមានអ្នកទទួល។​

នៅថ្ងៃទី២២ ខែវិច្ឆិកា អ្នកសារព័ត៌មាន វីអូឌី ព្យាយាមទាក់ទងទៅលោកអភិបាលខេត្តរូប​នេះ​​ម្តង​ទៀត ហើយ​​លោក​​ទទួលទូរសព្ទ តែមិនបកស្រាយមន្ទិលសង្ស័យរបស់អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ជុំវិញ​​ប្រភពទ្រព្យសម្បត្តិរបស់លោកនោះទេ។​

លោក ម៉ៅ ធនិន ថ្លែងថា៖ «បងគ្មានអីដែលត្រូវឆ្លើយជាមួយប្អូនទេ! បងសុំទោស»។​

តាម​អនុក្រឹត្យស្ដីពីការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែដល់​សមាជិ​ក​ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង- ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងមន្ត្រីភូមិ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ គឺអភិបាលខេ​ត្ត​ទទួល​​បាន១ ២១០ ០០០រៀល។ ចំណែកអនុក្រឹត្យស្ដីពីការកែប្រែនិងការដំឡើងប្រាក់ដំណាច់មុខងារមន្ត្រីរាជការស៊ីវិល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ គឺអភិបាលខេត្តទទួលបាន១ ០៣០ ០០០រៀល។​

អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរ​ឡាំង ប្រទេសអាល្លឺម៉ង់​ បានចេញផ្សាយរបាយការណ៍មួយនៅដើមឆ្នាំ២០២១ ឱ្យដឹងថា កម្ពុជា​ជាប់ចំណាត់ថ្នាក់ទី១៦០ ក្នុងចំណោមប្រទេសចំនួន១៨០នៅទូទាំងពិភពលោក។

ចំណាត់ថ្នាក់នេះបានបង្ហាញថា កម្ពុជានៅតែជាប្រទេសពុករលួយជាងគេបំផុត​ក្នុងចំណោមប្រទេសទាំង១០នៅតំបន់អាស៊ាន ដែលមានអំពើពុករលួយចាក់ឫសទាំងវិស័យសាធារណៈនិងវិស័យឯកជន។

របាយការណ៍បានសរសេរថា៖ «នៅកម្រិតតំបន់ ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណោមប្រទេសមានពិន្ទុទាបជាង​គេ​ទី​៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅលើតែប្រទេសអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសមានពិន្ទុទាបជាងគេក្នុងតំបន់អាស៊ានផងដែរ»។

ដើម្បីកាត់បន្ថយអំពើពុករលួយ និងជំរុញឱ្យមានតម្លាភាពសង្គម អង្គការតម្លាភាពកម្ពុជា បានអំពាវ​នាវ​ឱ្យរ​ដ្ឋាភិបាល​ពន្លឿនរបៀបវារៈនិងធ្វើការកែទម្រង់នូវចំណុចមួយចំនួន រួមមាន ការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសច្បាប់ស្ដីពី​ការប្រកាស​ទ្រព្យសម្បត្តិមន្រ្តីរាជការ ការបង្កភាពងាយស្រួលឱ្យមានការចូលរួមយ៉ាងសកម្មពីសង្គម​ស៊ីវិល​ ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋ​ តាមដានពីតម្លាភាពសង្គម រួមទាំង​ពង្រឹង​ការអនុវត្តច្បាប់ដោយស្មើភាព ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ