រដ្ឋាភិបាល​​ឆែក​​សន្យា​​ជំរុញ​​អ្នក​​វិនិយោគ​​មក​​បណ្តាក់​​ទុន​​នៅ​​កម្ពុជា

ជំនួបសវនាការរវាងប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា លោក ម៉ាទីន វែវរ៉ា (Martin Vavra) នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។(ហ្វេសប៊ុក លោក ហេង សំរិន)

ប្រធានរដ្ឋសភាកម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលឆែកតាមរយៈឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួន បានសន្យា​នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ក្រោយជំងឺរាតត្បាតកូវីដ-១៩ បានធូរស្បើយនោះ។ ​

ការសន្យានេះ ធ្វើឡើងក្នុងជំនួបរវាងប្រធានរដ្ឋសភា លោក ហេង សំរិន ជាមួយឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជាលោកម៉ាទីន វែវរ៉ា(Martin Vavra)  នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ​។

ទំព័រហ្វេសប៊ុករបស់លោក ហេង សំរិន បានឱ្យដឹងថា ​ក្នុងជំនួបនោះឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា​លោក ម៉ាទីន វែវរ៉ា បានសន្យានៅមុខប្រធានរដ្ឋសភាកម្ពុជា ថានឹងខិតខំជំរុញអ្នកវិនិយោគិនឆែកមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនឡើង ខណៈក្រុមហ៊ុនរបស់ឆែក​បច្ចុប្បន្នកំពុងវិនិយោគនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម។

ទំព័រហ្វេសប៊ុកលោកហេង សំរិន សរសេរថា៖ «ដូច្នេះឯកឧត្តមនឹងសិក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានទំហំធំឡើង»។

ប្រភពដដែលបន្ថែមថា ​ឆែកបានផ្តល់ជំនួយទ្វេភាគីមកកម្ពុជាជាច្រើននៅក្នុងវិស័យសុខាភិបាល និងអប់រំ​ ហើយកាលពីពេលថ្មីនេះជំនួយឧបករណ៍បរិក្ខាពេទ្យជាច្រើនបានផ្តល់ជូនមន្ទីរពេទ្យខេត្តតាកែវ។

ឯកអគ្គរដ្ឋទូតឆែកថ្មីបញ្ជាក់ដែរថា ឆែកនៅបន្តផ្តល់ជំនួយមនុស្សធម៌មកកម្ពុជាបន្តបន្ទាប់ទៀត ពិសេសអាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅសាធារណរដ្ឋឆែក។

ដោយឡែកលោកហេង សំរិន បង្ហាញជំនឿថា​ បេសកកម្មការទូតថ្មីរបស់​លោកម៉ាទីន វែវរ៉ា នៅកម្ពុជាពិតជាមានសារសំខាន់​ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

លោកបានលើកឡើងថា៖ ប្រទេសទំាងពីរកម្ពុជា-ឆែក បាន ភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ហើយប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជារៀងរហូតមក។ នៅក្នុងដំណាក់កាលជាបន្តបន្ទាប់ ឆែក បានរួមចំណែកអភិវឌ្ឍន៍កម្ពុជាយ៉ាងច្រើន គឺតាំងពីអតីតឆេកូស្លូវ៉ាគី រហូតដល់បច្ចុប្បន្ន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ