រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមក្នុង «កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ (Summit for Democracy)» របស់ខ្លួន ដែលធ្វើឡើងនៅខែក្រោយ នេះបើតាមបញ្ជីឈ្មោះអ្នកចូលរួមដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ហើយករណីនេះក៏នឹងទំនងជាធ្វើឱ្យចិនមានការខឹងសម្បារផងដែរ។
សម្រាប់បញ្ជីឈ្មោះដែលកំណត់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងនោះមានប្រទេសសរុបចំនួន១១០ ត្រូវបានអញ្ជើញសម្រាប់ព្រឹត្តិការណ៍ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ខណៈដែលកិច្ចប្រជុំនេះមានគោលបំណងជួយបញ្ឈប់ការអនុវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ការបាត់បង់សិទ្ធិនិងសេរីភាពនៅទូទាំងពិភពលោក។
ទោះជាយ៉ាងណា ប្រទេសចិន និងរុស្ស៊ី មិនស្ថិតនៅក្នុងបញ្ជីដែលត្រូវបានអញ្ជើញឱ្យចូលរូមក្នុងកិច្ចប្រជុំនេះទេ។
ទាក់ទិននឹងករណីនេះ ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងថា រដ្ឋាភិបាលរបស់ខ្លួននឹងត្រូវតំណាងដោយរដ្ឋមន្រ្តីឌីជីថល លោក Audrey Tang និងលោកស្រី Hsiao Bi-khim ដែលជាអ្នកតំណាងកោះតៃវ៉ាន់ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ក្រសួងការបរទេសតៃវ៉ាន់ ដែលបានថ្លែងថា៖ «ការអញ្ជើញប្រទេសរបស់យើងឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យនេះ គឺជាការបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ក្នុងការលើកកម្ពស់តម្លៃនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ»។
គួរបញ្ជាក់ថា ការអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមក្នុងកិច្ចប្រជុំដោយសហរដ្ឋអាមេរិកនេះ ធ្វើឡើងស្របពេលដែលភាពតានតឹងរវាងតៃវ៉ាន់និងចិនបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលចិននៅតែបន្តអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន។
ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិកក៏ធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅថា ខ្លួននឹងគិតគូរអំពីការការពារកោះតៃវ៉ាន់ និងមានការប្តេជ្ញាចិត្តដើម្បីការពារកោះដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនមួយនេះ៕












