ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)

ជនជាតិដើមភាគតិចពូនង​ ៨គ្រួសារ ​នៅស្រុក​អូររាំង ខេត្តមណ្ឌលគិរី រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយវិវាទដីធ្លី​ ដោយពួកគេ​ចោទអភិបាលស្រុក​អូររាំង​ និងបក្ខពួក ថាគប់គិតគ្នាលួច​ធ្វើបណ្ណកម្មសិទ្ធិ​លើដី​ពួកគេ​ ហើយ​លក់ឱ្យអ្នកផ្សេង។

ជនជាតិពូនង៣នាក់ តំណាងពលរដ្ឋ៨គ្រួសារ រស់​នៅភូមិពូឆប និងភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃ​អង្គារនេះ បាននាំគ្នាឡើង​មក​​ដាក់ញត្តិនៅក្រសួងរៀបចំដែនដី និង​ក្រសួងមហាផ្ទៃ ដើម្បីសុំដល់ថ្នាក់ដឹកនាំ​នៃស្ថាប័នទាំង២​នេះជួយ​ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ ដោយលើកឡើងថា ពួកគេ​កំពុងរងភាពអយុត្តិធម៌ ដោយសារ​អភិបាលស្រុកអូររាំង និងបក្ខពួក រំលោភយកដីធ្លីពួកគេ។

ក្នុងញត្តិដាក់ទៅក្រសួងរៀបចំដែនដី បានឱ្យដឹង​ថា កាលពីឆ្នាំ​២០២០ អភិបាលស្រុកអូររាំង លោក សៀក មុន្នី និង​បក្ខពួក បានគប់គិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិលើដីទំហំ៤២ហិកតារបស់ជនជាតិដើមភាគតិចពូនង៨គ្រួសារ ខណៈដីពួកគេបានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ននេះ។

ញត្តិដដែលបន្ត​ថា លើដីកំពុង​មាន​ជម្លោះ ​អ្នកភូមិបានធ្វើកសិកម្ម​ដោយ​បាន​ដាំ​ស្រូវ ដំឡូងមី និង​ដំណាំហូប​ផ្លែ​ ដូចជា ខ្នុរ ស្វាយចន្ទី រួមទាំង​ដំណាំផ្សេងៗ និងមួយផ្នែកទុកជាកន្លែងសម្រាប់ឃ្វាល​គោក្របី។

ជនជាតិដើមភាគតិចពូនងម្នាក់ទៀត ​លោក ម្លូស តេន ប្រាប់ វីអូឌី ក្រោយដាក់ញត្តិនៅក្រសួងរៀបចំដែនដី ថាក្នុងរយៈពេល២៣ឆ្នាំដែលពួកគេចូលអាស្រ័យ​ផលនិងកាន់កាប់នោះ គឺអ្នកភូមិមិនបានលក់ដូរទៅឱ្យបុគ្គលណា និងពុំដែលមានបុគ្គលណាឬអាជ្ញាធរណាមក​ជំទាស់​ដែរ ទើបតែនៅឆ្នាំ២០២០ អភិបាលស្រុកអូររាំង លោក សៀក មុន្នី និងបក្ខពួក បាន​លួចធ្វើប​ណ្ណកម្មសិទ្ធិលើដីនោះ ហើយបានគំរាមចាត់វិធានការច្បាប់លើម្ចាស់ដីថែមទៀត។

លោកបន្ថែមថា៖ «ពួកខ្ញុំជនជាតិដើមភាគតិច មានតែបន្តិចបន្តួច​ម្នាក់ទៀត​ហ្នឹង​ទេ សម្រាប់បង្ក​បង្កើន​ផលចិញ្ចឹម​ជីវិត។ បើគេយកអស់ ពួកខ្ញុំគ្មានដីអីសម្រាប់បង្កបង្កើនផលទៀតទេ អ៊ីចឹង​ខ្ញុំសុំឱ្យសម្ដេចក្រឡា​ហោម [ស ខេង] និង​សម្ដេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] ជួយដល់ពួកខ្ញុំ ជួយរកយុត្តិធម៌ដល់ពួកខ្ញុំជាជនជាតិដើមភាគតិចនេះ។ បើអស់ដីនេះ ពួកខ្ញុំគ្មានដីអី​សម្រាប់​បង្ក​បង្កើនផល​ធ្វើស្រែចម្ការ ឃ្វាល​គោឃ្វាល​ក្របីទៀតទេ»

វីអូឌី មិនអាចសុំ​ការ​ឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងអ្នកនាំក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានទេ។

ប៉ុន្តែបើតាមពលរដ្ឋ មន្ត្រីរដ្ឋបាល​នៃក្រសួងទាំង២នេះបាន​ទទួលយកញត្តិរបស់ពួកគាត់​ និង​សន្យាបញ្ជូន​ទៅ​ថ្នាក់​លើ​ពិនិត្យ។

ចំណែកអភិបាលស្រុកអូររាំង លោក សៀក មុន្នី ដែល​រង​ការ​ចោទប្រកាន់ មិនអាចសុំការ​ឆ្លើយតប​បានទេ ដោយទូរសព្ទ​ចូលគ្មានអ្នកទទួល។

អ្នកប្រឹក្សាយោបល់បណ្ដាញជនជាតិដើមភាគតិច​នៅខេត្តមណ្ឌលគិរី លោក គ្រឿង តុលា មាន​ប្រសាសន៍ថា នៅខេត្តមណ្ឌលគិរីមានរឿងអាជ្ញាធរគប់គិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិរំលោភយកដីធ្លីជនជាតិដើមភាគតិចជាច្រើនករណី ខណៈជនជាតិដើមភាគតិចមិនសូវមានចំណេះដឹង​ផ្នែកច្បាប់ និងការចុះបញ្ជីដីធ្លីរបស់ពួកគេនៅមានចំនួនតិចតួចនៅឡើយនោះ។

ករណីនេះ លោក​​​បាន​ស្នើ​ដល់​ក្រសួង​រៀបចំ​ដែន​ដី និងក្រសួងមហាផ្ទៃ ត្រូវចុះស៊ើប​អង្កេតករណីនេះ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។

លោកបន្ថែមថា៖ «តាមនីតិវិធី ពេលដែលទទួលបានពាក្យបណ្ដឹងហើយ គឺក្រសួងត្រូវចុះស្រាវជ្រាវរក​ការពិត ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ កន្លងមកនេះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងតែទទួលរង​គ្រោះ​ដោយសារដីធ្លី​របស់​ពួក​គាត់​​មិនមានប្លង់កម្មសិទ្ធិ ដីរបស់ពួកគាត់សម្គាល់ទៅលើការធ្វើស្រែចម្ការដំណាំ​តៗ​គ្នាប៉ុណ្ណឹងទេ។ អ្វីដែលកំហុសធំបំផុត គឺអាជ្ញាធរនៅមូលដ្ឋាន​ឃុំស្រុកហ្នឹង ដែលគាត់ជាអ្នកចុះហត្ថ​លេខា និងការធ្វើឯកសារផ្សេងៗហ្នឹង ហើយគាត់ត្រូវ[ទទួល]ខុសត្រូវលើរឿងទាំងនេះ និងទទួលទោសផងដែរ។ ជាញឹកញាប់ ប្រជាពលរដ្ឋគាត់តែ១ហិកតាទេ ប៉ុន្តែពេលធ្វើបណ្ណកម្មសិទ្ធិ ធ្វើយកទាំងអស់»

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលខេត្តមណ្ឌលគិរីថ្មី កាលពីខែតុលា ឆ្នាំ២០២១ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទទួលស្គាល់ថា ពិតជាមាន​ការប្រើអំណាចរំលោភយកដីរបស់​ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរដ្ឋនៅខេត្តភាគឦសានមួយនេះប្រាកដមែន។

រដ្ឋមន្ត្រីរូបនេះបានបង្ហាញការសោក​ស្ដាយចំពោះមន្ដ្រីមួយចំនួន ដែលលោកថា ​​បានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដីធ្លីប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់រដ្ឋនៅខេត្តមណ្ឌលគិរី មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ ហើយលោកចាត់ទុកករណីនេះថាជាភាពលោភលន់របស់មន្ត្រីទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ