អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​UN​នៅតែ​បង្ហាញ​កង្វល់​វិញ​​ការ​​បញ្ជា​រុះរើ​ផ្ទះ​បណ្តែត​ទឹក​តាម​ដង​ទន្លេ

ផ្ទះបណ្ដែតទឹករបស់ពលរដ្ឋដែលរស់នៅផ្ទៃទឹក ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ (ជន ចាន់រ់ែន)

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ​UN ចំនួន៥រូប នៅតែបង្ហាញក្តីកង្វល់ចំពោះបញ្ហាសិទ្ធិមនុស្ស ដែលអាជ្ញាធររាជធានី-ខេត្តបញ្ជាឱ្យពលរដ្ឋខ្មែរ ចាម និងវៀតណាមរាប់រយគ្រួសាររុះរើផ្ទះបណ្តែតទឹកនៅតាមដងទន្លេ ដោយគ្មានការផ្តល់សំណងសមរម្យ។  ​

ក្តីកង្វល់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខេត្តកណ្តាល បានជូនដំណឹងអំពីការបញ្ជាឱ្យរុះរើផ្ទះបណ្តែតទឹកក្នុងរយៈពេលប្រាំពីរថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារចំពោះតែនៅក្នុងរាជធានីភ្នំពេញ ខណៈជនជាតិវៀតណាមមិនបានបញ្ជាក់អំពីតួលេខ ដែលត្រូវបានផ្លាស់ទីលំនៅ ហើយជនជាតិខ្មែរ និងវៀតណាមទាំងនោះមិនទទួលបានសំណងជាដើម។

​ទំព័រហ្វេសប៊ុករបស់អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃសុក្រថា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួនប្រាំរូប បានបង្ហាញនូវការព្រួយបារម្ភអំពីកង្វះនៃការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ការជូនដំណឹងសមស្រប ការផ្តល់នូវជម្រើស នៃការស្នាក់នៅ ឬដំណោះស្រាយដែលមានប្រសិទ្ធភាពស្របតាមច្បាប់ ដើម្បីការពារជនជាតិភាគតិច និងសិទ្ធិរបស់មនុស្សគ្រប់រូប ក្នុងការទទួលបានលំនៅឋានសមរម្យ អាហារគ្រប់គ្រាន់ និងសុខភាព

​ហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសលើកឡើងថា៖ «អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានសាកសួរ ជាពិសេសអំពីមូលដ្ឋានគតិយុត្តនៃការបញ្ជាអោយរុះរើនេះ និងអំពីការគាំទ្រ និងជំនួយអ្វីខ្លះដែលត្រូវបានផ្តល់ជូនដល់គ្រួសារ ដែលភាគច្រើនត្រូវបានទុកចោលដោយគ្មានផ្ទះសម្បែងបន្ទាប់ពីមានការវាយកម្ទេច និងរុះរើ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ​ អភិបាលខេត្តកណ្តល លោក គង់ សោភ័ណ្ឌ និងអ្នកនាំពាក្យនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន បានទេនៅថ្ងៃអាទិត្យនេះ ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា​ក្នុងច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិចែងថា មនុស្សគ្រប់រូបត្រូវការរស់រានមានជីវិត មានទីលំនៅសមរម្យ និងត្រូវមានដំណោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ជាដើម។

លោក សំអាត បញ្ជាក់ថា មុននឹង​បញ្ជាឱ្យប្រជាពលរដ្ឋខ្មែរ ចាម និងជនជាតិវៀតណាម រុះរើផ្ទះបណ្តែតទឹកនៅតាមដងទន្លេសាបចេញនោះ អាជ្ញាធរពាក់ព័ន្ធគួរបង្ហាញតួលេខប៉ះពាល់ជាក់លាក់ និង រកទីជម្រក ឬផ្តល់សំណងសមរម្យដល់ពួកគេ ដើម្បីកុំឱ្យមានការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិបែបនេះ ។

លោកមានប្រសាសន៍ថា«ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ ប្រសិនបើប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ បានន័យថា ខ្ញុំអត់និយាយអន្តោប្រវេសន៍ខុសច្បាប់ទេ និយាយតែអ្នករស់នៅដោយស្របច្បាប់នៅកម្ពុជា អាជ្ញាធរ រដ្ឋាភិបាលគាត់ត្រូវមានកាតព្វកិច្ចដែរ។ បើពួកគាត់គ្មានផ្ទះ គ្មានសម្បែង តើឱ្យពួកគាត់ទៅរស់នៅឯណា? អញ្ចឹងត្រូវគិតគូផ្តល់ដីសង្គមកិច្ចដល់ពួកគាត់ក្នុងការតាំងទីលំនៅ»។

កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ អ្នកនាំពាក្យ​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន មានប្រសាសន៍​ថា សមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី​ស្រាវជ្រាវករណីជនអន្តោប្រវេសន៍ ជាពិសេសជនជាតិវៀតណាមដែលកំពុងរស់នៅលើផ្ទះបណ្តែត​ទឹក និងសំណង់មិនរៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះអះអាងថា បើរកឃើញជនអន្តោប្រវេសន៍រស់នៅមិនស្របច្បាប់ ក្រុមការ​ងារ​ជំនាញ​នឹង​អនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដោយបណ្តេញពួកគេចេញទៅប្រទេសកំណើតវិញ។

ទោះជាយ៉ាងណា លោក កៅ វណ្ណថន មិនបានបញ្ជាក់ពីចំនួន​ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅខុសច្បាប់ថាមានចំនួនប៉ុន្មាននៅឡើយទេ ដោយថា ក្រុមការងារជំនាញកំពុងស្រាវជ្រាវ ​ប៉ុន្តែដល់ពេលបច្ចុប្បន្នមន្ត្រីជំនាញក៏នៅមិនទាន់បានបង្ហាញលទ្ធផលជាក់លាក់នៅឡើយ។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយប្រាប់ទៅប្រជាពលរដ្ឋដែលរស់លើផ្ទះ​បណ្តែត​ទឹកតូច​ធំ​ បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ ត្រូវរុះរើចេញពីយ៉ាងយូរ១សប្តាហ៍តែប៉ុណ្ណោះ បើពុំដូច្នេះទេ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលឬវិធានការច្បាប់។

សេចក្តីជូន​ដំណឹងដដែលបញ្ជាក់​ថា​ ការ​រស់នៅ​និង​ប្រកប​មុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ​​នេះ ​ធ្វើឱ្យ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី មាន​ចរន្តទឹក​ហូរ​ គោក​រាក់​ ពិសេស​​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី​ និង​ការ​បញ្ចេញ​កាក​សំណល់​ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ​ ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក​ ខូចគុណភាព​ទឹក​ បំពុលបរិស្ថាន​ ប៉ះពាល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ ​​ព្រមទាំង​ប៉ះពាល់​​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​​​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ