មន្ត្រីថា​ក្រសួង​មិនទាន់​មាន​វិធានការ​ថ្មី​ដើម្បី​ទប់ស្កាត់​វីរុស​បំប្លែងថ្មី «អូមីក្រុង» នៅឡើយ

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពីមុខក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

មន្ត្រី​ជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា ថ្លែងថា ក្រសួង​នៅមិន​ទាន់មានជា​​វិធាន​ការ​ថ្មីដើម្បី​ឆ្លើយតបទៅនឹងការរកឃើញ​វីរុសបំប្លែងថ្មី «អូមីក្រុង» នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោកនៅឡើយ ខណៈ​ក្រសួងកំពុងបន្តតាមដានវាយតម្លៃទៅលើហានិភ័យនៃវីរុសនេះបន្ថែមទៀតជាមុនសិន។

​តាមរយៈសេចក្ដីជូនព័ត៌មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅ ក្រសួងសុខាភិបាល​លើកឡើងថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅ​បណ្ដាប្រទេសលើសកលលោកនិងនៅក្នុងតំបន់មានការវិវត្ត ខណៈមានការរកឃើញវីរុសបំប្លែងខ្លួន​ថ្មីៗជាបន្តបន្ទាប់។ ក្រសួងបន្ថែមថា ករណីនេះគឺជាការព្រួយបារម្ភរបស់ពិភពលោកអំពីការកើនឡើងនៃការចម្លងវីរុសបំប្លែងខ្លួនថ្មីនេះ។

បើតាមក្រសួងសុខាភិបាល នាពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ដែលហៅថា «អូមីក្រុង (Omicron)» ដោយអង្គការសុខភាពពិភពលោកបានរកឃើញ​នៅបណ្ដាប្រទេសមួយចំនួន ​ហើយអ្នកបច្ចេកទេសរបស់អង្គការអន្តរជាតិមួយនេះសម្ដែងការព្រួយបារម្ភពីលទ្ធភាពនៃការចម្លងរហ័សរបស់វាផងដែរ។

អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ហុក គឹមចេង ថ្លែងប្រាប់ វីអូឌី នៅ​ថ្ងៃ​ទី២៩ ខែវិច្ឆិកានេះ ថាគណៈកម្មការអន្តរក្រសួងក៏បានពិភាក្សាគ្នាលើការវាយតម្លៃ​លើវីរុស​បំប្លែង​ថ្មី​នេះ​ដែរ ហើយ​​​ក្រសួងក៏​មានការប្រុងប្រយ័ត្នទៅលើការគ្រប់គ្រងអ្នកដំណើរផងដែរ។  

យ៉ាងណា លោកថា ក្រសួង​មិន​ទាន់មានការចេញជាគោលការណ៍អ្វីថ្មីសម្រាប់ទប់ទល់លើវីរុសថ្មីនេះនៅឡើយ ហើយក៏មិនទាន់មានគោលការណ៍បិទជើងហោះហើរ​ពីប្រទេសដែលរកឃើញវីរុសបំប្លែងថ្មីនោះដែរ ក្រៅពីវិធានការ​ដែល​ក្រសួង​​​បានបង្ហោះសេចក្ដីជូនព័ត៌មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅ។

លោក ហុក គឹមចេង មានប្រសាសន៍ថា៖ «អាហ្នឹង [វិធានការបិទជើងហោះហើរពី​ប្រទេស​ដែល​មាន​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី អូមីក្រុង ចូលមក​កម្ពុជា]​ ​គឺនៅ! យើងតាមដានមើលទាំងអស់គ្នា។ ហើយ​យើង​ក៏មិនទាន់មានចេញជាវិធានការអីថ្មីទេ គឺយើង​កំពុងតែតាមដានវាយតម្លៃ​ទៅលើ​ហានិភ័យ​​នៃ​វីរុស​ហ្នឹង​បន្តទៅទៀតសិន។ អាហ្នឹងអត់​ទាន់​ៗ​មាន​អី​ថ្មីទេ»។

អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា នៅថ្ងៃនេះ ក៏បានសរសេរសារនៅលើបណ្ដាញសង្គម​ ដោយ​ក្រើនរម្លឹកដល់កម្ពុជា ក្នុងន័យឱ្យត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ-១៩។

ប្រភពដដែលបានស្រង់ការលើកឡើងរបស់ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Li Ailan ដោយមានប្រសាសន៍ថា កម្ពុជាគួរតែបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មី «អូមីក្រុង» ដែលទើបរកឃើញថ្មីៗនេះ បើទោះបីជាកម្ពុជាសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ក៏ដោយ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan បន្តថា៖ «បុគ្គលគ្រប់រូបគួរតែត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនៃករណីជំងឺកូវីដ-១៩ ហើយយើងគួរតែបន្តរៀនសូត្រនិងកែតម្រូវវិធានការឆ្លើយតបរបស់យើង»។

​ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន លើកឡើងថា មេរោគបំប្លែង «អូមីក្រុង» នេះ កំពុងធ្វើឱ្យពិភពលោកមានការភ័យខ្លាចជាថ្មី។ យ៉ាងណា លោកស្រីថា កម្ពុជាអាចតាម​ដានមើលពីស្ថានភាពប្រទេសជិតខាងសិន មុននឹងពិចារណាថាតើគួរបិទការទទួលអ្នកដំណើរពីប្រទេសដែលមានករណីឆ្លងវីរុសបំប្លែងថ្មីនេះឬយ៉ាងណា ដោយសារកម្ពុជាមិនមានការហោះហើរផ្ទាល់ពីតំបន់អាហ្រ្វិកនិងអឺរ៉ុបទេ ពោលគឺគ្រាន់តែទទួលអ្នកដំណើរបន្តពីប្រទេសជិតខាង។

លោកស្រី ឆាយ ស៊ីវលីន ថា៖ «យើងអាចរង់ចាំបន្តិច ចាំមើលប្រទេសជិតខាង! ការស្កេនរបស់គេហ្នឹងមានវិធានការយ៉ាងណា? ដោយសារយើងជាប្រទេសមួយដែលយើងអត់មានយន្តហោះហោះពីតំបន់ឆ្ងាយៗមកទេ សុទ្ធតែត្រូវការឆ្លងកាត់ប្រទេសជិតខាងមកទេ។ អ៊ីចឹងយើងអាចចាំមើលបន្តិច! ប៉ុន្តែការប្រយ័ត្នប្រយែង ការតាមដានចំពោះព័ត៌មាន ក៏ដូចជាវិធានសុវត្ថិភាពអី ត្រូវតែមានការរឹតបន្តឹង»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា វិធានការលើវីរុសថ្មីនេះ រដ្ឋាភិបាលត្រូវកត់សម្គាល់ជនបរទេសដែលចេញចូលកម្ពុជាឱ្យបានម៉ត់ចត់ ដូចជា ជនបរទេសដែលមិនបានចាក់វ៉ាក់សាំង ត្រូវធ្វើចត្តាឡីស័កនូវរយៈពេលច្បាស់លាស់ណាមួយ។ លោកបន្តថា ត្រូវពិនិត្យតាម Rapid test និង PCR ព្រមទាំងត្រូវមានភាពតឹងរ៉ឹងលើប៉ាស្ព័រវ៉ាក់សាំង ដើម្បីកាត់បន្ថយហានិភ័យ។ លោកថា បើមិនដូច្នេះទេ ​កម្ពុជាអាចនឹងមានហានិភ័យពីករណី «អូមីក្រុង» មិនខាន។

លោក អ៊ូច វុទ្ធី បន្តថា៖ «បើសិនជាយើងចេះតែបណ្ដែតបណ្ដោយ ហើយមិនពិនិត្យមើលនូវជនបរទេសទាំងនោះទេ យើងមិនបានមើលដិតដល់ អាហ្នឹងបានន័យថា យើងអាចនឹងយកមេរោគហ្នឹងចូលប្រទេសយើងទៀតហើយ។ ព្រោះឥលូវនេះ យើងកំពុងតែបើកទូលាយ ហើយប្រជាជនយើងកំពុងតែសប្បាយរីករាយក្នុងការដែលរកទទួលទាន។ បើសិនជាបិទខ្ទប់ដូចមុនទៀត មួយៗស្រែករកពុទ្ធោគ្រប់គ្នាហើយ»។

យ៉ាងណា លោកថា ក្រសួងសុខាភិបាលក៏បានរៀបចំការត្រួតពិនិត្យលើជនបរទេសដែលចេញចូលប្រទេសតាមជើងហោះហើរបានច្បាស់លាស់ផងដែរ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី​២៧ ខែវិច្ឆិកា បានអំពាវនាវនិង​ក្រើន​រំឭកសាធារណជនឱ្យបន្តអនុវត្តវិធានការសំខាន់ៗដូចជា ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល១ម៉ែត្រកន្លះ​ឡើង ការកែលម្អខ្យល់ចេញចូលនៃទីធ្លា ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ដូស និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានអំពីករណីសង្ស័យនូវរោគសញ្ញានៃជំងឺជាដើម ដើម្បីការពារនិងទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ