លោក ហ៊ុន សែន​ ព្រមាន​វិធាន​ការ​ច្បាប់​និង​ដក​ហូត​ទ្រព្យ​សម្បត្តិ​ពី​មន្ត្រី​ដែល​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប

រូបលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបង្ហោះលើហ្វេសប៊ុករបស់លោកនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់លើមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធ​ការរំលោភដីព្រៃលិចទឹក ពិសេសនៅតំបន់បឹងទន្លេសាប ​ព្រមានដកហូត​ទ្រព្យសម្បត្តិរបស់ពួកគេដាក់ជាសម្បត្តិរដ្ឋ។

ការបញ្ជានេះ ធ្វើឡើងបន្ទាប់ពីលោក បានលើកឡើងចំឈ្មោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដោយថាបានទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទេន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ជាង២ពាន់ហិកតា ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សារជា​សំឡេង​ពិសេសមួយ នៅ​ថ្ងៃទី​២៨ វិច្ឆិកា នេះ បានបញ្ជាឱ្យប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ,​ ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ លោក ជា សុផារ៉ា និង​ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ដីធ្លី បើក​កិច្ចប្រជុំ​ជាបន្ទាន់  ជាមួយក្រសួង​ រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីទប់ស្កាត់ជាបន្ទាន់ ចំពោះករណីទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបទាំងអស់ ជាពិសេសខេត្តកំពង់ឆ្នាំង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្តថា បើស្រាវជ្រាវរកឃើញមន្ត្រី ដែលលួចទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ត្រូវចាប់មន្ត្រីនោះបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ និងដកហូតដីនោះ ព្រមទាំងទ្រព្យសម្បត្តិរបស់ពួកគេយកមកធ្វើជាសម្បត្តិរដ្ឋវិញ។

លោកព្រមានដូចនេះថា៖ «ខ្ញុំសុំឱ្យអ្នកដែលចេញទៅអនុវត្តចាត់វិធានការដោយម៉ឺងម៉ាត់បំផុត គឺការចាប់ខ្លួនតែម្តងសម្រាប់ផ្តន្ទាទោសតាមច្បាប់ ហើយឈានទៅរឹបអូសមិនត្រឹមតែដីធ្លីនៅនឹងកន្លែងទេ ទ្រព្យសម្បត្តិដែលពួកគេមានដែលបានមកពីដីធ្លីដែលពួកគេបំផ្លាញនេះត្រូវតែធ្វើការដកហូត។ ដូច្នេះហើយអង្គភាពប្រឆាំងអំពើពុករលួយត្រូវតែចេញធ្វើសកម្មភាពដើម្បីស្រាវជ្រាវដែលមានពាក់ព័ន្ធជាមួយអ្នកណា​ផ្សេងទៀត យើងមិនអាចអត់ឱនបានទេ» ។

លោកមានប្រសាសន៍បន្ថែមថា៖ «នៅពេលដែលយើងខិតខំប្រយុទ្ធជាមួយនឹងកូវីដ-១៩ បែរជាមានមន្ត្រីរបស់យើងមួយចំនួនធ្វើសកម្មភាព[ទន្ទ្រានដីព្រៃលិចទឹក]ដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអែងចំពោះច្បាប់របស់ប្រទេសជាតិ។ អ្នកទាំងនេះមិនសាកសមធ្វើជាមន្ត្រីតទៅទៀតទេ ពួកគេដេកគុកប្រសើរជាងនៅជាមន្ត្រី ហើយសុំកុំនិយាយថា ធ្វើការជូនបក្ស ជូនរដ្ឋយូរហើយ បែរជារដ្ឋ ឬក៏គណបក្សមិនយោគយល់។ យើងគ្មានការយោគយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះសម្រាប់មន្ត្រីរបស់យើងនោះទេ»។

យ៉ាងនេះក្តី មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា រឿងមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលទន្រ្ទានដីរដ្ឋយកធ្វើជាកម្មសិទ្ធិមិនមែនទើបតែកើតឡើងនៅពេលដែលលោកនាយករដ្ឋមន្ត្រីប្រកាសពេលនេះទេ ។ ប៉ុន្តែលោកថា មន្ត្រីដែលខិលខូចតែងតែគប់គិតគ្នាជាប្រព័ន្ធ ដើម្បីយកដីរដ្ឋធ្វើជាកម្មសិទ្ធិបែបនេះ ។

លោកជំរុញទៅរដ្ឋាភិបាលត្រូវពង្រឹងការគ្រប់គ្រងស្ថាប័នរដ្ឋនៅតាមផ្នែកនីមួយឱ្យបានរឹងមាំ កុំឱ្យរង់ចំាតែស្តាប់បញ្ជាប្រមុខរដ្ឋាភិបាលឱ្យចុះបង្ក្រាបទើបនាំគ្នាដុតដៃ ដុតជើង ចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់នោះ។

លោកមានប្រសាសន៍ថា«នៅក្នុងសង្គមយើងបច្ចុប្បន្ននេះ វាទាល់តែនាយករដ្ឋមន្ត្រីស្រែកទៅបានមន្ត្រីមួយចំនួននាំគ្នាដុតដៃ ដុតជើង ជារឿងមួយដែលគួរឱ្យសោកស្តាយ ហើយគួរតែកែលម្អប្រព័ន្ធច្បាប់ឱ្យបានរឹងមាំ ដើម្បីចាត់វិធានការច្បាប់លើមន្ត្រីខិលខូច កុំឱ្យចាំតែលោកនាយករដ្ឋមន្ត្រីស្រែកបានចាត់វិធានការចឹង វាមានស្ថាប័នតែមិនមានអ្នកធ្វើការ»។

​បឹងទន្លេសាប គ្របដណ្តប់ជាប់ខេត្តចំនួន៥នៅកម្ពុជា រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងបាត់ដំបង។

មិនមានការបញ្ជាក់ច្បាស់លាស់ណាមួយ អំពីទំហំនៃការបាត់បង់ព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបរហូតទល់ពេលបច្ចុប្បន្ននោះទេ ប៉ុន្តែបើផ្អែកតាមរូបភាពផ្កាយរណបរបស់អង្គការអភិរក្ស​ព្រៃឈើ​ដែលមានឈ្មោះថា Global Forest Watch ​កាលពីឆ្នាំ២០១៩ បានឱ្យដឹងថា ​​តំបន់ការពារបឹងទន្លេសាបក្នុងប្រទេសកម្ពុជា ​បាន​បាត់បង់ព្រៃឈើប្រមាណ ១៦ ៨​០០ហិកតា ចាប់ពីចន្លោះឆ្នាំ​២០០១ និងឆ្នាំ​២០០៨៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ