រាល់ពេលដែលអ្នកស្រុកត្រូវចាកចេញពីភូមិតានី អ្នកស្រុកម្នាក់ទៀតចាំបាច់ត្រូវតែមកចាំនៅទីតាំង ដើម្បីមើលថែរក្សាការពារដីនិងផ្ទះសម្បែងនៅក្នុងភូមិ។ បើពុំដូច្នេះទេ សន្តិសុខប្រចាំការរបស់ក្រុមហ៊ុនចិន «ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group)» នៅទីនោះដែលប្រដាប់ដោយឧបករណ៍នានាមួយចំនួន ពេលខ្លះមានទាំងកាំភ្លើងផងដែរនោះ នឹងមករុះរើផ្ទះរបស់ ពួកគេជាក់ជាមិនខាន។
អ្នកស្រី មា រាម អាយុ៥៨ឆ្នាំ រស់នៅភូមិតានី ថ្លែងថា សកម្មភាពនេះបានក្លាយទៅជាការភ័យខ្លាច អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយសារតែសន្តិសុខជារើយៗតែងតែចូលមកក្នុងភូមិរបស់ពួកគាត់ ក្នុងគោលបំណងដើម្បីរុះរើនិងវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋចោល។
អ្នកស្រីបន្តថា ៤ថ្ងៃមុនពេលដែលអ្នកសារព័ត៌មានចុះទៅកាន់ទីតាំងដីទំនាស់ នៅថ្ងៃទី២៨ ខែមិថុនា សន្តិសុខបានមកម្ដងទៀត ដោយបានធ្វើសកម្មភាពវាយកម្ទេចក្ដារនិងដកដែកចេញពីខ្ទមរបស់អ្នកស្រី បន្សល់ទុកតែរនាបឈើតែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «នៅពេលដែលពួកគេចុះមកនោះ ខ្ញុំកំពុងតែរើសត្រីតូចៗសម្រាប់ផ្អាប់ទុក។ យើងគ្រាន់តែសង់ផ្ទះតូចមួយនៅលើចម្ការរបស់យើងតែប៉ុណ្ណោះ»។
អ្នកស្រី មា រាម បន្ថែមថា អ្នកស្រីនឹងជួសជុលសង់ផ្ទះឡើងវិញ ប៉ុន្តែបច្ចុប្បន្ន អ្នកស្រីនិងក្រុម គ្រួសារត្រូវបន្តសម្រាកនៅលើរនាបឈើនេះសិន។
ដោយលាតសន្ធឹងតាមតំបន់ឧទ្យានជាតិ ព្រៃកោងកាង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) បានប្ដេជ្ញាក្នុងការបន្តផែនការសម្រាប់សម្បទានទំហំ៤៥ ០០០ហិកតារបស់ខ្លួន ដែលគ្របដណ្ដប់លើផ្ទៃដី២០ភាគរយនៃឆ្នេរ សមុទ្ររបស់ប្រទេសកម្ពុជា។ ប៉ុន្តែបន្ទាប់ពីរយៈពេលមួយទសវត្សរ៍នៃការអភិវឌ្ឍ ឆ្នេរសមុទ្រនៅ តំបន់ភាគខាងលិចមួយនេះនៅតែមិនឃើញមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ណាមួយដោយផែនការទាំងនោះទេ ខណៈដែលរូបភាពផ្កាយរណបបានបង្ហាញឱ្យឃើញពីការអភិវឌ្ឍក្នុងចំនួនតិចតួចតែប៉ុណ្ណោះ។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុនបានបង្ហាញពីគោលបំណងក្នុងការវិនិយោគឥតដែនកំណត់សម្រាប់តំបន់ ដែលរួមមានទីតាំងឧស្សាហកម្ម រោងចក្រកែច្នៃអាហារសមុទ្រ និងកសិកម្ម មជ្ឈមណ្ឌលថែទាំសុខភាព ជាពិសេសសម្រាប់ប្រជាជនចិន មូលដ្ឋានផលិតកម្មភាពយន្ត និងទូរទស្សន៍ ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែអ្វីដែលអាចមើលឃើញ គឺមានតែនៅក្នុងរូបភាពនៃការអភិវឌ្ឍប៉ុណ្ណោះ។
ស្ថិតនៅក្នុងស្រុកបទុមសាគរ គោលដៅសំខាន់នៃការអភិវឌ្ឍរបស់ក្រុមហ៊ុន UDG គឺជាកំពង់ផែដ៏វែងមួយដែលលាតសន្ធឹងប្រមាណជា៧០០ម៉ែត្រចូលទៅក្នុងសមុទ្រ។ នេះបើតាមរូបភាពផ្កាយរណប។
ទីតាំងកំពង់ផែនោះ ក៏ដូចជាព្រលានយន្តហោះដែលមានផ្លូវរត់ចម្ងាយ៣,២គីឡូម៉ែត្រ ដែលគ្រោងនឹងបើកប្រតិបត្តិការដំបូងរបស់ខ្លួននៅក្នុងត្រីមាសទី៤ ឆ្នាំនេះ បានទាក់ទាញជាការចាប់អារម្មណ៍ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ កាលពីខែកញ្ញាកន្លងទៅ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន UDG ជុំវិញការភ្ជាប់ទំនាក់ទំនងយោធារបស់ចិន និងសកម្មភាពដែលធ្វើឡើងចំពោះអ្នករស់នៅក្នុងតំបន់នោះផងដែរ។
គិតចាប់តាំងពីក្រុមហ៊ុន UDG បានទទួលសម្បទានក្នុងចន្លោះឆ្នាំ២០០៨ និង២០១១ គ្រួសារ ចំនួន១ ១៤៣ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទៃដីប្រមាណជា១ម៉ឺនហិកតា ខណៈដែលផ្ទះចំនួន១ ៥០០ខ្នង ត្រូវបានរុះរើនិងឈូសឆាយចោល។ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០១២ ដោយ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)។
គួរបញ្ជាក់ថា ទីតាំងវិស្សមកាលទេសចរណ៍តារាសាគរ (Dara Sakor Seashore Resort Development) បានបើកទទួលភ្ញៀវហើយ។ ប៉ុន្តែសណ្ឋាគារនៅទីនោះហាក់ដូចជានៅមិនទាន់បានដាក់ផ្សព្វផ្សាយពីការដាក់ជួលបន្ទប់របស់ខ្លួននៅលើគេហទំព័រនោះទេ។
នៅពេលដែលអ្នកសារព័ត៌មានព្យាយាមទៅកាន់ការិយាល័យតាំងបង្ហាញរបស់ក្រុមហ៊ុន UDG ក្នុងរាជធានីភ្នំពេញ ទីតាំងនៅពេលនោះបានបិទ ខណៈដែលសន្តិសុខយាមកាមរបស់ការិយាល័យក្រុមហ៊ុនលើកឡើងថា ពួកគេមិនមានលេខទូរសព្ទទំនាក់ទំនងរបស់បុគ្គលិកណាមួយឡើយ។
ជាមួយគ្នានេះ អ្នកសារព័ត៌មានក៏មិនអាចទាក់ទងតាមរយៈលេខទូរសព្ទចំនួនពីរខ្សែដែលដាក់នៅលើផ្ទាំងផ្សាយពាណិជ្ជកម្មនៅមុខការិយាល័យ ហើយក្រុមហ៊ុនក៏មិនអាចធ្វើការទាក់ទងបានតាមលេខទូរសព្ទផ្សេងទៀតដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មផងដែរ។
ទោះជាយ៉ាងណា ម៉ូដគំរូនៃខុនដូនិងផ្ទះលំហែកាយនៅតែអាចមើលឃើញបានតាមរយៈបង្អួចកញ្ចក់នៃការិយាល័យតាំងបង្ហាញ។


សហគមន៍ដែលនៅសេសសល់
ការបង្ហោះផ្សព្វផ្សាយពាណិជ្ជកម្មជាភាសាចិនអំពីការបើកទីតាំងក្នុងឆ្នាំ២០១៥ ក៏បានបង្ហាញពីសក្ដានុពលទេសចរណ៍នៃតំបន់នេះផងដែរ ក្នុងនោះរួមមាន ការលាតសន្ធឹងនៃព្រៃកោងកាង ដែលជាការទាក់ទាញធម្មជាតិ ក៏ដូចជាសំណើបង្កើត «ភូមិនេសាទបុរាណ» ក្នុងចំណោមការផ្ដល់ជូនសេវាកម្មទេសចរណ៍ និងការកម្សាន្តផ្សេងទៀតរបស់ក្រុមហ៊ុន។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅទីនោះលើកឡើងថា សកម្មភាពរបស់ក្រុមហ៊ុនទាំងនេះ បាននិងកំពុងបំផ្លាញឧទ្យានជាតិបទុមសាគរ។
ប្រជាពលរដ្ឋអាយុ៥៣ឆ្នាំមួយរូបទៀត អ្នកស្រី ញ៉ាន ភិន ថ្លែងថា លោកស្រីទើបតែបានបញ្ចប់ការតវ៉ាជាមួយក្រុមហ៊ុនកាលពីពេលថ្មីៗ ខណៈដែលលោកស្រីសុខចិត្តលក់ដីរបស់ខ្លួន។ ប៉ុន្តែអ្នកស្រីចង់បានតម្លៃទីផ្សារដែលអាចទទួលយកបានសម្រាប់ផ្ទៃដី២០ហិកតា ដែលស្មើនឹងប្រមាណជា៧០ម៉ឺនដុល្លារ។
អ្នកស្រីបន្តថា សន្តិសុខរបស់ក្រុមហ៊ុន UDG មួយចំនួនមកពីភូមិនានាក្នុងស្រុកគិរីសាគរ ដែលរងផលប៉ះពាល់ដោយក្រុមហ៊ុន ប៉ុន្តែពួកគេត្រូវការការងារ ហើយអាចនឹងត្រូវបាត់បង់ការងារនេះ ប្រសិនបើពួកគេមិនព្រមធ្វើតាមការបញ្ជាពីក្រុមហ៊ុនក្នុងការរុះរើផ្ទះសម្បែង។
អ្នករស់នៅក្នុងតំបន់នោះរំពឹងថា នឹងទទួលបានសំណងសមរម្យនិងឱកាសការងារ ប៉ុន្តែការងារដែលពួកគេទទួលបានគឺមានតែសន្តិសុខប៉ុណ្ណោះ ដែលត្រូវតែប្រឈមមុខជាមួយនឹងអ្នកជិតខាងរបស់ខ្លួន។
អ្នកស្រី ញ៉ាន ភិន បន្តថា៖ «ពួកគេ [ក្រុមហ៊ុន] មិនបានធ្វើតាមអ្វីដែលពួកគេធ្លាប់បាននិយាយនោះទេ។ យើងគិតថា ដល់ពេលដែលពួកយើងត្រូវទទួលយកសំណង ដើម្បីស្វែងរកផ្ទះសមរម្យមួយហើយ»។
អ្នកស្រីបន្ថែមថា គ្មានមន្ត្រីមូលដ្ឋានណាម្នាក់ហ៊ានចេញមុខការពារប្រជាពលរដ្ឋនោះទេ ដូច្នេះហើយ ពួកគេត្រូវតែក្រោកឈរឡើងរួមគ្នាប្រឆាំងនឹងសន្តិសុខទាំងនោះ។
អ្នកស្រីថា៖ «យើងបានព្យាយាមតតាំងរួមគ្នានិងជួយគ្នាទៅវិញទៅមក នៅពេលដែលពួកគេមករុះរើផ្ទះរបស់យើង។ យើងរួបរួមគ្នា យើងមិនខ្លាចក្នុងការធ្វើសកម្មភាពទាំងឡាយនោះទេ»។
អ្នកស្រីបន្ថែមទៀតថា ការតតាំងនេះគឺមានតែអ្នកភូមិតែប៉ុណ្ណោះ ខណៈដែលគ្មានមន្រ្តីក្នុងឃុំណាម្នាក់ហ៊ានចេញមុខជួយនោះទេ។
បុរសដែលជាអ្នកភូមិមួយរូបទៀតដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា លោកនឹងដុតបំផ្លាញចោលទូករបស់សន្តិសុខទាំងឡាយណាដែលមកកាន់ផ្ទះរបស់លោក។
សម្រាប់ប្រជាពលរដ្ឋម្នាក់ទៀត លោក កែវ ខន ថ្លែងថា ខ្លួននៅតែរង់ចាំការជួយអន្តរាគមន៍ពីអាជ្ញាធរ ខណៈដែលលោកមិនពេញចិត្តនឹងការដែលអតីតអភិបាលខេត្តកោះកុង លោក ប៊ុន លើត ផ្ដល់ដីទំហំ២,៥ហិកតាក្នុងទីតាំងផ្សេង ជាការដោះដូរនឹងដីរាប់សិបហិកតារបស់លោកនោះទេ។
ពលរដ្ឋអាយុ៥៨ឆ្នាំរូបនេះបន្តថា លោកនឹងព្រមទទួលយកសំណង ប្រសិនបើវាជាតម្លៃមួយដ៏ល្អ ប៉ុន្តែសម្រាប់ពេលនេះ លោកនៅមិនទាន់ពេញចិត្តសម្រាប់ការផ្ដល់ជូននេះទេ។
កាលពីចុងខែមិថុនា លោក កែវ ខន ធ្លាប់បានចាកចេញពីផ្ទះរបស់ខ្លួន ដើម្បីទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នៅពេលដែលត្រលប់មកវិញ គ្រួសាររបស់លោកបែរជាត្រូវបានរារាំងនិងត្រូវបានឃាត់សួរនាំដោយសន្តិសុខអស់រយៈពេលប្រមាណជាមួយម៉ោង ដោយមិនឱ្យចូលទៅកាន់ផ្ទះរបស់ពួកគេនោះទេ។
ទាក់ទិននឹងករណីនេះ លោកថា៖ «តើពួកគេអាចរារាំងយើងមិនឱ្យចូលផ្ទះបានយ៉ាងដូចម្ដេច? នៅពេលនោះ កូនក្មេងក៏កំពុងតែយំនៅក្នុងឡានផងដែរ»។
លោក កែវ ខន បន្តថា គ្រួសាររបស់លោកក៏ត្រូវបានអាជ្ញាធរហាមមិនឱ្យធ្វើស្រែចម្ការនៅលើដីរបស់ពួកគេ ដោយលោកសង្ឃឹមថា បញ្ហានេះអាចនឹងត្រូវបានដោះស្រាយដោយអភិបាលខេត្តបច្ចុប្បន្ន។ ដីនេះត្រូវបានទុកចោលអស់រយៈពេលប្រមាណជា២ឆ្នាំមកហើយ ខណៈដែលលោកក៏មិនអាចលក់វាបានដែរ បើទោះបីជាលោកអះអាងថាមានបណ្ណកម្មសិទ្ធិដីធ្លីក៏ដោយ។
កាលពីប្រមាណជា២ឆ្នាំមុន លោកថា មានបុរសម្នាក់បានមកកាន់ទីតាំងនេះ ដោយនាំមកជាមួយនឹងប្រាក់ចំនួន៨០០ ០០០ដុល្លារសហរដ្ឋអាមេរិក ហើយចង់ទិញដីរបស់លោក ប៉ុន្តែមិនមានអាជ្ញាធរឃុំឬសង្កាត់ណាមួយយល់ព្រមឡើយ។
ទាក់ទិននឹងសំណួរអំពីករណីក្រុមហ៊ុន UDG អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានបដិសេធឆ្លើយតប និងបានថ្លែងយ៉ាងខ្លីថា៖ «ខ្ញុំនឹងផ្ដល់ជូនព័ត៌មានលម្អិតអំពីការងារនេះនៅពេលក្រោយ ខណៈដែលករណីនេះកំពុងតែស្ថិតនៅក្នុងដំណើរការ»។

ការផ្លាស់ប្ដូរទីលំនៅ
បច្ចុប្បន្ន ប្រជាពលរដ្ឋទូទៅនៅតែអាចធ្វើដំណើរចូលទៅកាន់កំពង់ផែកោះស្ដេចបាន ដែលជាទីតាំងសម្រាប់អ្នកនេសាទនិងអ្នកបើកបរទូកទេសចរណ៍។
ទោះជាយ៉ាងណា អាជីវករលក់ភេសជ្ជៈមួយរូបនៅកំពង់ផែកោះស្ដេច លើកឡើងថា តូបរបស់ពួកគេស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន UDG។
ក្នុងចំណោមអគារដែលក្រុមហ៊ុន UDG បានសាងសង់ ក្នុងនោះមានផ្ទះឈើប្រណិតរាប់សិបខ្នងនៅតាមបណ្ដោយផ្លូវ Union Road ដែលត្រូវបានរៀបចំជាហាងលក់សម្ភារសំណង់ ភេសជ្ជៈ និងភោជនីយដ្ឋាន។

លោក ចៅ សោប អាយុ៦២ឆ្នាំ ដែលរស់នៅក្នុងផ្ទះមួយដែលត្រូវបានផ្ដល់ជូននៅអំឡុងទសវត្សរ៍ឆ្នាំ២០០០ បានលើកឡើងថា លោកបានធ្វើជាទាហានតាំងពីអាយុ១៧ឆ្នាំ និងបានចូលរួមជាមួយកងទ័ពវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកខ្មែរក្រហមដែលនៅសេសសល់ចុងក្រោយ។
បន្ទាប់ពីលោកបានចូលនិវត្តន៍នៅចុងទសវត្សរ៍ឆ្នាំ២០០០ លោកថ្លែងថា នាយឧត្ដមសេនីយ៍ គន់ គីម ដែលបច្ចុប្បន្នជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួយដល់រូបលោកក្នុងការទទួលបានផ្ទះនិងដីទំហំប្រមាណជា២ហិកតា។
ទោះជាយ៉ាងណា ផ្ទះដែលត្រូវបានផ្ដល់ជូននេះ បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមហើយ ខណៈដែលលោកក៏ប្រឈមនឹងបញ្ហាជីវភាពក្នុងរបរនេសាទ និងពិបាកធ្វើស្រែចម្ការផងដែរ។
លោកបន្តថា លោកមិនបានទទួលជំនួយណាមួយពីរដ្ឋនោះទេ គិតចាប់តាំងពីលោកទទួលបានផ្ទះនិងសំណងមួយចំនួនមក។

លោកថ្លែងថា៖ «តាមរយៈស្ថានភាពផ្ទះរបស់ខ្ញុំ ហេតុអ្វីបានជាខ្ញុំមិនអាចទទួលបានបណ្ណក្រីក្រ?»
លោកបន្ថែមថា ក្នុងរយៈពេលប្រមាណជាពីរបីឆ្នាំមកនេះ ប្រជាពលរដ្ឋភាគច្រើនដែលទទួលបានផ្ទះផ្ដល់ដោយក្រុមហ៊ុន UDG ក៏បានសម្រេចលក់ផ្ទះទាំងនោះវិញផងដែរ។
ផ្ទះភាគច្រើនដែលពួកគេលក់ ត្រូវបានទុកចោលនិងចាប់ផ្ដើមមានសភាពចាស់ទ្រុឌទ្រោម។ ខណៈដែលមានវ័យកាន់តែចាស់ លោក ចៅ សោប ក៏ធ្លាប់បានពិចារណាក្នុងការលក់ផ្ទះដែលជាទ្រព្យសម្បត្តិចុងក្រោយដែលលោកមាននេះផងដែរ។
ទោះជាយ៉ាងណា លោកថា៖ «បច្ចុប្បន្ន ខ្ញុំសម្រេចថាទុកផ្ទះនិងដីនេះសិន រហូតទាល់តែខ្ញុំចាស់បន្តិចទៀត ទើបសម្រេចលក់វា។ បើខ្ញុំលក់ឥលូវ ហើយចាយលុយអស់ តើខ្ញុំនឹងរំពឹងអ្វីនៅពេល ដែលខ្ញុំចាស់ទៅ?»
តំបន់អភិវឌ្ឍន៍
បើទោះបីជាក្រុមហ៊ុន ញូញៀន ឌឹវើលុបមែន គ្រុប មិនអាចទាក់ទង ដើម្បីពន្យល់ពីផែនការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនបានក៏ដោយ ក្រុមហ៊ុនអចលនទ្រព្យនិងគេហទំព័ររបស់ក្រុមហ៊ុនបានបង្ហាញថា តំបន់សម្បទានភាគច្រើនត្រូវបានកំណត់សម្រាប់ការសាងសង់ទីក្រុងថ្មីមួយ។
ដីសម្បទានដ៏ធំបំផុតរបស់ក្រុមហ៊ុន UDG ស្ទើរតែទាំងស្រុងដែលមានទំហំ៣៦ ០០០ហិកតា ក្នុងចំណោមផ្ទៃដីសរុប៤៥ ១០០ហិកតា នឹងត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍជាទីក្រុងមួយដែលមានតំបន់ជាច្រើន។ នេះបើយោងតាមក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក EBR Experts Beyond Realty។
សម្បទានដ៏ធំនេះចែកចេញជាតំបន់ចំនួន១១ ដែលរួមមាន ផ្លូវរត់ប្រវែង៣,២គីឡូម៉ែត្រ តំបន់ជុំវិញព្រលានយន្តហោះ តំបន់ដឹកជញ្ជូន តំបន់សម្រាប់វិស័យអប់រំ តំបន់ឧស្សាហកម្ម ច្នៃប្រតិដ្ឋជាមួយនឹងបច្ចេកវិទ្យាខ្ពស់ ទីក្រុងប្រណិត តំបន់កម្សាន្ត តំបន់ដែលរួមបញ្ចូលលំនៅឋាន និងតំបន់សម្រាប់ឥស្សរជន ជាដើម។
ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យដដែល ក៏បានផ្សព្វផ្សាយពីតំបន់ចំនួន៣ នៅលើទីផ្សារក្បែរសណ្ឋាគារតារាសាគរ (Dara Sakor Hotel) ផងដែរ ជាមួយនឹងតម្លៃចាប់ពី៣៦០ដុល្លារ ទៅ២ ០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
គេហទំព័ររបស់ក្រុមហ៊ុន UDG ក៏បានផ្ដល់នូវចំណុចមួយចំនួនបន្ថែមទៀតលើអ្វីដែលក្រុមហ៊ុន គ្រោងនឹងអភិវឌ្ឍន៍ ដោយលើកឡើងថា ខ្លួននឹងអភិវឌ្ឍឱ្យបានយ៉ាងតិចណាស់រោងចក្រថាមពលចំនួនពីរ ទីលានវាយកូនហ្គោល តំបន់កសិឧស្សាហកម្ម ទីតាំងកែច្នៃអាហារសមុទ្រ ក៏ដូចជាទីតាំងចុះចតឧទ្ធម្ភាគចក្រ និងកន្លែងចតទូកផងដែរ។
គេហទំព័រព័ត៌មានរបស់សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរាយការណ៍ឱ្យដឹងកាលពីខែកក្កដាកន្លងទៅថា គម្រោងអាកាសយានដ្ឋានដែលមានតម្លៃ៣៥០លានដុល្លារ របស់ក្រុមហ៊ុន UDG ក៏គ្រោងនឹងចាប់ផ្ដើមប្រតិបត្តិការនៅចុងឆ្នាំនេះផងដែរ៕
បកប្រែនិងសម្រួលពីអត្ថបទដើមភាសាអង់គ្លេសដោយលោក ភុន ច័ន្ទឧសភា
ចំណាំ៖ «អត្ថបទនេះត្រូវបានផលិតឡើងដោយមានការគាំទ្រពីមូលនិធិ Rosa Luxemburg ក្រោមជំនួយហិរញ្ញវត្ថុរបស់ក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ»។
គាំទ្រដោយ៖
