លោក ហ៊ុន សែន ប្រកាស​បន្ត​វិធាន​បិទខ្ទប់​ដៃគូ​ប្រកួត​ដែល​លោកសេរី​គាំទ្រ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចុះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មេដឹកនាំបក្សកាន់អំណាច បង្ហាញជំហរជាថ្មីទៀតពីការប្រើវិធានបិទខ្ទប់ការប៉ុនប៉ងវិលត្រលប់​មកប្រ​ឡូក​​ក្នុ​ង​ឆាកនយោបាយវិញ ចំពោះ​​ក្រុមអ្នក​នយោបាយ​ដែលលោកហៅថា «ជ្រុលនិយម» បើទោះ​បីមា​នការគាបសង្កត់ពីអន្តរជាតិក៏ដោយ ក្រោមហេតុផលដើម្បីការពារស្ថិរភាពនយោបាយសម្រាប់ប្រទេស។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្ត​ភា​ព​កម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» នាថ្ងៃអង្គារនេះ។

ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា ប្រទេសប្រជាធិបតេយ្យដែលគាំទ្ររបបរដ្ឋប្រហារ​យោធា ទម្លាក់ស​ម្ដេច​ព្រះ​នរោត្ដម សីហនុ អំឡុង​ឆ្នាំ​១៩៧០ និងគាំទ្រអាសនៈខ្មែរក្រហម នៅអង្គការសហប្រជាជាតិ រយៈ​១២ឆ្នាំ ដោយថា បើទោះបីប្រទេសលោកសេរីទាំងនោះបានដឹងថា របបខ្មែរក្រហមបានកាប់ស​ម្លាប់​ពលរដ្ឋខ្មែរក៏ដោយ។

បញ្ហានេះ លោកគូសបញ្ជាក់ថា ប្រទេសទាំងនោះមិនបានបង្ហាញពីការសោកស្ដាយណាមួយពីកំហុសរបស់​ពួក​គេដែលរុញកម្ពុជាឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលនោះឡើយ ខណៈលោកថា លោកបានយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិចេញពីរបបកាប់សម្លាប់នោះ រហូតមក​ដល់​បច្ចុប្បន្ន។

លោកថា៖ «សូមបញ្ជាក់ជូនឱ្យ​ហើយ​ ក្នុង​តម្លៃណាក៏​ដោយ ហ៊ុន សែន មិន​ឱនក្បាល​ទទួល​យក​ការ​គាបសង្កត់​ណាមួយ​ដែលនាំទៅដល់អស្ថិរភាពនិងបាត់សន្តិភាពរបស់ប្រទេសទេ។ ហ៊ុន សែន សូមប្រ​កា​​សជាថ្មីម្តងទៀត​នៅស្រុកកំណើតរបស់ខ្លួន ទោះបីអូសបន្លាយអាណត្តិរបស់ខ្ញុំ​ប៉ុន្មាន​អាណត្តិតទៅ​ទៀ​ត​ក៏ដោយ ​ស្រេច​ក្បាលចិ​ត្តខ្ញុំ […]​ អ៊ីចឹងទុកឱ្យខ្ញុំលេងជាមួយពួកអាជ្រុលនិយមនោះ»។

យ៉ា​ងណា លោកបន្តកោតសរសើរប្រទេសចិនដែលបាន​​ផ្ដល់វ៉ាក់​សាំង​ប្រឆាំង​កូវីដ-១៩ និង​ជំនួយ​ផ្សេងៗតប​តាម​ការ​ចង់​បាន​របស់​កម្ពុជា ដែល​ថា​ ការណ៍​នេះខុស​ពី​ប្រទេស​មួយ​ចំនួន។

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានច្រានចោលការលើកឡើងរបស់​លោកនាយករដ្ឋមន្ត្រីនេះ ដោយថា​ ការចូលរួមក្នុងជីវភាព​នយោបាយជាសិទ្ធិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ​រប​​ស់​កម្ពុជា និងច្បាប់អន្តរជាតិមួយចំនួនទៀត។

មួយវិញទៀត លោកស្រី សុខហួរ ថាគណបក្សសង្គ្រោះជាតិក៏មិនមែនជាក្រុមជ្រុលនិយមដែរ ព្រោះគណបក្សនេះកើត​ចេញពីការបោះឆ្នោតមានពលរដ្ឋជាង​ពាក់កណ្ដាលប្រទេសផ្ដល់ទំនុកចិត្ត។

លោកស្រីថា៖ «បើសិនជាពួកខ្ញុំជ្រុលនិយម ខ្ញុំយល់ឃើញថា ពលរដ្ឋជាងពាក់កណ្ដាលនគរចេះវិនិច្ឆយជ្រើសរើសអ្នកតំណាងរបស់លោកហើយ»។

យ៉ាងនេះក្ដី លោកស្រី មូរ សុខហួរ យល់ឃើញថា មានតែការផ្សះផ្សាជាតិឡើងវិញទេ ទើបអាចបញ្ចៀសនូវ​វិបត្តិ​សង្គមទៅថ្ងៃអនាគតបាន។

អ្នកវិភាគសង្គម លោក គឹម សុខ មើល​ឃើញ​ថា សារព្រមានរបស់នាយករដ្ឋមន្ត្រីហាក់បានបង្កប់នូវភាពភ័​យ​ខ្លាចបា​ត់​បង់​អំណាច ដរាបណាអតីតដៃគូប្រកួតនៅមានលទ្ធភាព​​ត្រលប់មកប្រឡូកក្នុងឆាកនយោ​បាយ​ឡើង​វិញ។

លោកថា៖ «ការផ្ដល់ឱកាសឱ្យក្រុមប្រឆាំងមួយធ្វើសកម្មភាពនយោបាយនៅកម្ពុជាហ្នឹង មិនមែនព្រោះតែ​​ស្ថិរភាពនយោបាយដូចដែលលោក ហ៊ុន​ សែន និយាយទេ តែវាជាអស្ថិរភាពអំណាចរបស់លោក ហ៊ុន​ សែន និងកូនប្រុសរបស់គាត់។ ម្ល៉ោះហើយទើបលោក ហ៊ុន សែន ប្រកាសប្រើជីវិតចុងក្រោយរបស់គា​​ត់ហ្នឹងសម្អាតក្រុមអ្នកប្រឆាំង ដើម្បីសម្អាតផ្លូវទៅកាន់អំណាចរបស់កូនប្រុសគាត់»។

អតីត​គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយផាត់ចេញពីឆាកនយោបាយចាប់ពីចុងឆ្នាំ២០១៧​មក ក្រោយពីគណបក្សនេះដណ្ដើមបានអាសនៈជិតទាន់គណបក្សកាន់អំណាច។

សាលដីកា​នោះជាការបើកផ្លូវឱ្យរឹបអូសយកអាសនៈក្នុងសភា​ចំនួន​៥៥ និងឃុំ-សង្កាត់ចំនួន៥ ០០៧ យក​ទៅចែកគណបក្សផ្សេង ហើយ​​មន្ត្រី​អតីត​បក្សនេះចំនួន១១៨រូបត្រូវបានហាមធ្វើនយោបាយរយៈពេល​៥ឆ្នាំ ខណៈប្រធានគណបក្សនេះ គឺលោក កឹម សុខា កំពុងជាប់បណ្ដឹងនៅតុលាការនិង​ហាមធ្វើនយោបាយនៅឡើយ។

ប្រតិកម្ម​របស់​នាយករដ្ឋមន្ត្រីនេះ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​​ដាក់​ទណ្ឌកម្ម​​​មន្ត្រីយោធា​​ជាន់​ខ្ពស់​កម្ពុជា​ ​ពីរ​​​រូបបន្ថែម​​ទៀត រួមមាន លោក ចៅ ភិរុណ​ និង​លោក​ ទៀ វិញ​ ដោយ​ចោទថា​​បានប្រើប្រាស់​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ពាក់​ព័ន្ធ​​នឹង​​គម្រោង​​សាងសង់និង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ នៅ​ក្រុង​ព្រះសីហនុ។

គិត​ត្រឹម​​​ខែ​វិច្ឆិកា ឆ្នាំ២០២១​​នេះ មន្ត្រី​ជាន់ខ្ពស់យោធាកម្ពុជា ៤រូប និងឧកញ៉ាម្នាក់ ត្រូវបានសហរដ្ឋអាមេរិក​ដាក់​​ទណ្ឌកម្ម​ក្រោមច្បាប់នេះ ក្នុងនោះ​ រួម​មាន លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោក គន់ គីម ​អនុ​ប្រធាន​ទី១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​គ្រោះ​​មហន្តរាយ និង​ឧកញ៉ា ទ្រី ភាព។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បាន​ដាក់ទណ្ឌកម្ម​​ក្រុមហ៊ុនរដ្ឋ​ចិន UDG នៅខេត្តកោះកុងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ