សាច់ញាតិ​ជនរងគ្រោះ​ដែល​អតីត​មន្ត្រី​នគរបាល​ខេត្តព្រះសីហនុ​រំលោភ នៅតែ​ទទូច​រក​យុត្តិធម៌

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ ហេង វិចិត្រ)

ក្រុមគ្រួសារក្មេងស្រីរងគ្រោះដោយការរំលោភសេពសន្ថវៈពីសំណាក់អតីតមន្ត្រីនគរបាលនៅខេត្តព្រះសីហនុ នៅតែទទូចរកយុត្តិធម៌ពិត​ ខណៈពួកគេស្វែងរកកិច្ចអន្តរាគមន៍ជាង១០ឆ្នាំមកហើយ ទោះបីជាសំណុំរឿងនេះត្រូវបានតុលាការគ្រប់លំដាប់ថ្នាក់កាត់សេចក្ដីឱ្យគ្រួសារពួកគេឈ្នះក៏ដោយ ប៉ុន្តែជនប្រព្រឹត្តនៅតែ​មានសេរីភាព​នៅឡើយ។​

ការលើកឡើងនេះ ក្រោយ​ឪពុក​កុមារី​រងគ្រោះ​អះអាង​ថា កាលកូនស្រី​គាត់​ទើប​មាន​អាយុ១១​ឆ្នាំ ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត អតីត​មន្ត្រី​នគរបាល​​ខេត្ត​ព្រះសីហនុចាប់​រំលោភ​​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០។ លោក​ថា គិត​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២១នេះ គឺជាង១០ឆ្នាំមកហើយ ប៉ុន្តែជនល្មើស​នៅ​មាន​សេរីភាព​ បើទោះបីជាអតីតមន្ត្រីនគរបាលរូបនោះធ្លាប់ត្រូវបានតុលាការ​ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនដាក់ពន្ធនាគារ​ក៏ដោយ។ ​

ឪពុកជនរងគ្រោះ លោក​ យ៉ង ប៊ុនលី និយាយប្រាប់ វីអូឌី នៅ​​ថ្ងៃទី២៣ ខែវិច្ឆិកា​នេះថា បើទោះបីជាសាលាដំបូង​ខេត្តព្រះសីហនុ សាលាឧទ្ធរណ៍ និងតុលាការកំពូល កាត់ក្ដីឱ្យគ្រួសារលោកឈ្នះរឿងក្ដីនេះ​ក៏ដោយ ប៉ុន្តែ​​ការឈ្នះនោះមានតែលើក្រដាសប៉ុណ្ណោះ ខណៈជន​ល្មើស​នៅ​តែ​មាន​សេរីភាព ហើយ​សំណង​ដែលគ្រួសារ​លោក​ទាម​ទារ​ក៏នៅមិនទាន់ទទួលបានអ្វីនោះដែរ។ ​

លោក យ៉ង ប៊ុនលី ​បន្តថា៖ «ខ្ញុំដាក់បណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ៣ដង និងដាក់ទៅក្រសួងយុត្តិធម៌ ៤ដង ខ្ញុំដាក់ទៅខុទ្ទកាល័យសម្ដេច ហ៊ុន សែន ម្ដង។ ក្រសួងយុត្តិធម៌ និងខាងអង្គភាពប្រឆាំងអំពើពុករលួយ តបមកវិញថានឹងចាត់ការឱ្យ​យើង ហើយស្ងាត់ច្រៀបរហូតដល់ឥលូវ»។

លោក​បន្តអំពាវនាវថា៖ «ខ្ញុំសុំលើកដៃសំពះអង្វរនិងអំពាវនាវដល់ក្រសួងពាក់ព័ន្ធទាំងអស់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម និងសម្ដេច​តេជោ​ សូមជួយរកយុត្តិធម៌ឱ្យ​​កូនស្រីខ្ញុំបាទផង ព្រោះរឿងនេះ ខ្ញុំរង់ចាំយុត្តិធម៌អស់ជាង១០ឆ្នាំហើយ ឈ្នះតែក្រដាសទេ សំណង​ក៏​អត់បាន មនុស្សក៏អត់ជាប់ឃុំ»។

ជាមួយគ្នានេះដែរ នារីរងគ្រោះនិយាយ​ទាំងរដាក់រដុបលាយឡំភាពភ័យខ្លាច បានស្នើឱ្យសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធស្វែងរកយុត្តិធម៌ពិត ដោយមិនគួរបណ្ដោយឱ្យជនប្រព្រឹត្តនៅមានសេរីភាពនោះទេ។

នាងបន្ត​ថា៖ «សូមឱ្យ​ថ្នាក់លើជួយរកយុត្តិធម៌ឱ្យ​ខ្ញុំផង កុំឱ្យ​ជនល្មើសចេញក្រៅឃុំមករកខ្ញុំទៀត ខ្ញុំភ័យខ្លាចគ្រប់ពេលឃើញនិងឮឈ្មោះគាត់»។  

ស្នងការនគរបាល​ខេត្តព្រះសីហនុ លោក ជួន ណារិន្ទ មាន​ប្រសាសន៍នៅថ្ងៃពុធនេះថា៖ «ករណីនេះតាំងពីឆ្នាំ២០១២​ម្ល៉េះ ខ្ញុំមកទទួលការងារជាស្នងការនៅឆ្នាំ២០១៥ ខ្ញុំបាន​សើរើ​រៀបចំ​រក​ដីកា​តាម​ចាប់​ខ្លួន​តាំង​ពីនោះ​មក។ សាម៉ីខ្លួន [ជនបង្ក] បាត់ដំណឹង​ឈឹង ហើយយើងក៏មិនទុកចោលដែរ យើងនៅតែតាមដានស្វែងរកយក​មកអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនលើកលែង ប៉ុន្តែមនុស្សនេះ​បាត់មិនមានវត្តមាននៅក្នុងខេត្ត និងខាង​ពាក់ព័ន្ធ​ ក៏យើងសហការដែរ»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក​​ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា ​ជនរងគ្រោះ​មិនទាន់ទទួលបានយុត្តិធម៌ ដោយសារតែខាងសមត្ថកិច្ច​ធ្លាប់លើកឡើងថា រកជនប្រព្រឹត្ត​ឈ្មោះ កង សុផាត នោះអត់ឃើញ ហើយមិនដឹងថាអតីតមន្ត្រីនគរបាលរូបនោះនៅទីណាប្រាកដ។

អ្នកស្រីបន្តថា៖ «ខ្ញុំការពាររហូតដល់សវនាការ​ ដល់តុលាការកំពូល​សព្វគ្រប់អស់ហើយ ប៉ុន្តែសំខាន់គេរកជនបង្កអត់ឃើញ។ យើងមិនដឹងមក​ដល់​ពេល​នេះ​ គាត់នៅស្រុកខ្មែរ ឬនៅណា ក៏មិនដឹង ហើយក៏ឈឺចិត្ត​ដែរ ដោយមិនដឹងជនបង្កនៅទីណា។ ការអនុវត្តទោសព្រហ្មទណ្ឌក៏អត់បាន សំណងរដ្ឋប្បវេណីក៏អត់បាន ព្រោះការអនុវត្តសំណងរដ្ឋប្បវេណី​ក្នុងនីតិវិធីតុលាការ ឱ្យ​​ស្វែងរកទ្រព្យសម្បត្តិគ្រួសារជន​បង្ក ដើម្បី​ប្ដឹងទាមទារឱ្យ​ខាងភាគីជនល្មើសលក់ទ្រព្យសម្បត្តិ​ដែលជាកម្មសិទ្ធិ ដើម្បីសងសំណងរដ្ឋប្បវេណីទៅលើជនរងគ្រោះ។ ប៉ុន្តែគាត់ គ្រួសារជនរងគ្រោះទៅរកហើយ អាជ្ញាធរបាននិយាយថា ទ្រព្យសម្បត្តិរបស់ជនបង្ក គេផ្ទេរលក់ដូរអស់ហើយ»។

អ្នកគ្រប់គ្រង​នៅអង្គការហាការ លោក រដ្ឋ បុណ្យស័ក្តិ ​មាន​ប្រសាសន៍​ថា ក្រោយមានហេតុការណ៍អាក្រក់កើត​ឡើង​នោះ ជនរងគ្រោះបានមកស្នាក់នៅជាមួយអង្គការរបស់លោក ហើយខាងអង្គការក៏បានផ្ដល់នូវការជួយឧបត្ថម្ភផ្សេងៗ ជាពិសេសសេវាអប់រំនិងផ្លូវចិត្ត ទាំងអំឡុងពេលស្នាក់នៅជាមួយអង្គការ និងពេលជនរងគ្រោះត្រលប់ទៅ​រស់នៅជាមួយគ្រួសារវិញផងដែរ។ ​

លោកបន្តថា៖ «ខាងយើងចំណាយពេលច្រើនក្នុងការផ្ដល់សេវាទៅគាត់ សេវាអប់រំផង សេវាសុខភាពផង និងកសាងទំនាក់ទំនងជាមួយគ្រួសារ និងសហគមន៍របស់គាត់ឡើងវិញ។ ក្រៅពីហ្នឹង​មក យើងបានធ្វើការផ្ដល់ប្រឹក្សាយោបល់ផ្នែកផ្លូវចិត្តដល់គាត់ដែរ អំឡុងពេលគាត់ស្នាក់នៅជាមួយអង្គការ។ កាលនោះយើងមានដៃគូសហការជាមួយគ្រួសារថែទាំ ដែលយើងផ្ដល់សេវាគាំទ្រដល់ការថែទាំ ការស្ដារឡើងវិញរបស់កុមារ ដើម្បីឱ្យ​​គាត់បន្សាំជាសះស្បើយឡើងវិញ ត្រលប់ទៅរស់នៅជាមួយគ្រួសារដើមគាត់វិញ»។

សំណុំ​រឿង​ព្រហ្មទណ្ឌ​រំលោភ​សេពសន្ថវៈ​អនីតិជនប្រព្រឹត្ត​នៅ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០នោះ ត្រូវបានតុលាការ​កំពូលសម្រេច​ប្រកាស​សាលក្រម​កាត់ទោស​ឱ្យ​​ជន​ត្រូវ​ចោទ ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ​​ជាប់​ពន្ធនាគារ​រយៈពេល៥​ឆ្នាំ និង​ពិន័យ​​ប្រាក់ចំនួន៤០​លាន​រៀលទៅ​ឱ្យ​​កុមារី​រងគ្រោះ។

ដោយឡែក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ បាន​ចេញ​ដីកា​បង្គាប់​មន្ត្រី​នគរបាល​យុត្តិធម៌​​ចាប់​ខ្លួន​​ឈ្មោះ កង សុផាត ​ថែមទៀតផង ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន​ អតីតមន្ត្រីនគរបាលរូបនោះនៅមិនទាន់ត្រូវបានចាប់ខ្លួន​នៅឡើយ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ