នាយក​រដ្ឋមន្ត្រី​ថ្មីឡាវ មក​ទស្សនកិច្ច​នៅ​កម្ពុជា​២ថ្ងៃ​តាម​ការ​ស្នើ​របស់​លោក ហ៊ុន សែន

នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើបដិសណ្ឋារកិច្ច ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រសួងការបរទេស​បានឱ្យដឹងថា នាយករដ្ឋមន្ត្រីឡាវថ្មី លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយការមកបំពេញទស្សនកិច្ចផ្លូវការ​នេះធ្វើឡើង​តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បើតាមក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃសៅរ៍ បញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក ហ៊ុន សែន និងលោក ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សាលើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍និងក្តីបារម្ភរួម។

ក្រសួងការបរទេសមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីឡាវនៅកម្ពុជា​ អំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់និងពិភពលោក។

លោក ផនខាំ វីផាវ៉ាន់ ជានាយករដ្ឋមន្រ្តីថ្មីរបស់ឡាវដែលទើបឡើងកាន់តំណែងកាលពីខែមីនា ឆ្នាំ២០២១នេះ បន្តពីលោក ថងលួន ស៊ីសូលីត។

កម្ពុជា-ឡាវ ជាប្រទេសមានព្រំប្រទល់ជាប់គ្នា​ប្រវែងជាង៥០០គីឡូម៉ែត្រ។ ឡាវ ក៏ជាប្រទេសមួយដែលបានចុះកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីមកកាន់កម្ពុជា ពោលគឺសម្រាប់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ