អង្គការ​ជិត​៧០​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ

អ្នកកាសែតជាច្រើនឈរនៅមាត់ទ្វារហាងកាហ្វេមួយកន្លែង ពេលលោក រ៉ុង ឈុន ចរចាស្នើសុំធ្វើសន្និសីទពីអ្នកគ្រប់គ្រងហាង ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អង្គការសង្គមស៊ីវិលចំនួន៦៦​ស្ថាប័នបានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើកំណែទ​ម្រង់ច្បាប់និង​​ប្រព័ន្ធ​ដែលបណ្ដាលឱ្យមានការធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិសេរីភាព និងរឹត​ត្បិត​ការចូលរួមនយោបាយរបស់ពលរដ្ឋនៅកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា​នេះ អង្គការសង្គមស៊ីវិលទាំង៦៦ បាន​សាទរចំពោះការដោះលែងសកម្មជនសិទ្ធិមនុស្សចំនួន២៧​នាក់ ចាប់ពីថ្ងៃទី​៥ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា កន្លងទៅ។

ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល រួមមាន អង្គការសិទ្ធិ​មនុស្ស​លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បណ្ដាញយុវជនកម្ពុជា​ រួមទាំងសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិលជាច្រើនទៀត យល់ថា ភាគច្រើន​សកម្មជ​នទាំងនោះនៅតែបន្តប្រឈមមុខនឹងការចោទប្រកាន់​បទល្មើសព្រហ្មទណ្ឌ ឬនៅបន្តស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជា​មួយ​លក្ខខណ្ឌដ៏តឹងរ៉ឹងជាច្រើន ខណៈអ្នកសារព័ត៌មាន សកម្មជននយោបាយ អ្នកប្រើប្រាស់​បណ្ដាញសង្គម និងសកម្មជនដីធ្លីច្រើនជាង៦០​នាក់ទៀតកំពុងជាប់នៅក្នុងពន្ធនា​គារ ​ដោយ​សារការងារនិងភាពសកម្មនិយមរបស់ពួកគេ។

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បានលើក​ឡើង​ថា ការដោះលែងសកម្មជនសង្គម មេដឹកនាំសហជីព និងយុវជនបរិស្ថាន ដោយ​មានភ្ជាប់លក្ខខណ្ឌទាំង​នោះ ជាឧបសគ្គរារាំងមិនអាចឱ្យពួកគេបំពេញការងារ​ក្នុងការ​ការ​ពារ​សិទ្ធិ​មនុស្សឬបរិស្ថាន ការនិយាយអំពីភាពអយុត្តិធម៌ក្នុងសង្គម ឬ​ចូលរួម​ក្នុងសកម្ម​ភាពនយោបាយ​ដោយគ្មានការភ័យខ្លាចនឹងការចាប់ខ្លួន។

លោកបានបន្ថែមថា៖ «ព្រោះយើងឃើញថា សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជន​ធ្វើការងារសង្គម ដែលជាប់ពន្ធនាគារ ហើយទើបធ្វើការដោះលែង យ៉ាងហោចក៏២៧​នាក់​នេះ គឺគ្រាន់តែជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន និងសេរីភាពជាមូលដ្ឋានរបស់​ពួកគាត់ គឺសិទ្ធិក្នុងការសម្ដែងមតិនិងសិទ្ធិជួបជុំដោយសន្តិវិធីតែប៉ុណ្ណោះ»។

លោក​បន្តថា៖ «ប៉ុន្តែផ្ទុយទៅវិញ​ ពួកគាត់ត្រូវបានចោទប្រកាន់ ហើយត្រូវបានធ្វើការឃុំខ្លួន ហើយ តមកទៀត ទោះ​បី​ជា​មាន​ការ​ដោះលែង​ក៏​ដោយ ក៏ពួកគាត់មួយចំនួនស្ថិតនៅក្នុងលក្ខខណ្ឌនៃការដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ អ្នកខ្លះទៀត គឺដោះលែងដោយព្យួរសាកល្បងរយៈពេលពីរទៅបីឆ្នាំ ហើយភ្ជាប់ដោយលក្ខខណ្ឌតឹងរ៉ឹង ដែលគាត់មិនអាចអនុវត្តនូវសិទ្ធិសេរីភាពជាមូលដ្ឋាននិងសិទ្ធិជាមូលដ្ឋានរបស់គាត់បន្តទៅទៀតបាន»

សេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិលបានចាត់ទុកថា ការដោះលែងនេះមិនអាចជំនួសកំណែទ​ម្រង់​ជាមូលដ្ឋានទៅលើច្បាប់និងស្ថាប័ននានានៅប្រទេសកម្ពុជាបាននោះទេ។

ពួកគេបន្តថា ​ប្រជាពលរដ្ឋ​នៅតែបន្តប្រឈមនឹងការរឹតត្បិតជាបន្តបន្ទាប់ទៅលើសិទ្ធិសេរីភាព​ក្នុងការចូលរួមដោយសេរីក្នុងជីវិតនយោបាយ និងការជ្រើសរើសអ្នកដឹកនាំរបស់ពួកគេ ហើយថា សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានៅតែបន្តស្ថិតក្រោមការគំរាមកំហែងឥតឈប់ឈរពីប្រព័ន្ធតុលាការ ដែលលម្អៀងខាងផ្នែកនយោបាយនិងច្បាប់ដែលមានលក្ខណៈគាបសង្កត់។ ច្បាប់ទាំងនោះ រួមមាន វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញចុងក្រោយ វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីការបោះឆ្នោត ក៏ដូចជាច្បាប់សហជីព ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីការការពារជំងឺកូវីដ-១៩ ច្បាប់ស្ដីពីទូរគមនាគមន៍ និងអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិជាដើម។

សេចក្ដីថ្លែងការណ៍ដដែលបានទទូចឱ្យរដ្ឋាភិបាលគួរតែលុបចោលវិសោធនកម្មច្បាប់និងច្បាប់​ថ្មីៗ​ចុងក្រោយនេះ ដើម្បីស្ដារលំហសេរីភាពរបស់ពលរដ្ឋ និងសេរីភាពនយោបាយនៅ​ក្នុង​ប្រទេសកម្ពុជាឡើងវិញ។

លោក អំ សំអាត មានប្រសាសន៍ថា៖ «បាទ​! គ្រាន់តែ [សេចក្ដីថ្លែងការណ៍] ទី១ យើងសុំឱ្យ [តុលាការ] ទម្លាក់បទចោទប្រកាន់ចំពោះពួកគាត់ទាំងអស់គ្នា ដើម្បីឱ្យមានសេរីភាពពេញលេញវិញ។ ទី២ គឺសុំឱ្យពិនិត្យនៅ​ក្នុងការកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ប្រព័ន្ធ​យុត្តិ​ធម៌​ហ្នឹង ឱ្យទៅជាប្រព័ន្ធច្បាប់ ប្រព័ន្ធតុលាការមួយ​ធានានិងការពារនូវសេរីភាពជាមូលដ្ឋាន ក៏ដូចជាសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពលរដ្ឋ»

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល លោក កត្តា អ៊ន បានចាត់ទុកការដោះលែងសកម្មជនសង្គម បរិស្ថាន និងមេដឹកនាំសហជីព កន្លងមក គឺជាសំណាងមួយ បើធៀប​នឹង​ទោស​និង​បទល្មើសដែលពួកគេបានប្រព្រឹត្ត ស្របពេលដែលក្រសួងយុត្តិធម៌បានណែនាំឱ្យដោះលែងអ្នកទោសក្រោមលក្ខខណ្ឌដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ចំណែកការកែទម្រង់ប្រព័ន្ធយុត្តិធម៌វិញ លោកថា រដ្ឋាភិបាលកំពុងធ្វើមួយជំហានម្តងៗ។

លោកមានប្រសាសន៍ថា៖ «ការដែលតុលាការធ្វើបែបនេះ មិនមែនជាការបិទសិទ្ធិសេរីភាពនោះទេ សូមជម្រាបថា សិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗគឺជាការប្រើប្រាស់ដ៏ត្រឹមត្រូវ។ អង្គការសង្គមស៊ីវិល គាត់តែងតែបង្រៀនមនុស្សឱ្យចេះប្រើប្រាស់សិទ្ធិ ប៉ុន្តែគាត់អត់បានបង្រៀនមនុស្សឱ្យយល់អំពីកាតព្វកិច្ច ករណីយកិច្ចនៃការទទួលខុសត្រូវចំពោះការប្រើប្រាស់សិទ្ធិទេ អ៊ីចឹងហើយបានជាបងប្អូនមួយចំនួនត្រូវបានសមត្ថកិច្ចក្ដី តុលាការក្ដី មានចំណាត់ការផ្លូវច្បាប់ចំពោះទង្វើរបស់គាត់ គឺជាការរងគ្រោះមួយពីការបង្រៀនរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលមិនបានពន្យល់គាត់ថា យើងប្រើប្រាស់សិទ្ធិសេរីភាពដោយមានការទទួលខុសត្រូវ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ