នាយក​រដ្ឋមន្ត្រី​បារាំង​ឆ្លង​វីរុស​កូវីដ-១៩

នាដើមខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីរបស់​ប្រទេស​បារាំង លោក Jean Castex ក្នុងថ្ងៃគោរពវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិដែលបានលះបង់ជីវិតកាលពីសម័យឆ្នាំ១៩៤០ និង១៩៥៨។ (ធ្វីតទ័រ៖ Jean Castex)

នាយករដ្ឋមន្ត្រីរបស់​ប្រទេស​បារាំង លោក Jean Castex ​បានឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីមានការ​បញ្ជាក់​​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​នៃ​វីរុស​នេះ ហើយ​បច្ចុប្បន្ន​ លោក​កំពុង​តែ​ដាក់​ខ្លួន​ឱ្យ​នៅដាច់ដោយឡែក។ នេះបើតាមការិយាល័យរបស់លោកដែលបានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញ។

លោក Jean Castex ដែលបានចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ពេញលេញ បានទទួលដំណឹងថា កូនស្រីរបស់ខ្លួនបានឆ្លងវីរុសនេះ បន្ទាប់ពីលោកវិលត្រលប់មកពីប្រទេសបែលហ្ស៊ិកវិញ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្ដី Alexander De CROO។ បន្ទាប់មក លោក Jean Castex ក៏ទទួល​​បាន​តេស្តវិជ្ជមានវីរុសកូវីដ-១៩ផងដែរ។

ទោះជាយ៉ាងណា ការិយាល័យរបស់លោកបានបន្ថែមឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍​មួយ​ថា នាយករដ្ឋមន្ត្រីរូបនេះនឹងបន្តបំពេញកិច្ចការងាររបស់ខ្លួន ដោយលោកនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់រយៈពេល១០ថ្ងៃ។

ករណីវិជ្ជមានវីរុសកូវីដ-១៩របស់លោក Jean Castex គឺកើតមានឡើងស្របពេលដែលបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនបាននិងកំពុងរឹតបន្តឹងវិធានការនានា ដើម្បីកាត់បន្ថយករណីឆ្លងនិងចំនួន​មនុស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺរាតត្បាត។

ជាមួយគ្នានេះ ប្រទេសអូទ្រីស កាលពីថ្ងៃចន្ទ ក៏បានសម្រេចបិទខ្ទប់ប្រទេសរបស់ខ្លួន​ឡើងវិញផងដែរ។

គិតរហូតមកដល់ពេល​បច្ចុប្បន្ន បារាំងមានការឆ្លងវីរុសកូវីដ-១៩ សរុបនៅក្នុងប្រទេសជាង៧លានករណី និងអ្នកស្លាប់ជាង១០ម៉ឺន​នាក់ ខណៈដែលក្នុងចំណោមប្រជាជន​សរុ​បរបស់ប្រទេស​នេះ ក្នុង​នោះ​មាន​ប្រមាណ​ជា ៦៩% ហើយដែលទទួលបានការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ពេញលេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ