កម្ពុជា​ផ្តល់​ជំនួយ​១៣​លាន​ដុល្លារ​និង​វ៉ាក់​សាំង​ប្រឆាំង​កូវីដ-​១៩​ចំនួន​៥០​ម៉ឺន​ដូស​ដល់​ប្រទេស​ឡាវ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) និងនាយករដ្ឋមន្ត្រីឡាវលោក ផនខាំ វីផាវ៉ាន់ (រូបខាងឆ្វេង) ក្នុងពិធីប្រគល់ជំនួយរបស់កម្ពុជាជូនទៅភាគីឡាវ នាយប់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព។ (ហ្វេសប៊ុក នាយករដ្ឋមន្ត្រី ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល​ លោក ហ៊ុន សែន បញ្ជាក់ថាកម្ពុជា ប្រកាសផ្តល់ជំនួយជាថវិកាចំនួន១៣លានដុល្លារសហរដ្ឋអាមេរិក និងវ៉ាក់សាំងប្រឆាំងកូវីដ-១៩​ ប្រភេទស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស ព្រមទាំងរថយន្តពីរគ្រឿង​ជូនភាគីឡាវ ​ អំឡុងពេលនាយករដ្ឋមន្ត្រីប្រទេសជិតខាងមួយនេះមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២៩ខែវិច្ឆិកានេះ បានឱ្យដឹង​ថា ក្នុងជំនួបរវាងមេដឹកនាំកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) ​ភាគីទាំងពីរបានជជែកគ្នាច្រើនអំពីកិច្ចសហប្រតិបត្តិការ​ និងការពង្រឹងពង្រីកចំណងមិត្តភាពរវាងគ្នានិងគ្នា។

ជាមួយគ្នានេះ កម្ពុជាក៏បានប្រកាសផ្តល់ជំនួយចំនួន១៣លានដុល្លារ ព្រមទាំងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ និងជំនួយសម្ភារៈមួយចំនួនទៀត ដល់ភាគីឡាវផងដែរ។  

ហ្វេសប៊ុកលោកហ៊ុន សែន សរសេរថា៖ «សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់ជំនួយចំនួន១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ៣លាន ដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀត គឺជាថវិការបស់ក្រុមហ៊ុនឯកជន។ ជាមួយគ្នានេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្តពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ»។

កាលពីថ្ងៃទី២៧ខែវិច្ឆិកា ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថានាយករដ្ឋមន្ត្រីឡាវថ្មី លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ​​តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ទំព័រហ្វេស៊ប៊ុកលោកហ៊ុន សែន ឱ្យដឹងថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវនៅរសៀលថ្ងៃចន្ទនេះ លោក ផនខាំ វីផាវ៉ាន់ ​បានស្នើកម្ពុជាចំនួន៨ ចំណុច ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ការ​ផ្លាស់ប្ដូរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ដោយ​ជំរុញនិងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក។ លើសពីនេះ  បន្តពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និង ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់។ បន្ថែមពីនេះ ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការ​តាមគោលដៅដែលថ្នាក់ដឹកនាំបានសម្រេច ព្រមទាំងចំណុចមួយចំនួនទៀត។

ជាការឆ្លើយតប លោក ហ៊ុន សែន ​ក៏បានគាំទ្រចំណុចទាំងឡាយ ដែល​នាយករដ្ឋមន្ត្រីឡាវ បានលើកឡើង ហើយលោកក៏ស្នើនូវចំណុចមួយចំនួនទៅភាគីឡាវវិញដូចជា គួរពិចារណាឱ្យ​ប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ពីព្រោះវិស័យ​ជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមកជាដើម។ ​

លោក ផនខាំ វីផាវ៉ាន់ ជានាយករដ្ឋមន្រ្តីថ្មីរបស់ឡាវ ដែលទើបឡើងកាន់តំណែងកាលពីខែមីនា ឆ្នាំ២០២១នេះ បន្តពីលោក ថងលួន ស៊ីសូលីត។

បើតាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មើលឃើញថា ដំណើរទស្សនកិច្ចផ្លូវការរបស់​នាយករដ្ឋមន្រ្តីឡាវ ​នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង។ ជាងនេះទៀត ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ