CNRP​-​USA អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ឈ្មោះ​និង​រូបភាព​លោក កឹម សុខា ដើម្បី​ផល​ប្រយោជន៍​នានា​

លោក កឹម សុខា និងលោក សម រង្ស៊ី។ (បណ្ដាញសង្គម)

ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) អំពាវនាវ​ដល់​លោក សម រង្ស៊ី និង​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ឱ្យ​បញ្ឈប់ការ​យក​ឈ្មោះ ​និង​រូបភាព​របស់​លោក កឹម សុខា ទៅ​ប្រើប្រាស់​ដើម្បី​បំភ័ន្ត និង​បិទ​បាំង​ទង្វើ​ទុច្ចរិត​របស់​ខ្លួន​តទៅ​ទៀត។

តាមរយៈ​សេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែល​វីអូឌីទទួល​បាន​នៅ​ថ្ងៃនេះ បាន​កត់​សម្គាល់​ថា នាពេល​កន្លង​មក និង​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី និង​ក្រុម​អ្នកគាំទ្រ​គាត់ នៅតែ​បន្ត​ប្រព្រឹត្ត​ច្រំដែល និង​គគ្លើន​ដោយ​បាន​ប្រើប្រាស់​ឈ្មោះ និង​រូបភាព​របស់​លោក កឹម សុខា និង​ពាក្យ​ស្លោក​ថា «សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​តែមួយ» សម្រាប់​បំភ័ន្ត និង​បិទបាំង​ទង្វើទុច្ចរិត​ដើម្បី​កេងចំណេញ​ប្រយោជន៍​បុគ្គល និង​បក្ខពួក​របស់​ខ្លួន​ជា​បន្តបន្ទាប់។

សេចក្តីថ្លែងការណ៍​បាន​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី និង​ក្រុមគាំទ្រ​របស់​លោក បានចាក​ចេញ​ទៅ​បង្កើត​ចលនា​ខុស​ច្បាប់ លើក​បន្តុប​តួនាទី​ខ្លួន​ឯង បាន​ប្រមាថ​ព្រះមហាក្សត្រ ​និង​ពេលថ្មីៗ​នេះ​បាន​ប្រកាស​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេង ដែល​បញ្ចាក់​ឲ្យ​ឃើញកាន់​តែ​ច្បាស់ នូវ​ទង្វើ​ប្រាស​ចាក និង​ដើរ​ផ្ទុយពី​ស្មារតី​ដើម នៃ​ការ​រួបរួម​ជាមួយ​លោក កឹម សុខា តទៅ​ទៀត​ហើយ។

គួរកត់​សម្គាល់​ថា សេចក្តីថ្លែងការណ៍​នេះ បាន​ធ្វើ​ឡើង ខណៈ​គណបក្ស «ភ្លើងទៀន» អតីតគណបក្ស​សមរង្ស៊ី នឹងធ្វើ​សមាជ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ ដោយ​មាន​អ្នកចូលរួម​ពី​សមាជិក-សមាជិកា ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់​ថ្នាក់។ សេចក្តីប្រកាសព័ត៌មាន​របស់​គណបក្ស​ភ្លើងទៀន​បាន​បញ្ជាក់​ថា ការរៀបចំ​សមាជ​សាមញ្ញ​គណបក្ស​នេះ គឺ​អនុលោមតាម​លក្ខន្តិកៈគណបក្ស និង​ដើម្បី​កំណត់​យុទ្ធសាស្ត្រ​នយោបាយ​សំខាន់ៗ​សម្រាប់​គណបក្ស។

វីអូឌី​នៅមិនទាន់​អាច​ទាក់ទង​សុំការ​ឆ្លើយតប​ពី​លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​នៅ​ឡើយ​ទេ​គិត​ត្រឹម​ថ្ងៃសៅរ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ