នាវា​ចម្បាំង​អាមេរិក​មួយ​ត្រូវ​បាន​ប្រទះ​ឃើញ​ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់​ជាថ្មី​ម្ដងទៀត

ទាហានតៃវ៉ាន់ សាកល្បងត្រៀមរៀបចំខ្លួនសម្រាប់ថ្ងៃបុណ្យជាតិនៃដែនកោះតៃវ៉ាន់ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

នាវាចម្បាំងអាមេរិកមួយគ្រឿងត្រូវបានប្រទះឃើញ​បើក​ឆ្លង​កាត់​ច្រក​​សមុទ្រ​​តៃវ៉ាន់ (Taiwan Strait) ជាថ្មីម្ដងទៀត នៅថ្ងៃអង្គារនេះ ខណៈ​អាមេរិកចាត់ទុកថា​ជាសកម្មភាពដែលពួកគេត្រូវធ្វើឡើង​ជា​ប្រចាំ។

ទោះជាយ៉ាងណា សកម្មភាពខាងលើនេះបានបង្កឱ្យចិនមានការខឹងសម្បារ ដោយពួកគេលើកឡើងថា អាមេរិកកំពុងតែព្យាយាមធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិកដែលបានថ្លែងថា ការបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់​របស់នាវា​ចម្បាំងរបស់ខ្លួន ប្រភេទ Arleigh Burke ឈ្មោះ Milius គឺធ្វើឡើងជាប្រចាំនិងធម្មតាលើដែនទឹកអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ។

កងទ័ព​ជើង​ទឹកដដែលបានបន្ថែមថា៖ «ការបើកនាវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នេះ គឺជា​ការបង្ហាញ​អំពី​ការ​ប្ដេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក ចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីនិងបើកចំហ ខណៈដែលយោធាសហរដ្ឋអាមេរិកអាចធ្វើការហោះហើរ បើកបរនាវា និងធ្វើប្រតិបត្តិការបាននៅគ្រប់ទីកន្លែងទាំងអស់​ដែលច្បាប់អន្តរជាតិអនុញ្ញាត»។

កាល​ពី​ខែ​មុន យោធា​ចិន​ក៏ធ្លាប់បាន​ថ្កោលទោស​សហរដ្ឋ​អាមេរិក និង​កាណាដា​ ​ចំពោះ​ការ​បញ្ជូន​នាវា​ចម្បាំង​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​ពួកគេលើកឡើងថា ប្រទេសទាំងពីរនេះ​កំពុង​​គំរាម​កំហែង​​ដល់​​សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់។

គួរបញ្ជាក់ថា ប្រទេសចិននៅតែបន្តអះអាងថា កោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយបាននិងកំពុងព្យាយាមដាក់សម្ពាធយោធាមួយចំនួន រួមមាន សកម្មភាពពីសំណាក់កងទ័ពអាកាសរបស់ខ្លួនម្តងហើយម្តងទៀតនៅក្នុងដែនអាកាសតៃវ៉ាន់។

ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិកធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅថា ខ្លួននឹងគិតគូរ​អំពីការ​ការ​ពារ​កោះ​តៃវ៉ាន់ និងមានការប្តេជ្ញាចិត្តដើម្បីការពារកោះដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនមួយនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ