គណបក្ស​បេះដូងជាតិ ​ប្ដឹង​ទៅ​តុលាការ​កំពូល​ទាមទារ​សិទ្ធិ​ចូលរួម​ប្រកួត​ការបោះឆ្នោត

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)

គណបក្សបេះដូងជាតិ នៅរសៀល​ថ្ងៃសុក្រនេះ បានដាក់ពាក្យប្ដឹងផ្លូវការ​ទៅតុលាការកំពូល ជំទាស់នឹងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ដោយទាមទារចុះបញ្ជីគណបក្សឡើងវិញ ដើម្បីបានសិទ្ធិចូលរួមប្រកួតការបោះឆ្នោតខាងមុខ។

គណបក្សបេះដូងជាតិ នាពេលថ្មីៗនេះ ត្រូវបានក្រសួងមហាផ្ទៃគំរាមប្ដឹងទៅតុលាការដើម្បីចាត់វិធាន​ការ​ផ្លូវ​ច្បាប់ និងបដិសេធការសុំចុះបញ្ជីគណបក្សនយោបាយ។ វិធានរបស់​ក្រសួង​មហាផ្ទៃ បាន​សម្អាងហេ​​តុ​​ថា ស្ថាបនិក​គណបក្សបេះ​ដូង​ជាតិ មានចេតនា «ទុច្ចរិត» ក្លែងស្នាមមេដៃសមាជិក ក្នុងការ​បំពេញ​បែប​បទ​សុំចុះបញ្ជីគណបក្សនយោបាយ។

មេធាវីការពារក្ដីឱ្យ​គណ​បក្ស​បេះដូងជាតិ លោក សំ សុគង់ ឱ្យដឹង​​ថា ក្រុម​មេធាវី​បានដាក់​ពាក្យ​បណ្ដឹងទៅតុលាការ​កំពូល​ហើយ នៅម៉ោង​២រសៀលនេះ ដើម្បីជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់ក្រសួងមហា​ផ្ទៃ។

មេធាវីរូបនេះឱ្យដឹងទៀតថា ការប្ដឹងនេះ កូនក្ដីរបស់លោកសុំឱ្យតុលាការកំពូលទម្លាក់​ចោល​ការចោទ​ប្រកាន់​របស់ក្រសួងមហាផ្ទៃ ដើម្បីបើកផ្លូវឱ្យកូនក្ដីបាន​ចុះ​បញ្ជី​គណបក្សរបស់ខ្លួនឡើង​វិញ។

លោក សំ ​សុគង់ បញ្ជាក់ថា ការប្ដឹងជំទាស់នេះ ដោយសារ​​កូនក្ដីរបស់​លោក​មានគោលដៅ​ចូល​រួមបោះ​ឆ្នោត​នៅ​ឆ្នាំ​២០២២​ និង២០២៣ខាងមុខ តាមលក្ខខណ្ឌច្បាប់ និង​គ្មានចេតនាទុច្ចរិតដូចការចោ​ទ​ប្រកាន់របស់​ក្រសួង​មហា​ផ្ទៃទេ។

មួយវិញទៀត លោកថា កូនក្ដីបានគោរពតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលក្រសួងបានស្នើកែតម្រូវឯ​ក​សា​រពាក់ព័ន្ធរហូតដល់ទៅ៣ដង ខណៈ​ការប្ដឹងរកកិច្ចអន្តរាគមន៍ផ្លូវច្បាប់ពីតុលាការកំពូល ​ត​បទៅតាមមាត្រា២៥នៃច្បាប់ស្ដីពី «វិសោធនកម្មនៃច្បាប់គណបក្សនយោបាយ»។

លោក សំ សុគង់ បញ្ជាក់បន្ថែម​ថា ការបដិសេធចុះបញ្ជីគណបក្ស​បេះដូងជាតិ​​ ក្រោម​ហេតុ​ផល​ស្នាម​មេដៃ​​មិន​ត្រឹម​ត្រូវនោះ គឺ​​មិន​អនុលោមទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយនោះទេ។

លោកថា៖ «ច្បាប់គណបក្សនយោបាយ ទាក់ទងនឹងអង្គច្បាប់​ហ្នឹង ​ឱ្យពិនិត្យតែភាពត្រឹមត្រូវឬ​ភាពគ្រប់​គ្រាន់​នៃ​ឯកសារ។ អ៊ីចឹងការពិនិត្យស្នាមមេដៃនោះ​ ជារឿងដាច់ដោយឡែក មិនពាក់ព័ន្ធនឹងការ​ដាក់​ពាក្យ​សុំ [ចុះបញ្ជីគណបក្សនយោបាយ] នោះទេ»។

អ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា មិនទាន់អត្ថាធិប្បាយរឿងនេះទេ។

អ្នកស្រី​ថា៖ «ចាំខ្ញុំឆែកមើលរឿងនេះសិន ដោយសារខាងខ្ញុំដឹងព័ត៌មានហ្នឹងដែរ តែចាំឱ្យខាង​ខ្ញុំឆែកឱ្យជាក់ស្ដែងសិន»។

​ចំណែក​អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់ប្រាប់ VOD នៅដើមសប្ដាហ៍នេះថា ការក្លែងស្នាមមេដៃជាបទល្មើសព្រហ្មទណ្ឌ ហើយថា ក្រសួងក៏នឹងត្រៀមខ្លួនចូលបំភ្លឺជុំវិញពាក្យបណ្ដឹងរប​ស់គណបក្សបេះដូងជាតិនេះ ដើម្បីតតាំងគ្នាតាមផ្លូវច្បាប់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើកឡើងក្នុ​ងលិខិតមួយ​ដាក់ជូនលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពីពេលថ្មីៗនេះ​ថា តាមការធ្វើកោសលវិច័យ​ទៅលើស្នាមមេដៃចំនួន៤ ៧៨១មេដៃ ​​ដែលគណបក្សបេះដូងជាតិ ផ្ញើទៅក្រសួង ដើម្បីសុំចុះបញ្ជី​គណបក្ស បានរកឃើញ​មានភាពមិនប្រក្រតីមួយចំនួន ​ដូច​ជា ស្នាម​មេដៃខ្លះខុស​ទៅ​នឹង​ស្នាម​​មេដៃ​ក្នុង​អត្ត​សញ្ញាណ​បណ្ណ និងស្នាមមេដៃមួយចំនួនទៀតខូចគុណភាព មិ​នអាចធ្វើកោសលវិច័យ​បានជាដើម។

ពាក់ព័ន្ធនឹងករណីនេះ គណបក្សបេះដូងជាតិ ធ្លាប់បានលើកឡើង​ក្នុងសេចក្ដីថ្លែងការណ៍​​ចុះថ្ងៃ​​ទី​​២២ ខែវិច្ឆិកា ​​​​ថាខ្លួនមាន​ការ​សោក​ស្ដាយ​ដែលក្រសួងមហាផ្ទៃបដិសេធការសុំចុះបញ្ជីគណបក្ស​របស់ខ្លួន ហើយថែមទាំងចោទប្រកាន់យ៉ាង​អ​យុ​​ត្តិ​ធម៌។ គណបក្សនេះ អះអាង​ថា ស្នាមមេដៃដែល​ខ្លួន​បាន​ដាក់​ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ មាន​ចំនួន​តែ៤ ៦១៨​នាក់ មិន​មែន​ចំនួន៤ ៧៨១​នា​ក់ ដូចការអះអាងរបស់ក្រសួងមហាផ្ទៃនោះទេ។ មួ​យវិញទៀត គណបក្សនេះថា ការរកឃើញភាពមិនប្រ​ក្រតីនៃស្នាមមេដៃ គួរតែក្រសួងណែ​នាំ​ពីកំហុសឆ្គង ដើម្បីកែសម្រួលទៅ​តាម​លក្ខន្តិកៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ