រដ្ឋាភិបាលកម្ពុជាកាលពីយប់មិញនេះ បានចេញសេចក្ដីសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០នៅទ្វីបអាហ្រ្វិក ឬអ្នកមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ ក្នុងអំឡុងពេល៣សប្ដាហ៍មុនពេលធ្វើដំណើរចូលប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា បានលើកឡើងថា ការហាមឃាត់នេះ គឺរាប់ទាំងអ្នកធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ-១៩ ប្រភេទ អូមីក្រុង (Omicron)។ ការហាមឃាត់នេះនឹងត្រូវចាប់អនុវត្តក្រោយពី៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ រហូតដល់មានការជូនដំណឹងជាថ្មី។
ប្រទេសទាំង១០នោះ រួមមាន ប្រទេស Botswana, Eswatini, Lesotho, Mozambigue, Namibia, South Africa, Zimbabwe, Malawi, Angola និងប្រទេស Zambia ជាដើម។
កាលពីថ្ងៃសៅរ៍មុន ក្រសួងសុខាភិបាលបានអំពាវនាវនិងក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរឱ្យមានការប្រុងប្រយ័ត្ននិងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី (B.1.1.529) ដែលក្រុមបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកបានកំណត់ឈ្មោះថ្មីនៃវីរុសនេះថា «អូមីក្រុង (Omicron)»។
វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រង់ (Omicron) ដែលមានសមត្ថភាពចម្លងខ្លាំងជាងវីរុសកូវីដ-១៩ប្រភេទ Delta ត្រូវបានរកឃើញដំបូងគេ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១៕