វិភាគ៖ វិធានរឹបអូសដីជុំវិញបឹងទន្លេសាបបង្ហាញឱ្យឃើញបញ្ហាអ្វីខ្លះ?

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំគណៈប្រតិភូអន្តរក្រសួង និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីព្រៃលិចទឹក ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Land Management, Urban Planning and Construction Cambodia)

ជ្រុងមួយនៃបញ្ហាសង្គមក្នុងរយៈពេលជិត៤ឆ្នាំ​នៃអាណត្តិទី៦នេះ មេដឹកនំាបក្សកាន់អំណាចបានចេ​ញ​បញ្ជាឱ្យនាំយកមន្ត្រីខិលខូចមកផ្ដន្ទាទោស ពាក់ព័ន្ធទៅនឹងការរំលោភយកដីព្រៃលិចទឹកជុំវិញ​បឹង​ទន្លេសាបមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

តាមរយៈសារសំឡេង​ជាង២៣នាទី នាថ្ងៃទី​២៨ ខែ​វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ទៅ​​ក្រសួងដែនដី មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ឱ្យចេញប្រតិបត្តិការ​រួមគ្នាជាបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការស្រាវជ្រាវពីក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំ​ដោយលោក សុខ ទូច ដោយរកឃើញការរំលោភដីព្រៃលិចទឹកជាច្រើនពាន់ហិកតានៅតំបន់បឹងទន្លេសាប។

មេដឹកនាំរូបនេះរម្លឹកដែរថា ប្រតិបត្តិការ​រួមនេះត្រូវធ្វើព្រមគ្នារវាងកម្លាំងជើងទឹក ជើងគោក និងជើ​ង​អាកាស ធានា​ដល់​ការរឹបអូសត្រលប់មកវិញនូវដីព្រៃលិចទឹក​ដែលត្រូវបានបំពានយក មិនថាជាពលរដ្ឋ​ឬ​មន្ត្រី​ថ្នាក់ណានោះទេ ត្រូវនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់។

បើទោះបីមេដឹកនាំរូបនេះមិនបានបង្ហាញឈ្មោះមន្ត្រីពាក់ព័ន្ធទាំងអស់ក៏ដោយ ក៏ប៉ុន្តែលោកបាន​និ​យា​យ​ចំឈ្មោះមន្ត្រីជាន់ខ្ពស់មួយរូបដែលទើបនឹងប្ដូរមកកាន់ក្រសួងមហាផ្ទៃ គឺអតីតអភិបាលខេត្តកំពង់ឆ្នាំង លោ​ក ឈួរ ចាន់ឌឿន។

លោក ឈួរ ចាន់ឌឿន ត្រូវបានលោកនាយករដ្ឋមន្ត្រីទម្លាយថា ជាប់ពាក់ព័ន្ធនឹងការកាន់កាប់ដីព្រៃលិ​ចទឹកនៅតំបន់បឹងទន្លេសាបជាង២ ០០០ហិកតា។

លោកបញ្ជាក់ថា៖ «​ខ្ញុំបានបញ្ជាក់ហើយថា មានតែផ្លូវច្បាប់ប៉ុណ្ណោះដែលអាចដោះស្រាយបាននូវបញ្ហាពួកអ្នកទាំងនេះ។ […] ខ្ញុំសូមឱ្យអ្នកទៅអនុវត្ត ចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត គឺការចាប់ខ្លួនតែម្ដង សម្រាប់ផ្ដន្ទាទោសតាមច្បាប់»។

បឹ​ងទន្លេសាប គ្របដណ្ដប់ជាប់ខេត្តចំនួន៥នៅកម្ពុជា រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងបាត់ដំបង។

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែន និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីព្រៃលិចទឹក ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែន និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីព្រៃលិចទឹក ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Land Management, Urban Planning and Construction Cambodia)

ជ្រុងមួយទៀតនៃបញ្ហាសង្គមដែលត្រូវបានមេដឹកនាំជាន់ខ្ពស់បក្សកាន់អំណាចលើកឡើង​ក្នុងអាណត្តិដែល​ក្បាល​ម៉ាស៊ីនដឹកនាំរដ្ឋក្លាយជារដ្ឋាភិបាលឯកបក្សនោះ គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​អនុប្រធានគបក្សប្រជាជនកម្ពុជា លោក ស ខេង ធ្លាប់ថ្លែងជាសាធារណៈ​ កាលពីខែតុលា ឆ្នាំ២០២១ ថាមន្ត្រីមានអំ​ណាចមួយចំនួនបានទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់នៅខេត្តមណ្ឌលគិរី។

ពេលនោះ លោក ស ខេង បានបង្ហាញការសោក​ស្ដាយចំពោះមន្ដ្រីទាំងនោះដែល​​បានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដីធ្លីប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយលោកចាត់ទុកការរំលោភយកដីធ្លី​ពលរដ្ឋនិងទ្រព្យសម្បត្តិរបស់រដ្ឋនោះ ដោយសារតែភាពលោភលន់របស់មន្ត្រីទាំងនោះតែម្តង។

បញ្ហានេះបង្កើតជាសំណួរថា តើវិធានដែលរដ្ឋាភិបាលប្រកាស​រឹបអូសដីជុំវិញបឹងទន្លេសាបមកវិញ​ ប​ង្ហាញ​ឱ្យឃើញបញ្ហាអ្វីខ្លះ?

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ព្រៃលិចទឹកជុំវិញបឹងទ​ន្លេសា​ប ជាសំបុកត្រីពង​កូន​នៅរដូវទឹក​ឡើង ហើយជាជម្រកសត្វព្រៃនៅរដូវទឹកស្រក។

លោកគូសបញ្ជាក់ថា អំណោយផលធម្មជាតិទាំងនេះ អាចចិញ្ចឹមពលរដ្ឋខ្មែរដល់ទៅជាង៦០ភាគរយ ដែលចូលចិត្តបរិភោគត្រី ដែលការណ៍នេះ លោកគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល ។

លោកថា៖ «យើងដឹងហើយ ដីទន្លេសាបជាដីអាយុជីវិតកម្ពុជា ទាក់ទងនឹងសន្តិសុខស្បៀងរបស់កម្ពុជា។ កម្ពុជាយើងមិនអាចផ្គត់ផ្គង់ជាតិ​ប្រូតេអ៊ីនបានទេ បើសិនជាទន្លសាបមានបញ្ហា។ អ៊ីចឹងវិធានការការពារបឹងទន្លេសាប ជាយុទ្ធសាស្ត្រជាតិសំខាន់ណាស់ ជាយុទ្ធសាស្ត្រសន្តិសុខស្បៀង ហើយក៏ជាយុទ្ធសាស្ត្រសន្តិជាតិដែលយើងត្រូវការពារ»។

តែយ៉ាងណា ជាទស្សនៈ លោកមើលឃើញថា ការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកឬដីរដ្ឋដោយខុសច្បា​ប់​បានពីសំណាក់មន្ត្រី ស្ដែងចេញពីការគប់គិតគ្នា ការរំលោភអំណាច អំពើពុករលួយ បក្ខពួកនិ​យម កម្សោយ​នៃការអនុវត្តច្បាប់ និងកង្វះធនធានមនុ​ស្ស​ប្រកបដោយសមត្ថភាពនិងឆន្ទៈក្នុងការពង្រឹងអភិបាលកិច្ចល្អ។

លោក ពិសី បង្ហាញការព្រួយបារម្ភថា បើបញ្ហានេះមិនត្រូវបានកែលម្អទាន់ពេលទេ វានឹងបង្កផលប៉ះពា​ល់​​ធ្ងន់ធ្ងរដល់អ្នកវិនិយោគ និងហានិភ័យសង្គម ។

លោកថា៖ «បញ្ហានេះធំណាស់ គឺប៉ះពាល់ដល់កិត្តិនាមកម្ពុជា ចំពោះការវិនិយោគ ព្រោះអីប្រសិនប្រ​ទេសយើងមានការអនុវត្តច្បាប់នៅខ្សោយ ក្រុមហ៊ុនគេពិបាកដាក់ទុនណាស់។ ក្រុមហ៊ុនបរទេសគេមិ​ន​ហ៊ា​នដាក់ទុន ហើយក្រុមហ៊ុនក្នុងស្រុក អ្នកដែល​ចង់ចូលរួមអភិវឌ្ឍន៍ជាតិហ្នឹងខ្សោយ វាអត់មានស្ថិរភាពទេ​ ហើយវាបង្កបញ្ហាសង្គមច្រើន ធ្វើឱ្យពលរដ្ឋខឹងការដឹកនាំបែប​ហ្នឹង ​អាច​មាន​រយៈពេល​ខ្លី»។

ប្រហាក់ប្រហែលគ្នានេះដែរ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក​បណ្ឌិត មាស នី ចាត់ទុកការប្រកាស​ប្រើវិធានការក្ដៅរបស់រដ្ឋាភិបាលពេលនេះ ជាសញ្ញាវិជ្ជមាន​មួយ ខណៈការបំផ្លាញធនធានធម្មជាតិនៅកម្ពុ​ជា រួមទាំងនៅជុំវិញបឹងទន្លេសាបនេះ វាបានកើតឡើងយូរណាស់មកហើយ។

តែយ៉ាងណា លោកនៅតែមានមន្ទិលថា បទបញ្ជាថ្មីទៀតនេះអាចគ្មានប្រសិទ្ធភាពដូចវិធានការទប់ស្កាត់បទល្មើ​​​សព្រៃឈើ ការជួលដីនៅតាមព្រំដែនដែរ ដោយសារការចុះអនុវត្ត​បានតែមួយរយៈពេលខ្លី មន្ត្រីមាន​អំ​ណាច​ដែល​ពាក់ព័ន្ធ​មិ​នត្រូវ​វែក​មុខ ពេលនោះ​បទ​ល្មើស​ថ្មីនឹង​បន្ត​កើត​ឡើង។

លោកថា៖ «អ្វីដែលខ្ញុំចង់ឃើញ បើកាលណាមានបទបញ្ជាហើយ ត្រូវមានការតាមដានទៀត ក្រោយមកត្រូវមានការ​​វាយតម្លៃទៀត។ បើមិនអ៊ីចឹងទេ វាស្មើនឹងបោះទឹកកកមួយដុំ​ទៅក្នុងទឹកទន្លេ បើកាលណាវារលាយទៅ វាទៅ​ជាទឹកដដែល វាអត់អាចជាទឹកកកមួយទន្លេបាន»។

អតីតតំណាងរាស្ត្របក្សប្រឆាំង និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញថាបទល្មើសបំផ្លាញធនធានធម្មជាតិនៅជុំវិញបឹងទន្លេសាបបានកើតឡើងច្រើនឆ្នាំមកហើយ ប៉ុន្តែលោកថាហាក់មិនឃើញរដ្ឋាភិបាលបង្ហាញវិធានការក្ដៅដូចពេលនេះទេ ដែលធ្វើឱ្យព្រៃលិចទឹកទាំងនោះក្លាយជាដី​កសិកម្ម​របស់​មនុស្ស​ខិល​ខូច។

អ្នកនយោបាយរូបនេះមើលឃើញថា ការ​មិន​មាន​វិធាន​ក្ដៅកន្លង​ទៅ​ពីសំណាក់បក្សកាន់អំណាច អាចជាចេ​តនានយោបាយ ខ្លាចបាត់អ្នកគាំទ្រពីមន្ត្រីរបស់ខ្លួន ហើយថាសារព្រមានចាត់វិធានការពេលនេះ អា​​ចមកពីអស់គណបក្សប្រឆាំងក្នុងការប្រកួតប្រជែង ស្របគ្នានឹងការបោះឆ្នោតឃុំ-សង្កាត់ជិតមកដល់។

មួយវិញទៀត លោកគិតថា វិធានការទប់ស្កាត់បទល្មើសធនធាន​ធម្ម​ជាតិនឹង​មិន​ជោគ​ជ័យ​ទេ បើប្រព័ន្ធដឹកនាំ​រដ្ឋមួយមិនបានប្រគល់អំណាចពេញលេញទៅឱ្យមន្ត្រីថ្នាក់ក្រោមជាតិនោះ។

លោកថា៖ «អំណាច​ត្រូវតែប្រគល់តួនាទី ប្រគល់អំណាចជាក់លាក់ទៅដល់មូលដ្ឋាន​ ទៅដល់ស្ថាប័នមានសមត្ថកិច្ចមួយៗ​ហ្នឹង ច្បាស់​លាស់​ទៅ ​​អាចអនុវត្តបានទៅ ហើយឈប់យកអំណាចនយោបាយ អំ​ណា​ចថ្នាក់ដឹកនាំទៅជ្រៀតជ្រែកនឹងស្ថាប័ន»។

តែយ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន ​គិតថា ជាការសម្រេចល្អ​មួយក្នុងការទប់ស្កាត់ធនធានធម្មជាតិដែលនៅសេស​សល់ បើមន្ត្រីចុះអនុវត្តច្បាប់នោះហ៊ានវះកាត់មន្ត្រីខិលខូចពិតប្រាកដមែន ហើយមិនពុករលួយ។

ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក​បណ្ឌិត មាស នី មើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយ​នេះ បញ្ហាសង្គម​បានកើតឡើងចម្រុះរឿង ទាំងបញ្ហានយោបាយ ការធ្លាក់ចុះស្ថានភាព​សិទ្ធិ​មនុស្ស​ ជម្លោះ​ដីធ្លី ការកាប់បំផ្លាញព្រៃឈើ រួមទាំងបញ្ហាជុំវិញបឹងទន្លេសាប ជាដើម។

លោកយល់ថា វិធានការពេលនេះ វាគួរដល់ពេលបង្ហាញឆន្ទៈពិតប្រាកដក្នុងការវះកាត់មន្ត្រីខិល​ខូច ដើម្បីជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ និងការពារប្រយោជន៍សង្គមជាតិ។

លោកថា៖ «ជាយោបស់ខ្ញុំ ខ្ញុំតែគាំទ្រវិធានការក្ដៅរបស់ប្រមុខរដ្ឋាភិបាល ក៏ប៉ុន្តែវិធានការហ្នឹងសុំចាត់ទៅ​ហើយ[ឱ្យ]​​វាមានប្រសិទ្ធភាព ហើយវាមាននិរន្តរភាព។ កុំឱ្យវាមានតែមួយប្រាវហើយវាបាត់ទៅវិញ ហើ​យ​បើ​មានតែមួយប្រាវបាត់ទៅវិញ មានន័យថា អាជ្ញាធរនៅថ្នាក់ក្រោមហ្នឹង ទី១ អាចគាត់មិនធ្វើ ទី២ អា​ចធ្វើឱ្យតែរួចខ្លួន ហើយទី៣ ដោយសារតែគាត់មានការពាក់ព័ន្ធដែរ។ អ៊ីចឹងគាត់មិនសូវអើពើក្នុងការអនុវត្ត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ