មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាព្រះប្រធានគណបក្សរាជានិយមមួយនេះ និងជាអតីតនាយករដ្ឋមន្ត្រីទី១នៃកម្ពុជា បានយាងចូលសោយទិវង្គត នៅប្រទេសបារាំង ដែលត្រូវនឹងម៉ោងជាង៣រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោងនៅកម្ពុជា ក្នុងព្រះជន្ម៧៧ព្រះវស្សា ដោយជរានិងព្យាធិ។
អ្នកនាំពាក្យរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន មានប្រសាសន៍ប្រាប់វីអូឌី នៅយប់ថ្ងៃអាទិត្យនេះថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទិវង្គតពិតប្រាកដមែន ហើយខាងគណបក្សសម្រេចតែងតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្តីទី ជំនួសព្រះអង្គ។
លោក ញឿន រ៉ាដែន មានប្រសាសន៍ថា៖ បាទ ជម្រាបសួរបង។ នេះ[ដំណឹងយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះ]ជាព័ត៌មានពិតហើយ ដែលព្រះបុត្រា បុត្រី លោកកំពុងតែរៀបចំ ជាពិសេសគណបក្សនឹងចេញសេចក្តីថ្លែងការណ៍បន្តិចទៀតនេះបង»។
លោកបន្ថែមថា ព្រះសពព្រះអង្គ នឹងត្រូវរៀបចំព្រះទីនាំង ដើម្បីទៅដង្ហែពីប្រទេសបារាំងសម្រាប់មកធ្វើព្រះរាជពិធីបុណ្យនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នោះឡើយ។
បើតាមសៀវភៅអនុស្សោវរីយ៍ផ្អែមល្ហែម និងជូរចត់ ដែលព្រះរាជនិពន្ធដោយព្រះបាទនរោត្តម សីហនុ ឱ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រសូតថ្ងៃទី២ ខែមករា ឆ្នាំ ១៩៤៤។ ព្រះអង្គគឺជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុ ជាមួយអ្នកម្នាង ផាត់ កាញ៉ុល បន្ទាប់ពីសម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ដែលបានយាងចូលទិវង្គតកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសថៃ ។ សម្តេចក្រុមព្រះ ត្រូវជាព្រះរាមព្រះមាតាទីទៃនៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នគឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដែលធ្លាប់បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទីមួយនៃប្រទេសកម្ពុជាចន្លោះពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ដោយលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទីពីរកាលនោះ ហើយបន្ទាប់មកព្រះអង្គក៏បានក្លាយជាព្រះប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦៕