សង្គមស៊ីវិល​ស្នើ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ពីរ ដើម្បី​ដាក់​ឈ្មោះ​បុរស​និង​ស្ត្រី​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ដោយ​ស្មើភាព​គ្នា

វាគ្មិនមកពីអង្គការសង្គមស៊ីវិលផ្សេងៗ ចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី «ការបង្កើនចំនួន អ្នកដឹកនាំស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្តនៅកម្ពុជា» ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ សីលការ – SILAKA CAMBODIA)

អង្គការសង្គមស៊ីវិលចំនួន៥ ស្នើទៅរដ្ឋសភាធ្វើវិសោធនកម្មមាត្រាមួយចំនួននៅក្នុងច្បាប់ស្ដីពី «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ» និងច្បាប់ស្ដីពី «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់» ដើម្បីឱ្យមានសមភាពយេនឌ័រក្នុងវិស័យនយោបាយនិងក្នុងគណបក្ស ស្របតាមរដ្ឋធម្មនុញ្ញ។

ការលើកឡើងនេះ តាមរយៈអង្គការចំនួន៥ ​រួមមាន អង្គការខុមហ្វ្រែល អង្គការសីលការ GADC បន្ទាយស្រី និងគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ក្នុងសិក្ខាសាលាមួយអំពី «ការបង្កើនចំនួនអ្នកដឹកនាំស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេច​​ចិត្តនៅកម្ពុជា» នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នារាជធានីភ្នំពេញ។

ក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី «ការបង្កើនចំនួនអ្នកដឹកនាំស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្តនៅកម្ពុជា» នាយិកាប្រតិបត្តិនៃអង្គការសីលការ និងជាអគ្គលេខាធិកានៃគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ លោកស្រី សេង រាសី នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា បញ្ហាវិសមភាពនៃតំណាងជាប់ឆ្នោតជាស្ត្រីនិងបុរសនៅតែបន្តមានក្នុងប្រទេសកម្ពុជា។

លោកស្រីថា ជាពិសេសអ្នកនយោបាយស្ត្រីនៅតែប្រឈមច្រើនទម្រង់នៃការរើសអើង និងអំពើហិង្សាប្រឆាំងពួកគេក្នុងការចូលរួមនិងផលប្រយោជន៍នយោបាយ បើទោះបីជាសិទ្ធិនយោបាយនិងការចូលរួមរបស់ស្ត្រីត្រូវបានធានាពេញលេញដោយច្បាប់រដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្ត្រីក៏ដោយ។

ករណីនេះ លោកស្រី សេង រាសី ស្នើទៅរដ្ឋសភាធ្វើវិសោធនកម្មមាត្រា២៧ និងមាត្រា២៨ នៃច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងមាត្រា៣៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីដាក់បេក្ខជនស្ត្រីនិងបុរសឆ្លាស់គ្នាក្នុងបញ្ជីបេក្ខជនឈរឈ្មោះតាមណ្ឌលបោះឆ្នោតនីមួយៗពីលេខរៀងលើដល់ក្រោម ឱ្យស្របតាមរដ្ឋធម្មនុញ្ញ។

លោកស្រីថ្លែងថា៖ «ខ្ញុំគិតថា វាជាគន្លឹះដែលអាចជំរុញឱ្យស្ត្រីចូលរួមបានច្រើន។ យើងសុំធ្វើការស្នើបន្ថែមទៅលើឃ្លា ដោយដាក់ថា បញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗត្រូវមានឈ្មោះបេក្ខជនតាមលំដាប់លេខរៀង ដោយដាក់ឆ្លាស់គ្នារវាងស្ត្រីនិងបុរសពីលើដល់ក្រោម។ ហើយបើសិនជាយើងមានការកែប្រែបែបនេះ វាជាចំណុចវិជ្ជមានមួយមែនទែននៅក្នុងការដែលធ្វើ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានទេ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា មានប្រសាសន៍​ គាំទ្រឱ្យមានសមភាពយេនឌ័ររវាងបុរសនិងស្ត្រី ក្នុងវិស័យនយោបាយ និងនៅតាមស្ថាប័នជាតិជាដើម។ ប៉ុន្តែលោកថា បើសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលត្រូវបានរដ្ឋសភាធ្វើវិសោធនកម្មមាត្រា២៧ និងមាត្រា២៨ នៃច្បាប់ស្ដីពី «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ» និងមាត្រា៣៩ នៃច្បាប់ស្ដីពី «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់» ពិតមែន នោះ គ.ជ.ប នឹងអនុវត្តតាមច្បាប់ដែលមានចែងជាធរមាន។

លោកមានប្រសាសន៍ថា៖ «គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ បើសិនជាមានច្បាប់ចែងយ៉ាងណា គ.ជ.ប នឹងធ្វើបែបនោះ»

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី សង្កេតឃើញថា សមភាពយេនឌ័រក្នុងវិស័យនយោបាយ ឬក្នុងគណបក្សនយោបាយ និងស្ថាប័នរដ្ឋពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ មិនសូវឃើញស្ត្រីមានតួនាទីជាថ្នាក់ដឹកនាំខ្ពស់ទេ។ ករណីនេះ លោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវដាក់បេក្ខជនតាមលំដាប់លេខរៀងឆ្លាស់គ្នារវាងបុរសនិងស្ត្រី ដោយថា នៅពេលមានរឿងអ្វីមួយកើតឡើងក្នុងសហគមន៍ ក្នុងមូលដ្ឋាន ជាពិសេសទាក់ទិននឹងស្ត្រី-កុមារ។ លោកថា បើមានស្ត្រីជាថ្នាក់ដឹកនាំនោះ គឺអាចជួយដោះស្រាយបញ្ហាប្រឈមនានាជូនពួកគេបានល្អជាងថ្នាក់ដឹកនាំបុរស។

លោក គន្ធាមី បញ្ជាក់ថា បើរដ្ឋសភាមិនធ្វើវិសោធនកម្មមាត្រា២៧ និងមាត្រា២៨ នៃច្បាប់ស្ដីពី «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ» និងមាត្រា៣៩ នៃច្បាប់ស្ដីពី «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់» តាមការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិលទេ បញ្ហាប្រឈមនៅតែបន្តកើតមានលើស្ត្រីក្នុងសហគមន៍និងនៅតាមមូលដ្ឋានជាដើម។

លោកមានប្រសាសន៍ថា៖ «បុរស ជាទូទៅ គាត់មិនសូវចាប់អារម្មណ៍រឿងស្ត្រី បញ្ហាវិវាទក្ដី បញ្ហាសុខទុក្ខ ចំណង់ចំណូលចិត្ត ការអភិវឌ្ឍទាក់ទងនឹងស្ត្រី គេមិនសូវយកចិត្តទុកដាក់! បើគេមិនសូវគិតគូរ មិនសូវចាប់អារម្មណ៍គាត់ មានបញ្ហាច្រើនណាស់។ បញ្ហាប្រមទី១ នៅមូលដ្ឋានក្ដី នៅថ្នាក់ជាតិក្ដី។ ដូច្នេះ ស្ត្រីមិនសូវមានការចាប់អារម្មណ៍ ការគិតគូរទេ ព្រោះអត់មានតំណាង [ស្ត្រី] ជួយពួកគាត់»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ខាងមុខនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ