គណ​បក្ស​ភ្លើង​ទៀន​ប្រកាស​​ចេញ​ដំណើរ​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ

គណបក្សភ្លើងទៀន អតីតគណបក្សសមរង្ស៊ី

គណបក្សភ្លើងទៀនប្រកាសរៀបចំរចនាសម្ព័ន្ធ ដើម្បីត្រៀមចេញដំណើរទៅរកការប្រកួតការបោះឆ្នោតលើទីលានប្រកួតចាស់ បើទោះបីមន្ត្រីគណបក្សមួយនេះនៅមិនទាន់ ប្រកាសសម្រេចចិត្តចូលរួមការបោះឆ្នោតក៏ដោយ។

គណបក្សភ្លើងទៀនបានធ្វើសមាជសាមញ្ញ នៅថ្ងៃសៅរ៍ម្សិលមិញនេះ ដោយតែងតាំងលោក ទាវ វណ្ណុល ជាប្រធានគណបក្ស ហើយលោក ថាច់ សេដ្ឋា ជាអនុប្រធានទី១ និងជាប្រធានស្ដីទីរបស់គណបក្សភ្លើងទៀន។

ថ្លែងក្នុងសមាជសាមញ្ញគណបក្សលោក ថាច់ សេដ្ឋា  បានប្រកាសឱ្យសមាជិតនៅតាមបណ្ដាលរាជធានី-ខេត្តនៃគណបក្សភ្លើងទៀនរៀបចំរចនាសម្ព័ន ដើម្បីត្រៀមនឹងចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២និង២០២៣ខាងមុខ បើសិនមើលឃើញថា ស្ថានការណ៍នយោបាយអំណោយផល ដោយគ្មានការគំរាមកំហែងនោះ។

លោកថា៖«យើងមិនទាន់សម្រេចចូលរួមឬមិនចូលនៅឡើយទេ យើងនូវតាមដានស្ថានការរណ៍បច្ចុប្បន្នផងទី១ ហើយ ទី២ យើងនឹងមើលបរិយាកាសនយោបាយបច្ចុប្បន្ន យើងអាចមានសិទ្ធិពេញបរិបូរណ៍ក្នុងការធ្វើសកម្មភាពនយោបាយ ​ដោយ​​ការនិយាយស្ដី​ បញ្ចេញមតិ រួចផុតមិនមានការចោទប្រកាន់ចាប់ចងអីហ្នឹង អាហ្នឹង យើងអាចសម្រេចចិត្តចូលឬមិនចូល ប៉ុន្តែសភាពការ​ណ៍បែបនេះ គ្រាន់តែឃោសនានគោល​នយោបាយ មាន បំភិតបំភ័យ ចាប់ចង និងចោទប្រកាន់អីផ្សេងៗ អាហ្នឹង ក៏យើងនឹងគិតឡើងវិញដែរ»។​ ​

លោកបន្តថា ចំពោះការចូលរួមបោះឆ្នោតថ្នាក់ជាតិវិញ គណបក្សនេះ នឹងពឹងឱ្យសហគមអន្តរជាតិជួយជាបច្ចេកទេស  ដោយបារម្ភខ្លាចមានការលួចបន្លំសន្លឹកឆ្នោត ខណៈគ.ជ.ប នៅមិនទាន់ឯករាជ្យ។

នៅពេលសួរថា តើគណបក្សនេះ នឹងមានយុទ្ធសាស្ត្រអ្វីការពារអាសនៈរបស់ខ្លួន ដើម្បីកុំឱ្យមានវាសនាដូចអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ហើយអាសនៈត្រូវបានយកទៅចែកឱ្យគណបក្សផ្សេងៗទៀតនោះ? លោក ថាច់ សេដ្ឋា ថា បើសិនជាគណបក្សភ្លើងទៀនចូលរួមបោះឆ្នោតហើយទទួលបានអាសន្នៈច្រើនហើយត្រូវបានរំលាយដូចអតីតគណបក្សសង្គ្រោះជាតិទៀតនោះ លោកថា កម្ពុជានឹងរងទណ្ឌកម្មពីសហគមអន្តរជាតិកាន់តែខ្លាំងជាងមុន។

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​លោក កន សា​វាង្ស កត់សម្គាស់ថា ទោះបីជាគណបក្សភ្លើងទៀន និងគណបក្សផ្សេងទៀតចូលរួមការបោះឆ្នោតនាពេលខាងមុខក្ដី ប៉ុន្តែអាចនឹងមិនទៅរួចដែរ ខណៈស្ថានភាពនយោបាយបច្ចុប្បន្ន មិនមានលក្ខណៈល្អប្រសើរឡើយ ដោយសារថ្មីៗនេះ មេដឹកនាំគណបក្សកាន់អំណាចបានប្រកាសទប់ស្កាត់ទុកជាមុនរួចហើយ។

មួយវិញទៀត លោកមើលឃើញថា ​គណបក្សភ្លើងទៀន និងគណបក្សផ្សេងៗទៀត អាចមានវាសនាមិនខុសពីអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ ឡើយ។

លោកថា៖«រឿងទី២ ពាក់ព័ន្ធជាមួយនឹងបក្ស ​ឃើញថា ការធ្វើវិសោធនកម្ម​ច្បាប់ក្រោយការបោះឆ្នោត២០១៧ ​ជាច្បាប់មួយវាមិនបានគោរពគោលរណ៍មួយចំនួន សេរី និងយុត្តិធម៌ទេ ជាពិសេសទាក់ទងឆន្ទៈប្រជាពលរដ្ឋ មិនត្រូវបានរក្សា និងធានា ដែលតកើតចេញពីការបោះឆ្នោតហ្នឹង ហើយក៏មិនបាន​ ហើយក៏មិនឃើញគណបក្សនយោបាយណាធ្វើការតវ៉ាជជែកគ្នា ដើម្បីឱ្យបានជ្រះស្រលះមុនចូលការប្រកួតប្រជជែកនោះគឺថាអត់ទាំងអស់គ្នា។ នេះជារឿងមួយដែលសំខាន់ណាស់ ដែល​ត្រូវមើលចំណុចទាំងអស់ហ្នឹង»។

អ្នកវិភាគនយោបាយលោក គឹម សុខ ចាត់ទុកការថ្លែងសារនយោបាយរបស់លោក ថាច់ សេដ្ឋា ថា ជាការកំពុងដោះសារសុទ្ធសាធ ពីព្រោះ ស្មារតីរួបរួមពិតប្រាកដដើម្បីជាតិទាល់តែចំកាលៈទេសៈដែលត្រូវបង្រួបបង្រួមគ្នាតតាំងនឹងគូប្រជែងដូចពេលនេះគួរណាស់តែប្រឹងប្រែងរកការរួបរួមគ្នា ។

ប៉ុន្តែនេះមិនធ្វើសកម្មភាពរួបរួមគ្នាផង ទៅចែកផ្លូវគ្នារៀងៗក្រុម ហើយបែរជាអួតប្រាប់ប្រជាពលរដ្ឋ ពីការចង់រួបរួមទៅវិញ ខណៈពួកគាត់កំពុងធ្វើនយោបាយបញ្ច្រាសទិសរួបរួមប្រជាធិបតេយ្យ ដោយធ្លាក់ក្នុងដៃនៃក្រឡាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ។  

លោក គឹម សុខ បន្តថា  សមាជបង្ហាញខ្លួនជាចំហរបស់គណបក្សភ្លើងទៀនក្នុងស្ថានភាពនេះ មិនខុសអ្វីពីការចេញសកម្មភាព បង្កលក្ខណៈឱ្យលោក ហ៊ុន សែន ធូរខ្លួនពីសម្ពាធរបស់សហគមន៍អន្តរជាតិ ដែលត្រូវសង្កត់គាត់ទាក់ទងនឹងសេរីភាពនយោបាយ ក្នុងពេលលោក ហ៊ុន សែន អង្គុយលើកៅអីប្រធានអាស៊ានក្នុងឈ្មោះកម្ពុជា។   មួយវិញទៀត គណបក្សនេះ ដូចជួយសម្រួលភាពតានតឹងរបស់លោក ហ៊ុន សែន ច្រើនមែនទែន ព្រោះគាត់អាចមានលេសសមទំនងខ្លះដែរ ប្រាប់សហគមន៍អន្តរជាតិថា មានអតីតក្រុមប្រឆាំងដ៏ធំមួយ កំពុងធ្វើសកម្មភាពបក្សនយោបាយយ៉ាងសកម្មក្នុងសមរភូមិប្រកួតហើយ ។

លោកបន្តថា«ការចូលបើកគណបក្សនយោបាយ ឬធ្វើសកម្មភាពនយោបាយ ចូលរួមការបោះឆ្នោត គឺជាសិទ្ធិស្របច្បាប់របស់បុគ្គល ប៉ុន្តែ បើពិតជាចង់ចូលប្រកួតបោះឆ្នោតឃុំ/សង្កាត់២០២២ខាងមុខនេះ ហេតុអ្វីមិនតវ៉ាក្នុងទ្រង់ទ្រាយធំជាសាធារណៈ រកការកែសម្រួលលក្ខខណ្ឌបោះឆ្នោតជាមុនសិន? ប៉ុន្តែអ្វីក៏មិនធ្វើ រួចបើកសមាជគណបក្ស រង់ចាំឱកាសដែលគេផ្ដល់ឲ្យទៅវិញ។ នេះគឺជាសុបិននយោបាយ ដែលដើរក្នុងក្រឡាគេ និងជួយលើកមុខខុសច្បាប់របស់គេ។ តើអ្នកណាផ្ដល់ឱកាសឱ្យអ្នកទៅមានកម្លាំងប្រកួតប្រជែងនឹងគេដោយយុត្តិធម៌នោះ? គ្មានទេ។ បើមាន គឺមានត្រឹមតែឱកាសឱ្យពួកអ្នកធ្វើសកម្មភាពហែកគ្នាឯងប៉ុណ្ណោះ»

លោកថា៖«អ្នកដឹកនាំប្រទេស កំពុងបំពានឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ប្រទេស។ រីឯគណបក្សនានា ដែលចូលរួមការបោះឆ្នោត ដោយមិនទាមទារបរិយាកាសនិងលក្ខខណ្ឌបោះឆ្នោតឱ្យអាចទទួលយកបានជាមុនសិនទេ គឺជាការមើលងាយសន្លឹកឆ្នោត និងឆន្ទៈរបស់ម្ចាស់ឆ្នោត»។

គណបក្សភ្លើងទៀនជាគណបក្សចាស់របស់លោក សម រង្ស៊ី  ហើយគណបក្សនេះ បានច្របាច់បញ្ជូនគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា កាលពីឆ្នាំ២០១២ ដោយបង្កើតជាគណបក្សសង្គ្រោះជាតិ។ ​ក្រោយពីការច្របាច់បញ្ជូនគ្នា ដើម្បីចូលរួមប្រកួតប្រជជែកការបោះឆ្នោតឃុំ-សង្កាត់ នោះ គណបក្សសង្គ្រោះជាតិបានទទួលអាសន្នៈទាំងឃុំ-សង្កាត់ និងក្នុងរដ្ឋសភាប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា  ប៉ុន្តែគណបក្សប្រឆាំងនេះ ត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ដោយផាតចេញពីឆាតនយោបាយ ខណៈអសនៈត្រូវបានគណបក្សកាន់អំណាចយកទៅបែងចែកឱ្យគណបក្សផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ